ភ្នំពេញ៖សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណេីតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ។
សារលិខិតនោះមានខ្លឹមសារថា៖ « ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០នេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារព្រះបរមរាជវាំងទាំងអស់ ខ្ញុំបាទសូមចូលរួមអបអរសាទរ និងសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត។
ខ្ញុំបាទសូមគោរពសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានកាកបាទក្រហមកម្ពុជា ដើម្បីបម្រើបុព្វហេតុសុខុមាលភាពសង្គម វប្បធម៌ សិល្បៈ និងមនុស្សធម៌ប្រកបដោយសុច្ឆន្ទៈ មានមនសិការលះបង់កម្លាំងកាយ-ចិត្តគ្រប់ពេលវេលា ដើម្បីជាតិ និងប្រជាជនកម្ពុជាទាំងអស់។ សកម្មភាពនេះ ធ្វើឱ្យយើងខ្ញុំមានមោទនភាពក្នុងមជ្ឈដ្ឋានជាតិ-អន្តរជាតិ ជាពិសេសជនរងគ្រោះគ្រប់ប្រភេទ មានក្តីសង្ឃឹមជឿជាក់ រឹងប៉ឹង នឹងនក្នុងសតិអារម្មណ៍ និងនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបារមីទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។ »
ខាងក្រោមនេះ ជាសារលិខិតរបស់ សម្តេចចៅហ្វាវាំង ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖
ដោយ៖ សិលា