បាតុកម្មជាទ្រង់ទ្រាយធំនៅបារំាង ក្រោយពេលបុរសជនជាតិស្បែកខ្មៅម្នាក់ត្រូវកម្លាំងប៉ូលិសវាយប្រហារ។ បាតុកម្មក្លាយទៅជាហិង្សា បណ្តាលឲ្យប៉ូលិសបារាំងដល់ទៅ៩៨នាក់រងរបួស។
សារព័ត៌មាន Sputnik បានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោកGerald Darmanin បានឲ្យដឹងថា មានប៉ូលិសជិត១០០នាក់រងរបួសក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករហិង្សា កាលពីថ្ងៃទី២៩ខែវិច្ឆិកា។
ពលរដ្ឋបារាំងបាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងចំនួន៧០ទូទាំងប្រទេស ដោយមានចំនួនពលរដ្ឋចូលរួមធ្វើបាតុកម្មកាន់តែច្រើនឡើង។ ការធ្វើបាតុកម្មគឺកើតមានក្រោយពេលបុរសជនជាតិស្បែកខ្មៅត្រូវប៉ូលិសវាយប្រហារ ហើយត្រូវបានគេថតបានបង្ហោះលើបណ្តាញសង្គម ។ជាមួយគ្នានេះក្រុមបាតុករប្រឆាំងនិឹងច្បាប់សន្តិសុខថ្មី ដោយក្នុងនោះហាមប្រាមថតសកម្មភាពរបស់ប៉ូលិសពេលបំពេញភារកិច្ច។
ក្រុមបាតុករបង្កហិង្សាបានគប់គ្រាប់បែកសាំង ដុតបំផ្លាញរថយន្តប៉ូលិស គប់ដុំថ្ម បាញ់ កាំជ្រួចភ្ញីភ្លើងទៅលើកម្លាំងប៉ូលិស នៅទីក្រុងប៉ារីស ក្រោយពេលប៉ូលិសប្រើគ្រាប់បែកផ្សែងបំបែកហ្វូងបាតុករ។
ចំណែកកម្លាំងប៉ូលិសក៏បានចាប់ខ្លួនបាតុករជាច្រើនរូប
ដែលបង្កហិង្សាទៅលើកម្លាំងប៉ូលិសដែរ។
សារព័ត៌មានSouth China Morning Post (SCMP) បានដកស្រង់សម្តីរដ្ឋអាជ្ញាទីក្រុងបារីសលោកRemy Heitz ដែលបញ្ជាក់ថា ប៉ូលិសដែលវាយប្រហារទៅលើជនជាតិស្បែកខ្មៅអាចប្រឈមនឹងបទល្មើសប្រើហិង្សានិងការរើសអើងជាតិសាសន៍៕