អន្តរជាតិ៖ ក្នុងគោលដៅទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋសមាជិកសហភាពអឺរ៉ុប នឹងចាប់ផ្តើមចាក់វាក់សាំងប្រឆាំងជំងឺនេះ នៅ១០ថ្ងៃខាងមុខ។ខណៈយុទ្ធនាការរបស់អឺរ៉ុប ធ្វើក្រោយការចាក់វ៉ាក់សាំងនៅអង់គ្លេស និងអាមេរិក ខណៈដែលអឺរ៉ុបផ្ទាល់ ត្រូវរងការរិះគន់ថា យឺតយ៉ាវក្នុងការចាក់វ៉ាក់សាំងឲ្យពលរដ្ឋខ្លួន។
បើតាមការរំពឹងទុករបស់អាល្លឺម៉ង់ និងប្រទេសអឺរ៉ុបដទៃទៀត ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) អាចប្រកាសសេចក្តីសម្រេចឲ្យប្រើនៅថ្ងៃទី២១ខែធ្នូ ហើយសហភាពអឺរ៉ុប នឹងផ្ដល់ភ្លើងបៃតង នៅថ្ងៃទី២៣ ខែធ្នូ។ ខុសពីអង់គ្លេស សហភាពអឺរ៉ុប បានប្រើរយៈពេលជាច្រើនថ្ងៃដើម្បីពិនិត្យវ៉ាក់សាំងក្រុមហ៊ុន Pfizer មុននឹងអនុញ្ញាតឲ្យប្រើប្រាស់នៅអឺរ៉ុប។ ដោយសារតែប្រើរយៈពេលយូរបែបនេះ អឺរ៉ុបបានរងការរិះគន់មិនតិចទេ ពីសមាជិករបស់ខ្លួន។
បើតាមការប្រកាសរបស់អាល្លឺម៉ង់ អ៉ីតាលី អូទ្រីស និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អឺស៊ុឡា វ៉ុន ដឺ លៃអេន អះអាងថា អឺរ៉ុប នឹងចាប់ផ្តើមការចាក់វ៉ាក់សាំងនៅថ្ងៃទី២៧ ខែធ្នូ។
បើតាមរដ្ឋមន្ត្រីសុខាភិបាលអាល្លឺម៉ង់ លោក Jens Spahn បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅអាល្លឺម៉ង់ យើងនឹងចាប់ផ្តើម នៅថ្ងៃទី២៧ខែធ្នូ ប្រសិនបើការអនុញ្ញាតត្រូវបានធ្វើឡើងដូចការគ្រោងទុក»។ លោក Jens Spahn បានលើកឡើងនៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយអធិការបតីអាល្លឺម៉ង់ អែនជែឡា មឺហ្គែល និងក្រុមហ៊ុន BioNTech ដែលសហការស្រាវជ្រាវវ៉ាក់សាំងជាមួយ Pfizer។ ជាមួយគ្នានេះលោករដ្ឋមន្ត្រីក៏បានបន្ថែមថា ប្រទេសអឺរ៉ុបផ្សេងទៀត ក៏ចង់ចាប់ផ្តើមយុទ្ធនាការ ការចាក់វ៉ាក់សាំងនៅថ្ងៃដូចគ្នានេះដែរ។
សូមជម្រាបថា ផ្ទុយពីអាល្លឺម៉ង់ អ៉ីតាលី និងអូទ្រីស ហូឡង់មិនចង់ចាប់ផ្តើមយុទ្ធនាការការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ឲ្យប្រជាជនខ្លួនលឿនពេកទេ ដោយរង់ចាំរហូតដល់ថ្ងៃទី៨ ខែមករា ខាងមុខ ដើម្បីពិនិត្យមើលពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងឲ្យបានច្បាស់លាស់ជាមុនសិន។
ជាក់ស្តែងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters អ្នកដែលអាចទទួលបានការចាក់វ៉ាក់សាំងមុនគេ មានដូចជា៖និស្សិតពេទ្យវេជ្ជបណ្ឌិតចូលនិវត្តន៍ ឱសថការី និងទាហានជាដើម។
គួរបញ្ជាក់ថា ក្នុងការចាក់វ៉ាក់សាំងនេះ អឺរ៉ុបមានកាលវិភាគច្បាស់លាស់ ដើម្បីផ្ដល់វ៉ាក់សាំងឲ្យប្រជាជនខ្លួនប្រមាណ ៤៥០លាននាក់នេះ។តាមការបញ្ជាក់របស់លោកស្រី អឺស៊ុឡា នៅថ្ងៃទី២៧, ២៨ និង ២៩ ខែធ្នូ វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នឹងចាប់ផ្តើមដឹកជញ្ជូនទៅប្រទេសអឺរ៉ុប៕ដោយ៖ស តារា