អ្នកឯកទេសវិភាគរបស់អាមេរិកមួយរូបបានលើកឡើងថា មេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុនអាចនឹងចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩ ដែលចិនបានផ្គត់ផ្គង់ ទាំងនោះហើយបានជាកូរ៉េខាងជើងមិនមានករណីឆ្លងណាមួយនោះឡើយ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកឯកទេសវិភាគអាមេរិកកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ដែលបានបញ្ជាក់ថា ចិនបានផ្គត់ផ្គង់ឲ្យគ្រួសារលោកគីម ជុងអ៊ុន នូវប្រភេទវ៉ាក់សាំងដែលបានផលិតនិងសាកល្បងដោយជោគជ័យរបស់ក្រុមវិទ្យាសាស្ត្រចិន។
អគ្គនាយកមជ្ឈមណ្ឌលផលប្រយោជន៍ជាតិអាមេរិកលោកHarry Kazianis បានឲ្យដឹងថា គ្រួសារលោកគីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងទទួលបានការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពីប្រទេសចិន។
មកទល់ពេលនេះ មិនទាន់ដឹងថា ក្រុមហ៊ុនផលិតឱសថមួយណាផលិតវ៉ាក់សាំងប្រឆាំងកូវីដ-១៩បញ្ជូនទៅកាន់កូរ៉េខាងជើងនោះឡើយ ហើយមានប្រសិទ្ធភាពនិងសុវត្ថិភាពប៉ុនណានោះដែរ។
លោកHarry Kazianis បានបន្តទៀតថា «លោកគីម ជាមួយគ្រួសារ និងមន្ត្រីជាច្រើនបានចាក់វ៉ាក់សាំង រយៈពេល២ ទៅ៣សប្តាហ៍កន្លងមក»។ អ្នកវិទ្យាសាស្ត្រអាមេរិក លោកPeter J. Hotez បាននិយាយថា បច្ចុប្បន្នមានក្រុមហ៊ុនចិន ចំនួន៣កំពុងតែផលិតវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ហើយបានសាកល្បងដំណាក់កាលចុងក្រោយ ក្នុងនោះមានក្រុមហ៊ុនSinovac Biotech, CanSinoBio និង Sinophram Group៕
ដោយ៖ធី រីណា