ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន នៅមុននេះបន្តិច នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ បានមានប្រសាសន៍ថា៖ ខ្ញុំសូមអនុញ្ញាតគោរពជម្រាបជូនបងប្អូនសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់នោះ ខ្ញុំសូមជម្រាបជូនដូចតទៅ ៖
ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម ដូចជា សំបោរ ឫស្លេសទឹកមាត់ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់ ហេីយមិនបានលាងដៃនឹងសាប៊ូ ឫអាល់កុល ឫទឹកជែលសម្រាប់លាងដៃ ភ្លាមៗទេនោះ រួចយកដៃនោះមកកាន់ក្រដាសប្រាក់ គឺវីរុសកូវីដ-១៩ នឹងតោងលេីក្រដាស់ប្រាក់ ហេីយក្រដាសប្រាក់នោះ បានហុចបន្តទៅបុគ្គលម្នាក់ទៀត នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់ វីរុសកូវីដ-១៩ នឹងតោងមកដៃបុគ្គលនោះ ហេីយបុគ្គលនោះ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ មកប៉ះច្រមុះ មាត់ ភ្នែក ជាដេីម ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត។ បន្ទាប់មក ក៏មានការចម្លងបន្តៗគ្នា ប្រសិនបេីមិនបាន លាងដៃ ពាក់ម៉ាស់ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ។
លោកស្រីបន្តថា៖ សង្ឃឹមថា វីដេអូ ៥ឃ្លីបដែលបានចេញផ្សយព្រឹកមុិញនេះ នឹងបានជួយដល់ការចូលរួមរបស់បងប្អូនប្រជាលរដ្ឋ ក្នុងការអនុវត្តន៌វិធានការសុខាភិបាល ដូចបានម្រាបជូនរួចហេីយនេះ បានត្រឹមត្រូវ និងបានគ្រប់ៗគ្នា ដេីម្បីបញ្ចៀសបាននូវការចម្លងក្នុងសហគមន៌ទ្រង់ទ្រាយធំ និងកាត់ផ្តាច់ខ្សែចម្លងបន្តគ្នា នៅក្នុងពេលបច្ចុប្បន្ននេះបានផងដែរ។ អរគុណច្រេីននូវរាល់ការចូលរួមទាំងអស់គ្នា៕
ដោយ៖ សុខ ខេមរា