ប៉ូលិសទីក្រុងឡុងដុង ប្រទេសអង់គ្លេសបានប្រកាសឲ្យដឹងនៅថ្ងៃទី ២៩ខែវិច្ឆិកាថា មានបាតុករ១៥០ នាក់ត្រូវបានចាប់ខ្លួនក្រោយពេលចូលរួមធ្វើបាតុកម្មប្រឆាំងការរិឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩។
រដ្ឋាភិបាលអង់គ្លេសបានអនុម័តច្បាប់ហាមប្រាមប្រមូលផ្តុំគ្នាចាប់តាំងពីថ្ងៃទី៥ខែវិច្ឆិកា ក្រោយពេលមានអ្នកឆ្លងជាង២៥០០០នាក់ក្នុងមួយថ្ងៃ។ នៅថ្ងៃទី២៥ខែវិច្ឆិកាច្បាប់ហាមប្រាមនោះបានបញ្ចប់ ហើយរដ្ឋាភិបាលក៏បានបន្តអនុម័តច្បាប់រឹតត្បិតបន្ថែមទៀត ខណៈ អ្នកឆ្លងបន្តកើនឡើងខ្ពស់ដដែល។
កម្លាំងប៉ូលិសទីក្រុងឡុងដុងបានឲ្យដឹងថា «កម្លាំងប៉ូលិសបានចាប់ខ្លួនមនុស្ស១៥៥នាក់ដែលចូលរួមធ្វើបាតុកម្មខុសច្បាប់កាលពីថ្ងៃទី២៨ខែវិច្ឆិកា ។ អ្នកដែលបានចាប់ខ្លួន រងការចោទប្រកាន់ពីបទបំពានច្បាប់ទប់ស្កាត់ការឆ្លងកូវីដ-១៩ និងវាយប្រហារទៅលើកម្លាំងប៉ូលិសកំពុងអនុវត្តច្បាប់។
កន្លងមក ប៉ូលិសទីក្រុងឡុងដុងក៏បានចាប់ខ្លួនមនុស្ស៦០នាក់ ពាក់ព័ន្ធនឹងការធ្វើបាតុកម្មខុសច្បាប់ដែរ។ ពលរដ្ឋរាប់រយនាក់នាំគ្នាប្រមូលផ្តុំនៅទីក្រុងឡុងដុងដើម្បីប្រឆាំងច្បាប់រឹតត្បិត ហើយក៏មានប៉ះទង្គិចជាមួយកម្លាំងប៉ូលិសផងដែរ។
គិតមកដល់វេលាម៉ោង១៣ ថ្ងៃទី២៩ខែវិច្ឆិកា តាមគេហទំព័រ Worldometer អង់គ្លេសមានចំនួនអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ទៅជាង ១,៦លាននាក់ ស្លាប់ជាង៥៨ពាន់នាក់ ។ ជាមួយគ្នានេះរដ្ឋាភិបាលអនុម័តឲ្យចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅដើមខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ៕