រឿងព្រេងខ្មែរ÷ រឿង​ អន្ដរាយរិទ្ធិនៃអស្សតរ

ចែករំលែក៖

លោក​អ្នក​ដែល​បាន​ឮ​ឬ​ទេ? ចាស់​ៗ​តែង​និយាយ​ត​ៗ​គ្នា​មក​ថា «សត្វ​អស្សតរ គឺ​សេះ ពី​ដើម​មក​ជា​សត្វ​វិសេស ចេះ​ហោះ​ហើរ​ដើរ​លើ​អាកាស​បាន តែ​ត​មក​ខាង​ក្រោយ ក៏​ត្រូវ​គេ​កាត់​សរសៃ​ហោះ​ចោល​ទៅ» ដូច​មាន​ស្នាម​នៅ​ជើង​អស្សតរ​ជា​ភស្តុតាង​ស្រាប់ តែ​ពុំ​ដឹង​ជា​អ្នក​ឯ​ណា​កាត់​ ហើយ​កាត់​នោះ តើ​ដោយ​ហេតុ​អ្វី ពុំ​មាន​ចែង​ច្បាស់ ។

លោក​អ្នក ដែល​បាន​ឃើញ​ឬ​ទេ ? សត្វ​អស្សតរ កាន់​ចរិត​មួយ​យ៉ាង​ជាប់​ជា​និច្ច គឺ​ថា សត្វ​ពពួក​នេះ​តែ​ជួប​គ្នា​វេលា​ណា តែង​ចូល​ទៅ​ហិត​មាត់​គ្នា​ជា​ដរាប ដែល​វា​ប្រព្រឹត្ត​ដូច្នេះ ដោយ​មាន​ហេតុ​រឿង​ដើម​ដូចម្ដេច ? ។ ចាស់​ៗ​បាន​ដំណាល​មក​ថា :

ក្នុង​សម័យ​បឋម​កល្ប​នោះ សត្វ​អស្សតរ​ទាំង​ឡាយ ចេះ​ហោះ​ច្រៀង​ច្រែ​លើ​អា​កាស ឥត​ទើស​ទាល់​តែ​សត្វ​ទាំង​នោះ ពុំ​ទាន់​កើត​សម្បូណ៌​ដូច​សព្វ​ថ្ងៃ​នេះ​ទេ មាន​នៅ​តែ​ក្នុង​វត្ត ជា​យាន​ជំនិះ​របស់​អ្នក​បួស​ដែល​កាន់​ធម៌​សុចរិត សម្រាប់​ជិះ​ហោះ​ទៅ​យក​ចង្ហាន់ នៅ​ឧត្តរ​កុរុ​ទ្វីប​ម្ដង​ៗ​។

មាន​សម័យ​ថ្ងៃ​មួយ​នោះ ព្រះ​មហាក្សត្រ​ចាត់​អាមាត្យ​ដាំ​បាយ​មធុបាយាស​យក​ទៅ​ប្រគេន​លោក​អ្នក​បួស​ទាំង​នោះ ។ លោក​ក៏​ទទួល​ទុក ដើម្បី​ឆាន់​ដល់​ទៅ​ពេល​ថ្ងៃ​ត្រង់​តែ​ម្ដង ហើយ​បាន​ទុក​ដាក់​យ៉ាង​ប្រយ័ត្ន គឺ​លោក​ដាក់​ក្នុង​សង្រែក ហើយ​ចង​ព្យួរ​ទុក​យ៉ាង​ខ្ពស់ ជិត​ដល់​ទៅ​ដំបូល​កុដិ រួច​លោក​នាំ​អ្នក​បួស​ជា​បរិស័ទ​ចូល​ទៅ​ស្មឹង​ស្មាធិ​នៅ​ក្នុង​វិហារ ដើម្បី​ថ្វាយ​ព្រះ​រាជ​កុសល ដល់​ព្រះ​មហាក្សត្រ​ដែល​ជា​ម្ចាស់​ទាន​ លុះ​ចប់​កិច្ច​ហើយ លោក​ក៏​នាំ​បរិស័ទ​មក​កាន់​កុដិ​វិញ ។ នៅ​ឱកាស​ដែល​លោក​ប្រជុំ​ស្មឹង​ស្មាធិ​នោះ សត្វ​អស្សតរ​ធុំ​ក្លិន​ក្រអូប​បាយ​មធុបាយាស ទ្រាំ​ពុំ​បាន​ក៏​ហោះ​ចូល​ទៅ​ក្នុង​កុដិ ហើយ​គយ​គន់​រក​ស្រង់​តាម​ក្លិន​ទៅ​ឃើញ​បាយ​មធុបាយាស​ព្យួរ​ទុក​លើ​សង្រែក ក៏​យក​មក​បរិភោគ​អស់​រលីង ឥត​សេសសល់ ហើយ​ហោះ​ចេញ​ទៅ​កាន់​ទី​កន្លែង​របស់​ខ្លួន​វិញ ។

លុះ​ដល់​ពេល​ថ្ងៃ​ត្រង់ លោក​ប្រជុំ​ពួក​អ្នក​បួស​ជា​បរិស័ទ ដើម្បី​ចែក​បាយ​មធុបាយាស​នោះ ព្រោះ​ជា​បាយ​ត្រកាល​ណាស់ មាន​តែ​ព្រះ​មហាក្សត្រ ទើប​មាន​សោយ ។ លុះ​លោក​អ្នក​បួស​មក​ប្រជុំ​ហើយ ក៏​បង្គាប់​ឲ្យ​សាមណេរ​មួយ​រូប​ឲ្យ​ឡើង​លើ​ធ្នឹម បង្ហូត​សង្រែក​ចុះ​មក ស្រាប់​តែ​សាមណេរ​នោះ​ស្រែក​ឡើង​ថា «ពុំ​ឃើញ​មាន​អ្វី​នៅ​ក្នុង​កញ្ជើ​លើ​សង្រែក» ថា​ហើយ ក៏​ស្រាយ​ខ្សែ​បង្ហូត​សង្រែក​នោះ​ចុះ​មក ។ លោក​គ្រូ​ចៅអធិការ​នឹក​ហួស​ចិត្ត​ណាស់ ក៏​លាន់​ព្រះ​ឱស្ឋ​ថា «យី​អើ ! ឯង​អត់​ចង្ហាន់​តាំង​ពី​ព្រឹក ថា​ទុក​ពោះ​ឲ្យ​ទំនេរ ដល់​ថ្ងៃ​ត្រង់​នឹង​ឆាន់​បាយ​មធុបាយាស​ឲ្យ​ពេញ​ទំហឹង​តែ​ម្ដង ព្រោះ​ក្នុង​មួយ​ជាតិ​កម្រ​បាន​បាយ​ត្រកាល​បែប​នេះ​ឆាន់​ណាស់ ឱ​កម្ម​អើយ ! ឥឡូវ​នឹង​ឲ្យ​ដណ្ដាំ​បាយ​ក៏​មិន​ទាន់ ព្រោះ​ថ្ងៃ​ជ្រេ​ពី​ត្រង់​ទៅ​ហើយ ណ្ហើយ ! អស់​លោក​និមន្ត​ទៅ​វិញ​ចុះ ចាំ​ស្អែក​សឹម​បិណ្ឌ​បាត​ឆាន់​ទៅ » ។ ពួក​អ្នក​បួស​និមន្ត​ចុះ​ពី​កុដិ​លោក​គ្រូ​ចៅអធិការ​អស់​ទៅ ។

រី​ឯ​លោក​គ្រូ​ចៅអធិការ នា​កាល​មាន​ហេតុ នាំ​ឲ្យ​មាន​វិតក្ក​ដូច្នេះ​ហើយ ក៏​លោក​និមន្ត​ចូល​ទៅ​ក្នុង​កុដិ សម្ងំ​ស្មឹង​ស្មាធិ ដំឡើង​មេឃច្ឆាយ​រមិល​មើល​ហេតុ​ភេទ​ទៅ​ឃើញ​ច្បាស់​ថា មាន​សត្វ​អស្សតរ​មួយ​ហោះ​ចូល​មក បរិភោគ​បាយ​មធុបាយាស​នោះ​អស់​ទៅ ទើប​លោក​ហៅ​ប្រជុំ​ពួក​អស្សតរ​ទាំង​ប៉ុន្មាន​មក​ពិសោធ ។ ក្នុង​ចំណោម​អស្សតរ​ទាំង​នោះ អស្សតរ​ជា​តួ​ចោរ ក៏​ចូល​មក​ប្រជុំ​ដែរ តែ​អស្សតរ​ទាំង​ប៉ុន្មាន​បាន​នាំ​គ្នា​បដិសេធ​ពាក្យ​ចោទ​ទាំង​អស់ ។ លោក​គ្រូ​ចៅអធិការ​ក៏​ជ្រាប​ច្បាស់​ថា តួ​អស្សតរ​ណា​ក៏​ចោរ​ដែរ តែ​មិន​មែន​បាន​ផ្ចាញ់​ផ្ចាល​ទេ ដោយ​លោក​ពិចារណា​ទៅ​យល់​ឃើញ​ថា «តួ​អស្សតរ ចំណេរ​ទៅ​មុខ បើ​នៅ​តែ​មាន​រឹទ្ធិ​ហោះ​ហើរ​លើ​អាកាស​បាន​ដូច្នេះ មុខ​ជា​នឹង​ធ្វើ​អន្តរាយ​ផ្សេង​ៗ ដល់​ពួក​មនុស្ស​ខ្លាំង​ណាស់» ទើប​លោក​មាន​ពុទ្ធដីកា​ថា «ចាប់​ដើម​ពី​ថ្ងៃ​នេះ​ត​ទៅ អញ​នឹង​បន្ថយ​រឹទ្ធិ​ឯង​រាល់​គ្នា​ឲ្យ​សម​នឹង​សភាព​របស់​ឯង ដែល​ល្មម​ទៅ​រួម​ជា​មួយ​នឹង​ពួក​មនុស្ស​លោក​បាន » ។

លុះ​លោក​បាន​ប្រាប់​ដូច្នេះ​ហើយ ទើប​លោក​យក​កាំបិត​កោ វះ​កាត់​សរសៃ​ហោះ​របស់​សត្វ​អស្សតរ​ទាំង​នោះ​ចេញ ហើយ​លោក​ប្រាប់​ថា «តាំង​ពី​ថ្ងៃ​នេះ​ត​រៀង​ទៅ ត្រូវ​ឯង​រាល់​គ្នា​ទៅ​ជា​សត្វ​បម្រើ​មនុស្ស​លោក ដើម្បី​ដោះ​ថ្លៃ​បាយ​មធុបាយាស ដែល​មនុស្ស​ទាំង​ឡាយ​គេ​ចិញ្ចឹម​អ្នក​បួស» ។ ចាប់​ដើម​ពី​នោះ​មក សត្វ​អស្សតរ​ទាំង​ឡាយ លែង​ចេះ​ហោះ​ហើរ​បាន​ទៀត ក៏​មាន​សេចក្ដី​តូច​ចិត្ត​ទោមនស្ស​នឹង​អស្សតរ ដែល​រក​មុខ​មិន​ឃើញ ក្នុង​កិច្ច​ប្រព្រឹត្ត​ចោរកម្ម​នោះ ទើប​នាំ​គ្នា​តាំង​ប្ដេជ្ញា​ថា «នឹង​ស៊ើប​រក​មុខ​ឲ្យ​ឃើញ​ប្រាកដ ហើយ​នឹង​ព្រួត​គ្នា​ធ្វើ​ទណ្ឌកម្ម​ឲ្យ​ធ្ងន់​ពេញ​កម្លាំង​តែ​ម្ដង » ។
ហេតុ​នេះ​ហើយ​ បាន​ជា​អស្សតរ​ទាំង​ឡាយ តែ​កាល​ណា​បាន​ជួប​គ្នា វា​តែង​ហិត​គ្នា​ទៅ​វិញ​ទៅ​មក លុះ​ហិត​បាន​ក្លិន​ទៅ​វិញ​ទៅ​មក​ឃើញ​ដូច​ជា​ក្លិន​បាយ​មធុបាយាស ក៏​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ស្រែក​ប្រកែក​ដោយ​សំឡេង​យ៉ាង​ខ្លាំង​ៗ​ថា « ទេ​ៗ »៕

(លួច​គេ​វា​គ្រាន់ តែគេទាន់វាក្រែល)

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរ

ដោយ÷ចៅតាជេត
(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print