ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងប្រឆាំងនឹងការប្រើអំពើហិង្សាពីកម្លាំងប៉ូលិស ក៏ដូចជាការហាមប្រាមថតវីដេអូនិងរូបភាពកម្លាំងប៉ូលិសកំពុងបំពេញភារកិច្ច។
តាមសារព័ត៌មានRTបានផ្សាយថា បាតុកម្មផ្ទុះឡើងនៅទីក្រុងចំនួន៧០ ទូទាំងប្រទេសនៅថ្ងៃទី២៨ខែវិច្ឆិកា។ មេដឹកនាំបាតុកម្មបានប្រកាសថាមានពលរដ្ឋចូលរួមដល់ទៅ៥សែននាក់។ ចំណែករដ្ឋាភិបាលបារាំងបញ្ជាក់ថា មានពលរដ្ឋចូលរួមធ្វើបាតុកម្មប្រមាណ១៥០ពាន់នាក់ប៉ុណ្ណោះ។
ពេលដំបូងបាតុកម្មធ្វើឡើងក្នុងសន្តិភាព ប៉ុន្តែក្រោយមកក៏មានអំពើហិង្សាកើតឡើង នៅក្នុងទីក្រុង Rennes, Lille, Bordeaux និង Lyon។ ចំណែករដ្ឋធានីប៉ារីសគឺជាទីកន្លែងដែលមានហិង្សាខ្លាំងជាងគេបំផុត បង្ខំឲ្យប៉ូលិសត្រូវប្រើរថយន្តបាញ់ទឹក គ្រាប់បែកផ្សេងដើម្បីបំបែកក្រុមបាតុករ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គមបង្ហាញឲ្យឃើញថា ក្រុមបាតុករជ្រុលនិយមបានវាយប្រហារកម្ទេចទ្វារកញ្ជក់ហាងលក់ទំនិង និងបំផ្លាញរថយន្តរបស់ប៉ូលិសទៀតផង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោកGerald Darmanin បានប្រកាសឲ្យដឹងថា នៅក្នុងអំពើហិង្សានោះ កម្លាំងប៉ូលិស៣៧នាក់រងរបួស។ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំ អាចបង្កឲ្យមានអ្នកឆ្លងកូវីដ-១៩កាន់តែច្រើនក្នុងប្រទេសបារាំង។ បច្ចុប្បន្នបារាំងមានចំនួនអ្នកឆ្លងសរុបជាង ២,២លាននាក់ និងស្លាប់ជាង៥២ពាន់នាក់៕