មេដឹកនាំ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ​៥​នាក់ បាន​ចូលខ្លួន​ទៅ​ស្នងការ​ប៉ូលីស ដើម្បី​ស្តាប់​ពីបទ​ចោទ​លើ​ការប្រមាថ​មហាក្សត្រ​ថៃ

ចែករំលែក៖

អន្តរជាតិ៖ មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃនាក់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ បានចូលខ្លួនទៅស្នងការប៉ូលីសដើម្បីស្តាប់ពីបទចោទលើការប្រមាថមហាក្សត្រថៃ ដែលកើតឡើងនៅក្នុងការជួបជុំទ្រង់ទ្រាយធំមួយនៅទីលាន Sanam Luang កាលពីថ្ងៃទី១៩ និង២០ វិច្ឆិកា ហើយប្រសិនបើរកឃើញថាពួកគេមានទោសក្នុងការប្រមាថមហាក្សត្រមែន បុគ្គលទាំងនោះអាចត្រូវផ្តន្ទាទោសរហូតដល់ទៅ១៥ឆ្នាំ

មេដឹកនាំបាតុកម្មប្រឆាំងរដ្ឋាភិបាលថៃទាំង៥នាក់ខាងលើនេះរួមមាន៖ លោក Arnon Nampha ,លោក Parit Chiwarak ,កញ្ញា​Panusaya Sithijirawattanakul ,លោក​Panupong Chadnok និងលោក Patiwat Saraiyaem បានចូលខ្លួនទៅស្នងការដ្ឋានប៉ូលីសក្នុងទីក្រុងបាងកកដើម្បីស្តាប់ពីបទចោទប្រឆាំងនឹងពួកគេ ពួកគេ ត្រូវបានអមដំណើរដោយមេធាវីនាក់ផងដែរ

បើតាមការបញ្ជាក់ពីមេដឹកនាំបាតុកម្ម និងទាមទារឲ្យមានកំណែទម្រង់របបរាជានិយម លោក​Arnon Nampha បាននិយាយថាលោកមិនបារម្ភនឹងបទចោទនេះទេ និងបានត្រៀមខ្លួនតទល់ក្នុងតុលាការរួចហើយ បន្ថែមពីនេះលោក​Arnon អះអាងបន្តថា« ឥឡូវនេះ គឺជាពេលដែលមនុស្សគ្រប់រូប គួរនិយាយដោយត្រង់ពីស្ថានប័នមហាក្សត្រ និងបើទោះបីអ្វីដែលត្រូវបាននិយាយគ្មានអ្នកស្តាប់ និងត្រូវអាជ្ញាធរប្រើប្រាស់ច្បាប់មកបំបិទមាត់ក្តី​»​ លោកអះអាងថាបាតុកម្ម នឹងមានសន្ទុះកាន់តែខ្លាំងឡើងក្នុងឆ្នាំ២០២១

បើយោងតាមកាសែតថៃ Bangkok Post​ បានចុះផ្សាយថាលោក Parit Chiwarak បានអះអាងថា បទចោទស្តីពីការប្រមាថមហាក្សត្រនេះនឹងនាំឲ្យមនុស្សជាច្រើនទៀតចូលរួមបាតុកម្ម ព្រោះករណីនេះបង្ហាញពីភាពអយុត្តិធម៌ក្នុងសង្គមថៃ កញ្ញា Panusaya វិញបន្តថា សំណើរបស់ចលនាប្រជាជន គឺការធ្វើកំណែទម្រង់របបរាជានិយមពិតប្រាកដមួយ មិនមែនលុបបំបាត់របបនេះឡើយ ចំណែកឯកញ្ញា Panusaya ក៏បានអះអាងថា ចលនាបាតុកម្មនឹងមិនរាថយឡើយ

សូមជម្រាបថា មាត្រា១១២ ក្នុងក្រមព្រហ្មទណ្ឌថៃ ចែងពីការការពារព្រះមហាក្សត្រ នឹងផ្តន្ទាទោសជាប្រាក់ និង ជាប់ន្ធាគាររហូតដល់១៥ឆ្នាំលើបុគ្គលរូបណាដែលធ្វើសកម្មភាពប៉ះពាល់ដល់មហាក្សត្រ ក៏ដូចជាក្រុមគ្រួសាររាជវង្ស មាត្រានេះ ក៏ត្រូវបានកែប្រែសម្រាប់អនុវត្តនៅពេលបាតុកម្មផងដែរ

ដោយឡែកទាក់ទិននឹងបញ្ហានេះត្តសេនីយ៍ Piya Tawichai ស្នងការរងប៉ូលីសទីក្រុងបាងកកបានបញ្ជាក់ថាដោយសារតែមេដឹកនាំបាតុកម្មចូលខ្លួនមកឆ្លើយតបចំពោះបទចោទតាមបញ្ជារបស់ប៉ូលីស ពួកគេត្រូវបានដោះលែងដោយគ្មានលក្ខខណ្ឌ ប៉ុន្តែទោះជាយ៉ាងក៏ដោយ បុគ្គលរូបខាងលើ និងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលផ្សេងទៀត ដែលធ្វើបាតុកម្មនៅមុខបន្ទាយយោធាកាលពីថ្ងៃទី២៩ វិច្ឆិកា អាចនឹងត្រូវចោទប្រកាន់បន្ថែមទៀតពីការបំពានច្បាប់ស្តីពីការជួបជុំសាធារណៈ ដូចជាការកម្ទេចទ្រព្យសម្បត្តិសាធារណៈ ឡានប៉ូលីស និងរបងសួនដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាលាក្រុង

ត្តសេនីយ៍រូបនេះបានបន្ថែម​​ថា ប៉ូលីសអាចនឹងពិនិត្យអត្ថន័យនៃពាក្យសម្តី ដែលបាននិយាយអំឡុងពេលបាតុកម្មដើម្បីកំណត់ថា បាតុករបានបំពានច្បាប់អ្វីខ្លះ

គួរបញ្ជាក់ថា ជុំវិញបញ្ហាខាងលើនេះលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ ធ្លាប់បានអះអាងថា រដ្ឋាភិបាល នឹងប្រើគ្រប់ច្បាប់ទាំងអស់ដើម្បីគ្រប់គ្រងបាតុករ ចាប់តាំងតែពីមានបាតុកម្មក្នុងខែកក្កដាមក នេះជាលើកទីហើយដែលមេដឹកនាំបាតុកម្មរងបទចោទពីការប្រមាថមហាក្សត្រ លើសពីនេះ ច្បាប់នេះ មិនត្រូវបានរដ្ឋាភិបាលថៃយកមកប្រើប្រាស់ចាប់តាំងពីខែមីនា ឆ្នាំ២០១៨ យោងតាមសំណើរបស់មហាក្សត្រ មហា ជិរាលង្ករណ៍៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print