រដ្ឋមន្ត្រីការបរទេស អាមេរិក លោកMike Pompeo បានចោទប្រកាន់សកលវិទ្យាល័យ និងមហាវិទ្យាល័យនានានៅអាមេរិក បានទុកឲ្យចិន លួចបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ របស់ទីក្រុងវ៉ាស៊ីនតោន តាមរយៈការផ្តល់ជំនួយជាច្រើនពីទីក្រុងប៉េកាំង។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកMike Pompeo កាលពីថ្ងៃទី៩ខែធ្នូ បានបញ្ជាក់ថា«សាលារៀននៅអាមេរិក កាន់តែអាក្រក់ជាងនេះ ដោយសារតែទទួលប្រាក់ជំនួយពីចិន»។
រដ្ឋមន្ត្រីការបរទេសអាមេរិក បានបញ្ជាក់ទៀតថា ចិនកំពុងតែបំពុលវិស័យអប់រំនៅអាមេរិក។ ជាមួយគ្នានោះ លោកMike Pompeoបានស្នើឲ្យមានវិធានការទប់ស្កាត់និស្សិតមកពីចិន ។
តាមតួលេខរបស់ក្រសួងអប់រំអាមេរិក ដែលលោកMike Pompeoបានលើកឡើង គឺចាប់តាំងពីឆ្នាំ២០១៣មក បណ្តាសាលារៀននៅអាមេរិកទាំងមហាវិទ្យាល័យ ទទួលបានប្រាក់ជំនួយពីចិនដល់ទៅ១,៣ពាន់លានដុល្លារអាមេរិក។
ដើមឆ្នាំ ២០២០នេះ អាមេរិកបានស្នើរឲ្យបណ្តាសាលារៀននិងមហាវិទ្យាល័យ ផ្តល់របាយការណ៍ ពាក់ព័ន្ធក្រុមនិស្សិតចិន។ ទំនាក់ទំនងអាមេរិកនឹងចិន កាន់តែអាក្រក់ក្នុងរយៈពេលជិត៤ឆ្នាំកន្លងមក តាំងពីលោកត្រាំឡើងកាន់តំណែងប្រធានាធិបតីអាមេរិក។ ពិសេសគឺក្រោយពេល ការឆ្លងរាលដាលវីរុសកូវីដ-១៩នៅលើពិភពលោកកាន់តែខ្លាំង ក្នុងនោះនៅលើទឹកដីអាមេរិក៕
ដោយ៖ធី រីណា