អន្តរជាតិ៖ បើតាមការអះអាងពីក្រុមហ៊ុន Royal Caribbean International នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា អ្នកដំណើរម្នាក់ នៅលើនាវាកម្សាន្ត Quantum of the Seas ត្រូវបានរកឃើញថា មានផ្ទុកកូវីដ-១៩ ។ ខណៈនាវាកម្សាន្តមួយនេះ បានបកក្រោយទៅសិង្ហបុរីវិញ មុនពេលកំណត់។
ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Royal Caribbean International នៅថ្ងៃទី៩ ខែធ្នូនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ភ្ញៀវម្នាក់ នៅលើនាវា Quantum of the Seas ត្រូវបានតេស្តវេជ្ជមានដោយក្រុមគ្រូពេទ្យលើនាវា»។ ក្រុមហ៊ុនមួយនេះ បានបន្ថែមថា អ្នកពាក់ព័ន្ធផ្សេងដូចជាភ្ញៀវលើនាវា និងបុគ្គលិកបម្រើការ ត្រូវបានកំណត់អត្តសញ្ញាណ ដាក់ចត្តាឡីស័ក និងធ្វើតេស្ត ដោយមានលទ្ធផលអវិជ្ជមានទាំងអស់។
បើតាមការចុះផ្សាយរបស់ទូរទស្សន៍ Channel News Asia បាននិយាយថា ជាក់ស្តែងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនដដែលនេះបានបញ្ជាក់ទៀតថា នាវា Quantum of the Seas បានសម្រេចត្រលប់ទៅសិង្ហបុរីវិញ ដោយគោរពទៅតាមវិធានរបស់រដ្ឋាភិបាលសិង្ហបុរីដែលមានការត្រួតពិនិត្យយ៉ាងម៉ត់ចត់លើសុខភាពរបស់អ្នកដំណើរនៅក្នុងនាវា ការរក្សាអនាម័យ និងបញ្ហាផ្សេងទៀតជាដើម។ ពេលទៅដល់សិង្ហបុរី អ្នកដំណើរទាំងអស់ អាចចាកចេញពីនាវាបាន ក្រោយមានការត្រួតពិនិត្យពីមន្ត្រីសុខាភិបាល។
សូមជម្រាបថា អ្នកដំណើរម្នាក់ ត្រូវបានរាយការណ៍ថា មានផ្ទុកកូវីដ-១៩ នៅលើនាវា Quantum of the Seas ដែលត្រូវបានរដ្ឋាភិបាលសិង្ហបុរី អនុញ្ញាតឲ្យបើកប្រតិបត្តិការរបស់ខ្លួនឡើងវិញ តាំងពីខែវិច្ឆិកាកន្លងទៅ។ ក្នុងការធ្វើដំណើរដែលគ្មានគោលដៅ និងគ្មានការចូលចតនៅកំពង់ផែណាទាំងអស់ រាល់អ្នកដំណើរ ត្រូវស្ថិតនៅក្រោមវិធានត្រួតពិនិត្យយ៉ាងតឹងរ៉ឺង ដូចជា៖ ការពិនិត្យសុខភាពជាប្រចាំ ការរក្សាអនាម័យនិងការរក្សាគម្លាតសុវត្ថិភាពជាដើម។
សិង្ហបុរី បានអនុញ្ញាតឲ្យនាវាដឹកអ្នកដំណើរចំនួនពីរខ្សែប្រតិបត្តិការជាថ្មី ចាប់ពីខែវិច្ឆិកា កន្លងមក។ ការអនុញ្ញាតនេះ ធ្វើឡើងបន្ទាប់ពីផ្អាកប្រតិបត្តិការនាវាទេសចរណ៍មួយរយៈ ដោយសារតែអ្នកដំណើរមួយចំនួនលើនាវា ត្រូវបានរកឃើញថាមានផ្ទុកកូវីដ-១៩ ជាបន្តបន្ទាប់។ នាវានីមួយៗ អាចផ្ទុកអ្នកដំណើរត្រឹមតែ ៥០ភាគរយនៃចំនួនមនុស្សសរុបប៉ុណ្ណោះ ដើម្បីបង្ការករណីឆ្លងទ្រង់ទ្រាយធំ។
បើតាមវិធានណែនាំរបស់រដ្ឋាភិបាលសិង្ហបុរី នាវាដែលធ្វើប្រតិបត្តិការនេះ ត្រូវបំពាក់ឧបករណ៍ជំនួយផ្លូវដង្ហើម ប្រព័ន្ធម៉ាស៊ីនត្រជាក់ក្នុងការបន្សុទ្ធខ្យល់ជាដើម។ ដោយឡែកគិតមកត្រឹមថ្ងៃទី៨ ខែធ្នូម្សិលមិញនេះ សិង្ហបុរី មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៥៨២៨៥ករណី និងអ្នកស្លាប់មានចំនួន ២៩នាក់។ ចំណែកអ្នកជាសះស្បើយមានចំនួន ៥៨១៧៦នាក់៕ ដោយ៖ស តារា