បាតុកម្មក្លាយជាហិង្សានៅបារាំង​ ប្រឆាំងការថតរូបប៉ូលិស​កំពុងបំពេញភារកិច្ច

ចែករំលែក៖

ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំង​ប្រឆាំងនឹងការប្រើអំពើហិង្សាពីកម្លាំងប៉ូលិស ក៏ដូចជាការហាមប្រាមថតវីដេអូ​និងរូបភាព​កម្លាំងប៉ូលិសកំពុងបំពេញភារកិច្ច។
តាមសារព័ត៌មាន​​RTបានផ្សាយថា​ បាតុកម្មផ្ទុះឡើង​នៅទីក្រុងចំនួន​៧០ ទូទាំងប្រទេសនៅថ្ងៃទី​២៨ខែវិច្ឆិកា​។ មេដឹកនាំបាតុកម្មបានប្រកាសថា​មានពលរដ្ឋចូលរួមដល់ទៅ​៥សែននាក់​។​ ចំណែករដ្ឋាភិបាលបារាំងបញ្ជាក់ថា មានពលរដ្ឋចូលរួមធ្វើបាតុកម្មប្រមាណ​១៥០ពាន់នាក់ប៉ុណ្ណោះ។
​ពេលដំបូងបាតុកម្មធ្វើឡើងក្នុងសន្តិភាព​ ប៉ុន្តែក្រោយមក​ក៏មានអំពើហិង្សាកើតឡើង​ នៅក្នុងទីក្រុង Rennes, Lille, Bordeaux និង Lyon។ ចំណែករដ្ឋធានីប៉ារីស​គឺជាទីកន្លែងដែលមានហិង្សាខ្លាំងជាងគេបំផុត បង្ខំឲ្យប៉ូលិសត្រូវប្រើរថយន្តបាញ់ទឹក គ្រាប់បែកផ្សេងដើម្បីបំបែកក្រុមបាតុករ។
រូបភាពដែលបានបង្ហោះលើបណ្តាញសង្គម​បង្ហាញឲ្យឃើញថា ក្រុមបាតុករជ្រុលនិយម​បានវាយប្រហារកម្ទេចទ្វារកញ្ជក់ហាងលក់ទំនិង និងបំផ្លាញរថយន្តរបស់ប៉ូលិសទៀតផង។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង​លោក​​Gerald Darmanin បានប្រកាសឲ្យដឹងថា នៅក្នុងអំពើហិង្សានោះ​ កម្លាំងប៉ូលិស៣៧នាក់​រងរបួស​​។​ ការប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាទ្រង់ទ្រាយធំ អាចបង្កឲ្យមានអ្នកឆ្លងកូវីដ​-១៩​កាន់តែច្រើន​ក្នុងប្រទេសបារាំង​។ បច្ចុប្បន្នបារាំងមានចំនួនអ្នកឆ្លងសរុប​ជាង ២,២លាននាក់ និងស្លាប់ជាង​៥២ពាន់នាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print