ខេត្តកំពង់ស្ពឺ៖អាចចាត់ទុកថា ជាការចោទប្រកាន់ដោយតំណាងអយ្យការ ពុំមានហេតុផលក្នុងបទល្មើស ទើបនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ប្រជាពលរដ្ឋបង្ខំចិត្តដាក់ពាក្យបណ្ដឹង លើលោក វុិត មឃ: ព្រះរាជអាជ្ញារង និងលោកស្រី ចាត
សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
នៅក្នុងពាក្យបណ្ដឹងនោះបានលើកឡើងថា,
នាងខ្ញុំឈ្មោះ មឿន សុផាវី ឆ្នាំកំណើត ១៩៨៨ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ លេខ០៣០៨៦៦០៤២ មានទីលំនៅ ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប្រពន្ធរបស់ឈ្មោះហុង លឹមហុី ។ សូមគោរពជូនលោក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ គឺមានកម្មវត្ថុ ប្តឹងសុំឲ្យចុះអធិការកិច្ចនិងដាក់ពិន័យលើលោក វុិត មឃ: ព្រះរាជអាជ្ញារង និងលោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ក្នុងរឿងចោទប្រកាន់មិនត្រឹមត្រូវ និងការ សម្រេចប្តឹងឧទ្ធរណ៏មិនឲ្យដោះលែងដោយគ្មានមូលហេតុច្បាប់ ពោលពាក្យអសីលធម៌។ សំណុំរឿងព្រហ្មទណ្ឌលេខ ១៣៩៥ ចុះថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ២០២០ -ដីកាសម្រេចដោះលែង ឲ្យនៅក្រៅឃុំលេខ ២២៩ ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២០។
តបតាមកម្មវត្ថុ និងយោងខាងលើនាងខ្ញុំសូមជម្រាបជូន លោករដ្ឋមន្ត្រី មេត្តាជ្រាបពីដំណើរឿង ដូចតទៅ ៖ ដំបូងទីតាំងដីកើតហេតុនេះ នាង ឆាយ វីនីតា បានប្តឹងសុំឲ្យសាលាដំបូងឃាត់មិនឲ្យប្រជាពលរដ្ឋ ធ្វើសកម្មភាពលើដីនោះ។ ក្រោយមកសាលាដំបូងចេញសាលក្រមលុបការហាមឃាត់នោះវិញ។ ឈ្មោះឆាយ វីនីតា អស់សិទ្ធិតតាំង ក្តីក៏ជួលឈ្មោះ អ៊ុយ រុំ ឲ្យមកតតាំងជាមួយប្រជាពលរដ្ឋ ៦៧គ្រួសារ។ នៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០ ប្តីនាងខ្ញុំ ហុង លឹមហុី ក៏នាំគ្នាទៅធ្វើរបងលើដីនោះ ឈ្មោះ អ៊ុយ រ៉ូ និងកូនស្រីគាត់ក៏ចេញមក រុញរបងដែលពួកយើងខ្ញុំកំពុងដាំនោះឲ្យដួលរួចរត់ចុះឡើង ក៏ដួលខ្លួនឯង(សូមពិនិត្យឃ្លីបវីដេអូ )។ ក្រោយ មកឈ្មោះ អ៊ុយ រុំ ក៏ប្តឹងមូលបង្កាច់ចោទប្ដីនាងខ្ញុំថា ទាត់គាត់រហូតសន្លប់
ប៉ុន្តែជាក់ស្តែង ប្ដីនាងខ្ញុំមិនបានប៉ះ គាត់ទេ ហើយគាត់ ក៏មិនបានសន្លប់ដែរ មានសាក្សីជាច្រើនណាស់បានឃើញ រួមទាំងកូនស្រីគាត់ ក៏កាន់ទូរស័ព្ទ ថតជាប់ជានិច្ចដែរ។ ចាប់ពីថ្ងៃនោះមកនាងខ្ញុំ និងប្តីមិនបានដឹងថាឈ្មោះ អ៊ុយ រុំ ប្ដឹងទេ លុះដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ប្តីនាងខ្ញុំក៏ចូលខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត តាមការកោះហៅ រួចនគរបាលក៏នាំខ្លួនគាត់ទៅ ព្រះរាជអាជ្ញា រួចព្រះរាជអាជ្ញាក៏ចោទប្រកាន់ទោស និងបញ្ជូនឲ្យចៅក្រមឃុំខ្លួនគាត់តែម្តង។
ក្រោយការឃុំខ្លួន នាងខ្ញុំក៏បានប្រមូល សាក្សី និង ភស្តុតាង វីដេអូ មកបង្ហាញចៅក្រម ពីភាពប្ដឹងមូល បង្កាច់ និងបង្ហាញ ថាប្តីនាងខ្ញុំមិនបានប៉ះឈ្មោះ អ៊ុយ រុំ ទេ ព្រមទាំងបង្ហាញពីលំនៅដ្ឋាន មុខរបរ និងការធានារបស់ មេបញ្ជាការ ដើម្បីសុំនៅក្រៅឃុំ។ លោកចៅក្រមបានពិនិត្យ ឯកសារភស្តុតាង ពាក្យសុំនៅក្រៅឃុំ លិខិត ធានា ក៏បានសម្រេចឲ្យនៅក្រៅឃុំ តាមដីកាដូចយោងខាងលើ។ ស្រាប់តែព្រះរាជអាជ្ញារង ប្តឹងស្កាត់មិនឲ្យ នៅក្រៅឃុំដោយគ្មាន មូលហេតុតាមច្បាប់ ( មាត្រា២០៥) ហើយប្រាប់ថា លោកស្រីព្រះរាជអាជ្ញាឲ្យប្តឹង ឮដូច្នេះ ភាគីនាងខ្ញុំខំទៅជួបលោកស្រីព្រះរាជអាជ្ញាដើម្បីពន្យល់គាត់។ មិនទាន់បានពន្យល់ផងគាត់ក៏ស្រែកថា៖ “អាណា ស៊ីលុយរកអានោះឲ្យដោះលែងទៅ”។
លោកស្រីបន្តថា, លោករដ្ឋមន្ត្រីជាទីគោរព, !
ក-មូលហេតុខ្ញុំសុំនៅក្រៅឃុំ ព្រោះមិនបានវាយឈ្មោះ អ៊ុយ រុំ ភស្តុតាងដូចជា ៖
– ញាត្តិរបស់អ្នកចូលរួមធ្វើរបង ជាសាក្សីជាក់ស្តែងនៅទីកន្លែងកើតហេតុ និងមានការទទួលខុសត្រូវ។
-ចម្លើយសាក្សីបំភ្លឺរបស់លោក និល សន នៅនគរបាល។
-ចម្លើយបំភ្លឺរបស់ពេទ្យ បញ្ជាក់ថា ឈ្មោះអ៊ុយ រុំ គ្មានរបួសស្នាមសោះ។
-ឃ្លីប វីដេអូពេលកើតហេតុ សូមពិនិត្យ អ៊ុយ រុំ ពាក់អាវពណ៌ផ្កាឈូកពីក្រៅ រត់ទៅរត់មក រុញរបងដែលគេកំពុងដាំ ប្តីនាងខ្ញុំពាក់អាវខៀវមួកខ្មៅ ពេលឈ្មោះអ៊ុយ រុំ ដួលហើយស្រែកនោះប្ដីនាងខ្ញុំកំពុងដាំរបងជិតកូនស្រី អ៊ុយ រុំ ពាក់អាវយឺតដៃវែងពណ៍ លឿងឆ្នូត ស កំពុងថតរូប ហើយកូននោះមិនទាំងចាប់អារម្មណ៍ ឈ្មោះអ៊ុយ រុំស្រែកផង។ ម៉្យាងពេលនោះឈ្មោះអ៊ុយ រុំ ក៏មិនបានស្រែកថា អ្នកណាវាយគាត់ដែរ។
ខ-មូលហេតុសុំនៅក្រៅឃុំ តាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
-ប្តីនាងខ្ញុំ មានមុខរបរ ជាយោធាក្នុងអង្គភាពបញ្ជាការដ្ឋានកងរថក្រោះ(ប័ណ្ណ)។
-ប្តីនាងខ្ញុំ មានទីលំនៅច្បាស់ភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
-ប្ដីនាងខ្ញុំមានគ្រួសារ មានប្រពន្ធទើបសម្រាលកូនខ្ចីរួច ដែលត្រូវការអ្នកថែរក្សា។
-ប្តីនាងខ្ញុំមានអ្នកធានាជាច្រើនអ្នក ដែលសុទ្ធតែមានបណ្ដាសក្ដិខ្ពង់ខ្ពស់។
-ដីកើតហេតុ មិនមែនជាដីឈ្មោះអ៊ុយ រុំ ទេ ឈ្មោះនេះជាអ្នកមកទន្ទ្រារលើដីនោះ ប្រសិនបើឈ្មោះនេះមិនមករារាំងទេ ក៏គ្មានវិវាទនេះដែរ ដូច្នេះគ្មានហេតុផលណាដែលប្តីនាងខ្ញុំទៅបង្កបទល្មើសជាថ្មីទេ ។
១ កំហុសឆ្គងរបស់ព្រះរាជអាជ្ញារង គឺចោទប្រកាន់ ស្នើសុំឲ្យឃុំខ្លួន ដោយគ្មានតម្រុយបទល្មើស អំពើល្មើសមិនជាក់ស្តែង មិនអង្កេតបឋម , គ្មានមូលហេតុច្បាស់លាស់ និងប្តឹងឧទ្ធរណ៍ដោយមិនសំអាងលើមាត្រា២០៥នៃក្រមននីតិវិធីព្រហ្មទណ្ឌ។
-បញ្ជាឲ្យប្តឹងឧទ្ធរណ៍ដោយមិនពិនិត្យសំណុំរឿង។
– គ្មានអំពើល្មើសក៏ប្ដឹង មានអ្នកធានាស្របតាមមាត្រា ២០៥ នៃក្រមនីតិវិធីហើយ ក៏ប្តឹង ។
-ប្តឹងដោយគ្មានមូលហេតុតាមច្បាប់ ។
-ពោលពាក្យអាណាស៊ីលុយ ទៅរកអានោះ មានន័យថាប្តឹងដោយសេចក្តីក្រេវក្រោធ គ្មានក្រមសីល។
២-កំហុសឆ្គងរបស់ព្រះរាជអាជ្ញា គ្មានក្រមសីលធម៌វិជ្ជាជីវៈ តាមរយៈសំដីនេះប្តឹងឧទ្ធរណ៏ដោយ ទំនាស់ផលប្រយោជន៍។អាស្រ័យហេតុនេះសូម លោករដ្ឋមន្ត្រី មេត្តាសម្រេច តាមកម្មវត្ថុខាងលើដោយអនុគ្រោះ។
ពាក់ព័ន្ធប្រជាពលរដ្ឋបង្ខំចិត្តដាក់ពាក្យបណ្ដឹង លើលោក វុិត មឃ: ព្រះរាជអាជ្ញារង និងលោកស្រី ចាប សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គភាព នគរដ្រេហ្គន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ មិនអាចទាក់ទងសុំការបំភ្លឺបានទេពី លោក វុិត មឃ: ព្រះរាជអាជ្ញារង ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែក លោកស្រី ចាត សូរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ទូរស័ព្ទចូលគ្មានអ្នកទទួល។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អាចមានធុរៈការងារ ទូរស័ព្ទចូល លោកចុចបិទ ភ្លាមៗ ! ហើយផ្ញើរសារមកវិញថា: (Sorry,I can’t talk right now.)។
សូមបញ្ជាក់ផងដែរថា, កាលពីម្សិលមិញ គឺមានប្រជាពលរដ្ឋជាច្រើន បានទៅទាមទារឲ្យតុលាការធ្វើការដោះលែងជនត្រូវចោទខាងលើ នៅមុខសាលាដំបូងខេត្តកំពង់ស្ពឺ ខណៈការចោទប្រកាន់ ទៅលើជនត្រូវចោទ គ្មានបទល្មើសគ្រប់គ្រាន់ដាក់បន្ទុក។
អ្វីដែលមានភាពមិនប្រក្រតីតាមផ្លូវច្បាប់នេះ សូម្បីតែ ដីកាអម របស់សាលាដំបូងខេត្តកំពង់ស្ពឺ ដាក់ជូនប្រធានសាលាឧទ្ធរណ៍ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០សោះ បែរជាថ្ងៃដដែលនេះ ខាងតុលាការសាលាឧទ្ធរណ៍ បានចុះហត្ថលេខាទទួល ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ទៅវិញ។ មន្ត្រីតុលាការ កំពុងមានចម្ងល់ថា ហេតុអ្វីថ្ងៃតែមួយ ប៉ុន្តែការទទួលចុះដាក់ទទួលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ដែលនៅសល់៤ថ្ងៃទៀតបានដល់ ថ្ងៃទី២១នោះ ។សូមបញ្ជាក់ថា ប្រធានសាលាដំបូងខេត្តកំពង់ស្ពឺលោក ហង់ សុីថា ចុះហត្ថលេខាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ លើដីកាអម ដាក់ជូនប្រធានតុលាការសាលាឧទ្ធរណ៍ បែជាអ្នកទទួលឈ្មោះ សាយ សុខហឿន ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ខណ: ព្រឹកនេះទើបនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ៕
ដោយ៖សុខ ខេមរា
https://youtu.be/Ol6o0JH1agU