រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប នឹង​ចាប់ផ្តើម​ចាក់​វាក់​សាំង​ប្រឆាំង​កូ​វីដ​-១៩ នៅ​១០​ថ្ងៃ​ខាងមុខនេះ

ចែករំលែក៖

អន្តរជាតិ៖ ក្នុង​គោលដៅ​ទប់ស្កាត់​ការឆ្លង​ជំងឺកូ​វីដ​-១៩ រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប នឹង​ចាប់ផ្តើម​ចាក់​វាក់​សាំង​ប្រឆាំង​ជំងឺនេះ នៅ​១០​ថ្ងៃ​ខាងមុខ​។ខណៈយុទ្ធនាការ​របស់​អឺរ៉ុប ធ្វើ​ក្រោយ​ការចាក់​វ៉ាក់សាំង​នៅ​អង់គ្លេស និង​អាមេរិក ខណៈដែល​អឺរ៉ុប​ផ្ទាល់ ត្រូវ​រង​ការ​រិះគន់ថា យឺតយ៉ាវ​ក្នុង​ការចាក់​វ៉ាក់សាំង​ឲ្យ​ពលរដ្ឋ​ខ្លួន​។

​បើតាម​ការរំពឹងទុករ​បស់​អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​ដទៃទៀត ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប (EMA) អាច​ប្រកាស​សេចក្តីសម្រេច​ឲ្យ​ប្រើ​នៅ​ថ្ងៃទី​២១ខែធ្នូ ហើយ​សហភាព​អឺរ៉ុប នឹង​ផ្ដល់​ភ្លើង​បៃតង នៅ​ថ្ងៃទី​២៣ ខែធ្នូ​។ ខុសពី​អង់គ្លេស សហភាព​អឺរ៉ុប បាន​ប្រើ​រយៈពេល​ជាច្រើន​ថ្ងៃ​ដើម្បី​ពិនិត្យ​វ៉ាក់សាំង​ក្រុមហ៊ុន Pfizer មុននឹង​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​អឺរ៉ុប​។ ដោយសារតែ​ប្រើ​រយៈពេល​យូរ​បែបនេះ អឺរ៉ុប​បាន​រង​ការរិះគន់​មិនតិច​ទេ ពី​សមាជិក​របស់ខ្លួន​។

​បើតាម​ការប្រកាស​រប​ស់​អាល្លឺម៉ង់ អ៉ីតាលី អូទ្រីស និង​ប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី អឺ​ស៊ុ​ឡា វ៉ុ​ន ដឺ លៃ​អេ​ន អះអាងថា អឺរ៉ុប នឹង​ចាប់ផ្តើម​ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃទី​២៧ ខែធ្នូ​។

បើតាមរដ្ឋមន្ត្រី​សុខាភិបាល​អាល្លឺម៉ង់ លោក Jens Spahn បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «​នៅ​អាល្លឺម៉ង់ យើង​នឹង​ចាប់ផ្តើម នៅ​ថ្ងៃទី​២៧ខែធ្នូ ប្រសិនបើ​ការអនុញ្ញាត​ត្រូវបាន​ធ្វើឡើង​ដូច​ការគ្រោងទុក​»​។ លោក Jens Spahn បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​អធិការបតី​អាល្លឺម៉ង់ អែន​ជែ​ឡា មឺ​ហ្គែ​ល និង​ក្រុមហ៊ុន BioNTech ដែល​សហការ​ស្រាវជ្រាវ​វ៉ាក់សាំង​ជាមួយ Pfizer​។ ជាមួយគ្នានេះលោក​រដ្ឋមន្ត្រី​ក៏បាន​បន្ថែមថា ប្រទេស​អឺរ៉ុប​ផ្សេងទៀត ក៏​ចង់​ចាប់ផ្តើម​យុទ្ធនាការ ការចាក់​វ៉ាក់សាំង​នៅ​ថ្ងៃ​ដូចគ្នានេះដែរ​។

​សូមជម្រាបថា ផ្ទុយ​ពី​អាល្លឺម៉ង់ អ៉ីតាលី និង​អូទ្រីស ហូ​ឡង់​មិន​ចង់​ចាប់ផ្តើម​យុទ្ធនាការ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ឲ្យ​ប្រជាជន​ខ្លួន​លឿន​ពេក​ទេ ដោយ​រង់ចាំ​រហូតដល់​ថ្ងៃទី​៨ ខែមករា ខាងមុខ ដើម្បី​ពិនិត្យមើល​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ឲ្យ​បានច្បាស់លាស់​ជាមុនសិន​។

​ជាក់ស្តែងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters អ្នក​ដែល​អាច​ទទួល​បានការ​ចាក់​វ៉ាក់សាំង​មុនគេ មានដូចជា៖និស្សិត​ពេទ្យវេជ្ជបណ្ឌិត​ចូលនិវត្តន៍ ឱសថការី និង​ទាហាន​ជាដើម។

គួរបញ្ជាក់ថា ក្នុង​ការចាក់​វ៉ាក់សាំង​នេះ អឺរ៉ុប​មាន​កាលវិភាគ​ច្បាស់លាស់ ដើម្បី​ផ្ដល់​វ៉ាក់សាំង​ឲ្យ​ប្រជាជន​ខ្លួន​ប្រមាណ ៤៥០​លាន​នាក់​នេះ​។តាម​ការបញ្ជាក់​របស់​លោកស្រី អឺ​ស៊ុ​ឡា នៅ​ថ្ងៃទី​២៧, ២៨ និង ២៩ ខែធ្នូ វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ នឹង​ចាប់ផ្តើម​ដឹកជញ្ជូន​ទៅ​ប្រទេស​អឺរ៉ុប​​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print