អាមេរិក ប្រើប្រាស់​ផ្កាយរណប​ក្នុងការ​កត់ត្រា​ទិន្ន័យ​ កម្ពស់​ទឹក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​របស់​ចិន តាមទន្លេមេគង្គ

ចែករំលែក៖

អន្តរជាតិ៖ តាំងតែ​ពី​ដើមឡើយ​សហរដ្ឋអាមេរិក បានអះអាងថា ទំ​បន់​វា​រី​អគ្គិសនី​របស់​ចិន​ប៉ះពាល់​បរិស្ថាន និង​លំហូរ​ទឹក​សម្រាប់​ប្រទេស​នៅ​ផ្នែក​ខាងក្រោម​។​ ស្រាតែនៅ​ថ្ងៃទី​១៣ ធ្នូថ្មីៗនេះ អាមេរិក បានដាក់​ចេញ​នូវ​គម្រោង​ដែល​ប្រើប្រាស់​ផ្កាយរណប​ក្នុងការ​កត់ត្រា និង​ចេញផ្សាយ​ទិន្ន័យ​ ស្តីពី​កម្ពស់​ទឹក​នៅក្នុង​ទំនប់​វា​រី​អគ្គិសនី​ទាំងអស់​របស់​ចិន​។ ចំពោះការបញ្ចេញ​គម្រោង​ថ្មី​នេះ អាច​នឹង​ឈានទៅដល់​ការប្រឈមមុខ​ថ្មី​មួយទៀត​ក្នុង​អនុតំបន់​នេះ​។

​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters បានចុះផ្សាយថា គម្រោង​ដែលមាន​ឈ្មោះ​Mekong Dam Monitor ទទួល​មូលនិធិ​មួយផ្នែក​ពី​ក្រសួងការបរទេស​អាមេរិក​។ គម្រោង​នេះ នឹង​ប្រើ​ផ្កាយរណប​ក្នុងការ​កត់ត្រា​កម្ពស់​ទឹក ​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ចិន និង​ប្រទេស​ឯទៀត​។

​សូមជម្រាបថា ផ្នែក​មួយ​នៃ​គម្រោង​នេះ នឹង​បង្ហាញ​ពី​កម្រិត​ភាព​សើម​នៃ​ផ្ទៃ​ខាងលើ ដែល​បង្ហាញ​ពី​តំបន់​ដែល​សើម​ជាង ឬ​ស្ងូ​ត​ជាង​កម្រិត​ធម្មតា​។ ការបង្ហាញ​នេះ នឹង​នាំ​ឲ្យ​គេ​ដឹង​ពី​លំហូរ​ទឹក​ត្រូវបាន​កែប្រែ​ ដោយ​ទំនប់​វា​រី​អគ្គីសនី​ដោយ​កម្រិតណា​។ ខណៈដែលទិន្ន័យ​ខាងលើនេះក៏​នឹងត្រូវ​ផ្សាយ​ផ្ទាល់ និង​អាច​ចូល​មើល​ជា​សាធារណៈ​ផងដែរ​។​

​ទាក់ទិននឹងបញ្ហាខាងលើ កន្លងមក ចិន​បដិសេធ​រាល់​ការស្រាវជ្រាវ​ទាំងឡាយណា​របស់​អាមេរិក ដែល​បង្ហាញថា​ទំនប់​វា​រី​អគ្គិសនី​របស់​ចិន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេស​នៅ​ភាគ​ខាងក្រោម​ខ្លួន ដែលមាន​ប្រជាជន​ប្រមាណ​៦០​លាន​នាក់​រស់នៅ ​អាស្រ័យផល​នឹង​ទន្លេមេគង្គ​ ក្នុង​របរ​កសិកម្ម និង​នេសាទ​។​

​ប្រធាន​មជ្ឈមណ្ឌល Stimson លោក Brian Eyler ដែល​កាន់កាប់​គម្រោង​ខាងលើ​អះអាងថា ការឃ្លាំមើល​កម្រិត​ទឹក​នេះ នឹង​បង្ហាញ​ភស្តុតាង​ថា ទំ​បន់​វា​រី​អគិគីសនី​ទាំង​១១​របស់​ចិន ដំណើរការ​ក្នុង​លក្ខណៈ​មួយ​ដ៏​ទំនើប​ ដើម្បី​ទាញយក​ថាមពល​លក់​ជា​អតិបរមា​សម្រាប់​ខេត្ត​ភាគ​ខាងកើត​របស់ខ្លួន ដោយ​មិន​ពិចារណា​ពី​ផលប៉ះពាល់​ដល់​លំហូរ​ទឹក​ខាងក្រោម​ឡើយ​។​

​ដោយឡែកភាគី​ចិន​ ក៏បាន​អះអាងថា ទំ​បន់​វា​រី​អគ្គិសនី​នេះ​ផ្តល់​ផល​វិជ្ជមាន​។ វិទ្យាស្ថាន​វិស្វកម្ម​ថាមពល​កកើត​ឡើងវិញ​របស់​ចិន ​លើកឡើងថា ទឹក​ដែល​ស្តុក​ក្នុង​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ខែវស្សា ជួយ​បង្ការ​មិន​ឲ្យ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​។ របាយការណ៍​របស់​វិទ្យាស្ថាន​ដែល​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ ធ្នូ​បាន​សង្កត់ធ្ងន់ថា ការស្រាវជ្រាវ​របស់​អា​មេ​រិ​ក​ ពុំដែល​ផ្តល់​ភស្តុតាង​គ្រប់សព្វ​ឡើយ​។​

​គួរបញ្ជាក់ថា នា​ដើមខែ​វិច្ឆិកា ​ឆ្នាំ​២០២០កន្លងទៅ ទន្លេមេគង្គ​នេះ ចិន​យល់ព្រម​ក្នុងការ​ចែករំលែក​ទិន្ន័យ​ទឹក ជាមួយ​គណៈកម្មការ​ទ​ន្លេ​មេគង្គ​(MRC)​។ MRC មាន​តួនាទី​ផ្តល់យោបល់​ដល់​ប្រទេស​ថៃ កម្ពុជា ឡាវ និង​វៀតណាម ដែលជា​សមាជិក​ក្នុងការ​អភិវឌ្ឍ ​និង​ថែទាំ​ទន្លេ​ដែលមាន​ប្រវែង​ ៤,៣៥០​គីឡូម៉ែត្រ​នេះ​។​

ជុំវិញបញ្ហានេះដែរ តាមពិតទៅចិន និង​អាមេរិក​មាន​ស្ថាប័ន​រៀងៗ​ខ្លួន ​ក្នុងការ​ប្រកួតប្រជែង​គ្នា​ក្នុង​ទន្លេមេគង្គ​។ ចិន មាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង។ ចំណែក​អាមេរិក​ មានភាពជា​ដៃគូ​មេគង្គ​-​អាមេរិក​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print