ខេត្តពោធិសាត់៖ ស្វែងយល់អំពីតម្រូវការចាំបាច់ឧបករណ៍ព្រោះគ្រាប់ស្រូវ ដើម្បីជំរុញល្បឿននៃការស្តារផលិតកម្ម ដំណាំស្រូវឡើងវិញក្រោយពេលជំនន់ទឹកភ្លៀងត្រូវបានស្រកចុះនៅតាមបណ្តាខេត្តដែលទទួល រងគ្រោះ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាមរយ:លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួយឧបត្ថម្ភឧបករណ៍ព្រោះគ្រាប់ស្រូវដែលជាផលិតផលក្នុងស្រុកចំនួន ១៥០គ្រឿងបន្ថែមទៀតដើម្បីយកទៅចែកជូនសហគមន៍កសិកម្មសម្រាប់បម្រើឲ្យសកម្មភាពស្តារផលិតកម្មដំណាំស្រូវ។
ជាបន្តបន្ទាប់ឧបករណ៍នេះត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តដំណាងឲ្យលោករដ្ឋមន្រ្តី បានយកទៅចែកជួនសហគមន៍កសិកម្ម ជាក់ស្តែងកាលពីថ្ងៃសុក្រ៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តពោធិ៍សាត់ បាននាំយកឧបករណ៍នេះចំនួន ៤៨គ្រឿង មកជូនសហគមន៍កសិកម្មនៅទូទាំងខេត្តពោធិ៍សាត់សរុបចំនួន ៤៨ សហគមន៍មាន៖ សហគន៍កសិកម្មមកពីស្រុកកណ្តៀងចំនួន ១០ ក្រុងពោធិ៍សាត់ចំនួន ៣ ស្រុកក្រគរចំនួន ១៤ ស្រុកបាកានចំនួន ១៤ ស្រុកតាលោសែនជ័យចំនួន ៤ និងស្រុកភ្នំក្រវាញ ៣ ដោយសហគមន៍នីមួយៗទទួលបាន ០១គ្រឿង។ ទទួលបានឧបករណ៍ មន្ទីរក៏បានធ្វើការបង្ហាញ និងណែនាំអំពីបច្ចេកទេសប្រើផងដែរ និងជាពិសេសបានបញ្ជាក់ជូនថាឧបករណ៍នេះជាកម្មសិទ្ធិរបស់សហគមន៍ មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ហេតុនេះត្រូវចែករំលែកគ្នាប្រើ និងចូលរួមថែរក្សាឲ្យបានគង់វង្សយូអង្វែង។
ប្រជាកសិករតំណាងឲ្យ ៤៨សហគមន៍ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជួនចំពោះសម្តេចតេជោ ដែលបានជួយឧបត្ថម្ភពូជស្រូវ និងឧបករណ៍ព្រោះស្រូវដល់ប្រជាកសិករដែលរងគ្រោះទឹកជំនន់ដើម្បីទៅស្តារផលិតកម្មដំណាំស្រូវឡើងវិញឲ្យបានទាន់ពេលវេលា។ សណ្តានចិត្តដ៏ប្រពៃថ្លៃថ្លានេះ ប្រជាសហគមន៍នឹងគោរព ចងចាំ អរគុណ និងចូលរួមថែរក្សាសន្តិភាពឲ្យ ឋិតថេរចីកាលតរៀងទៅ និងតាំងចិត្តថានឹងខិតខំស្តារផលិតកម្មដំណាំស្រូវឡើងវិញដើម្បីធានាឲ្យបាននូវសន្តិសុខស្បៀង៕
ដោយ៖ សិលា