កីឡាករJohn Higgins បានចាកចេញពីការប្រកួតស្នូកឃ័រកម្មវិធីScottish Open មុនគេបន្ទាប់ពីចាញ់ការប្រកួតជុំទី២ជាមួយកីឡាករថៃNoppon Saengkham ។
កីឡាករថៃដែលមានចំណាត់ថ្នាក់លេខ៤១នៅលើពិភពលោកបានយកឈ្នះក្នុងលទ្ធផល ៤-២ ខណៈដែល John Higgins ធ្វើមិនបានល្អក្នុងវគ្គចុងក្រោយ ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី១០ ធ្នូម្សិលមិញ។
ការធ្លាក់ចេញរបស់ Higgins បន្សល់ទុកតែកីឡាករ Eden Sharav ដែលជាកីឡាករស្កុតតែម្នាក់គត់ដែលនៅសល់ក្នុងការប្រកួតដែលត្រូវបានប្តូរទៅលេងនៅ Milton Keynes ។
ចំណែកម្ចាស់ការពារតំណែងជើងឯក លោក Mark Selby ក៏បានឆ្លងផុតវគ្គជម្រុះផងដែរ ដោយទទួលបានជ័យជម្នះ ៤-២ លើកីឡាករជើងចាស់ Nigel Bond ។ គាត់បានប្រាប់ Eurosport ថា “នៅពេលដែលខ្ញុំទទួលបានជ័យជម្នះ ខ្ញុំមានអារម្មណ៍ថាខ្ញុំអាចរកគ្រាប់បាល់ចូលឡូបាន ប៉ុន្តែការប្រកួតបានយូរបន្តិច។ ខ្ញុំប្រហែលជាធ្វើមិនបានល្អឥតខ្ចោះនោះទេ ប៉ុន្តែខ្ញុំនៅតែស្ថិតក្នុងការប្រកួតដើម្បីឡើងទៅកាន់វគ្គបន្ត”។
សូមបញ្ជាក់ថា កីឡាករស្នូកឃ័រល្បីល្បាញ Ronnie O’Sullivan បានទទួលជ័យជម្នះ ៤-១ លើ Bingyu Chang អាយុ១៨ឆ្នាំ អតីតម្ចាស់ជើងឯកពិភពលោក៦សម័យកាល។
រីឯ Judd Trump បានផ្តួល Mark King ៤-២ និង Kyren Wilson បានយកឈ្នះ Steven Hallworth ៤-១, Mark Allen ម្ចាស់ជើងឯកឆ្នាំ២០១៨ បានយកឈ្នះ Joe O’Connor ៤-២ ។ខណៈដែល Barry Hawkins និង Ding Junhui ឈ្នះ ៤-២ លើ Jamie Clarke និង Andy Hicks ៕ដោយ៖ភារៈ