អ្នកដំណើរ​ម្នា​ក់ ត្រូវអាជ្ញាធរសិង្ហបុរីរកឃើញ មាន​ផ្ទុក​កូ​វីដ​-១៩ នៅលើ​នាវាកម្សាន្ត Quantum of the Seas

ចែករំលែក៖

អន្តរជាតិ៖ ​បើតាមការអះអាងពីក្រុមហ៊ុន Royal Caribbean International នៅ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកដំណើរ​ម្នា​ក់ នៅលើ​នាវាកម្សាន្ត Quantum of the Seas ត្រូវបាន​រកឃើញថា មាន​ផ្ទុក​កូ​វីដ​-១៩ ។ ខណៈនាវា​កម្សាន្ត​មួយនេះ បាន​បក​ក្រោយ​ទៅ​សិង្ហ​បុរី​វិញ មុនពេល​កំណត់​។

ជាក់ស្តែងនៅក្នុង​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន Royal Caribbean International នៅ​ថ្ងៃទី​៩ ខែធ្នូនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«​ភ្ញៀវ​ម្នាក់ នៅលើ​នាវា Quantum of the Seas ត្រូវបាន​តេស្ត​វេជ្ជ​មាន​ដោយ​ក្រុមគ្រូពេទ្យ​លើ​នាវា​»​។ ក្រុមហ៊ុនមួយនេះ បាន​បន្ថែមថា អ្នកពាក់ព័ន្ធ​ផ្សេង​ដូចជា​ភ្ញៀវ​លើ​នាវា និង​បុគ្គលិក​បម្រើការ ត្រូវ​បានកំណត់​អត្តសញ្ញាណ ដាក់​ច​ត្តា​ឡី​ស័ក និង​ធ្វើតេស្ត ដោយមាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia បាននិយាយថា ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍​រប​ស់​ក្រុមហ៊ុន​ដដែល​នេះបាន​បញ្ជាក់ទៀតថា នាវា Quantum of the Seas បានសម្រេច​ត្រលប់​ទៅ​សិង្ហ​បុរី​វិញ ដោយ​គោរព​ទៅតាម​វិធាន​របស់​រដ្ឋាភិបាល​សិង្ហ​បុរីដែលមាន​ការត្រួតពិនិត្យ​យ៉ាង​ម៉ត់ចត់​លើ​សុខភាព​របស់​អ្នកដំណើរ​នៅក្នុង​នាវា ការរក្សា​អនាម័យ និង​បញ្ហា​ផ្សេងទៀត​ជាដើម​។ ពេលទៅដល់​សិង្ហ​បុរី អ្នកដំណើរ​ទាំងអស់ អាច​ចាក​ចេញពី​នាវា​បាន ក្រោយ​មានការ​ត្រួតពិនិត្យ​ពី​មន្ត្រី​សុខាភិបាល​។

សូមជម្រាបថា អ្នកដំណើរ​ម្នាក់ ត្រូវបាន​រាយការណ៍​ថា មាន​ផ្ទុក​កូ​វីដ​-១៩ នៅលើ​នាវា Quantum of the Seas ដែល​ត្រូវបាន​រដ្ឋាភិបាល​សិង្ហ​បុរី អនុញ្ញាត​ឲ្យ​បើក​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ តាំងពី​ខែវិច្ឆិកា​កន្លងទៅ​។ ក្នុងការ​ធ្វើដំណើរ​ដែល​គ្មាន​គោលដៅ និង​គ្មាន​ការចូល​ចត​នៅ​កំពង់ផែ​ណា​ទាំងអស់ រាល់​អ្នកដំណើរ ត្រូវ​ស្ថិតនៅក្រោម​វិធាន​ត្រួតពិនិត្យ​យ៉ាង​តឹង​រ៉ឺ​ង ដូចជា៖ ការពិនិត្យ​សុខភាព​ជាប្រចាំ ការរក្សា​អនាម័យនិង​ការរក្សា​គម្លាត​សុវត្ថិភាព​ជាដើម​។

សិង្ហ​បុរី បានអនុញ្ញាត​ឲ្យ​នាវា​ដឹក​អ្នកដំណើរ​ចំនួន​ពីរ​ខ្សែ​ប្រតិបត្តិការ​ជាថ្មី ចាប់ពី​ខែវិច្ឆិកា កន្លងមក​។ ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ផ្អាក​ប្រតិបត្តិការ​នាវា​ទេសចរណ៍​មួយរយៈ ដោយសារតែ​អ្នកដំណើរ​មួយចំនួន​លើ​នាវា ត្រូវបាន​រកឃើញថា​មាន​ផ្ទុក​កូ​វីដ​-១៩ ជា​បន្តបន្ទាប់​។ នាវា​នីមួយៗ អាច​ផ្ទុក​អ្នកដំណើរ​ត្រឹមតែ ៥០​ភាគរយ​នៃ​ចំនួន​មនុស្ស​សរុប​ប៉ុណ្ណោះ ដើម្បី​បង្ការ​ករណី​ឆ្លង​ទ្រង់ទ្រាយ​ធំ​។

​បើតាម​វិធាន​ណែនាំ​របស់​រដ្ឋាភិបាល​សិង្ហ​បុរី នាវា​ដែល​ធ្វើ​ប្រតិបត្តិការ​នេះ ត្រូវ​បំពាក់​ឧបករណ៍​ជំនួយ​ផ្លូវដង្ហើម ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ក្នុងការ​បន្សុទ្ធ​ខ្យល់​ជាដើម​។ ដោយឡែកគិត​មក​ត្រឹម​ថ្ងៃទី​៨ ខែធ្នូម្សិលមិញនេះ សិង្ហ​បុរី មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៥៨២៨៥​ករណី និង​អ្នក​ស្លាប់មាន​ចំនួន ២៩​នាក់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៥៨១៧៦​នាក់​៕ ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print