ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា អតីតជាមេក្លោងបំផ្លាញព្រៃឈើ នៅតែបន្តរកស៉ីខុសច្បាប់ ធ្វើជាមេកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ P9) និងឆ្នោតឡូតូ(keno) កំពុងតែពង្វក់ពលរដ្ឋស្ទើទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលមនុស្សគ្រប់គ្នាស្គាល់ និងល្បីឈ្មោះខ្លាំងពេញមួយស្រុកខ្មែរ គឺជាអតីតមេក្លោងបំផ្លាញឈើធំៗខេត្តត្បូងឃ្មុំ ក៏ដូចជាតំបន់ខេត្តនាភូមិភាគឦសាន ក្នុងការនាំឈើប្រណីតតាមរថយន្តយីឌុកធំៗចេញទៅវៀតណាម។ ប៉ុន្តែក្រោយមកក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី កាលពី ថ្ងៃ សុក្រ ទី ១៥ ខែមករា ឆ្នាំ ២០១៦កន្លងទៅ សម្តេចតេជោនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោកអភិបាលខេត្ត ត្បូងឃ្មុំ ចាត់វិធានការ លើ មេឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ទៅលក់នៅប្រទេសវៀតណាម គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា បទបញ្ជានេះ ត្រូវបាន ប្រជាពលរដ្ឋនៅក្នុង ខេត្ត ត្បូងឃ្មុំ តាមដានដោយយកចិត្តទុកដាក់ ព្រោះ កន្លងមកគេដឹងថា កាលដែលមេឈ្មួញ លឹម ប៊ុណ្ណា ហៅ ខ្នា ហ៊ាន ធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺមានការឃុបឃិត ជាមួយនិង សមត្ថកិច្ច ពាក់ព័ន្ធជាច្រើនស្ថាប័នទៀត ក្នុងនោះឈើរាប់ពាន់ម៉ែត្រគូប ត្រូវបានសមត្ថកិច្ចចម្រុះ ចុះឆែកឆេរក្នុងឃ្លាំង ឃើញ ប៉ុន្តែចំពោះចំណាត់ការផ្លូវច្បាប់ទៅលើបុគ្គលនេះហាក់មិនទៅមុខ។

មិនតែប៉ុណ្ណោះឧកញ៉ារូបនេះ កន្លងទៅធ្លាប់បានក្លែងខ្លួនធ្វើជាអ្នកប្រកបអាជីវកម្មកសិកម្ម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចធំៗ ងាកទៅប្រកបរបរកសិកម្មដូចជា៖ ធ្វើស្រែ និងចិញ្ចឹមត្រី ជ្រូក មាន់ ទា និងបើកភោជនីយដ្ឋានធំៗ ស្ថានីយប្រេងធំៗ ដើម្បីបន្លំ និងបំភាន់ភ្នែកថាលោកឈប់រកស៊ីឈើហើយ តែធាតុពិតឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា គឺជាអ្នកនៅពីក្រោយខ្នងឈ្មួញដទៃទៀតក្នុងការដឹកជញ្ជូនឈើពីខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ចេញទៅវៀតណាម តាមច្រកព្រំដែនក្នុងស្រុកស្នួល ខេត្តក្រចេះ ក៏ដូចជាច្រកព្រំដែនក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផងដែរ។

ជាកស្តែងនាពេលបច្ចុប្បន្ននេះ ក្រោយពីមានការព្រមានពីសំណាក់ ប្រមុខរាជរដ្ឋាភិបាល លោកឧកញ៉ា លីម ប៊ុណ្ណា ហៅខ្នា បានរក្សាភាពស្ងៀមស្ងាត់មួយរយៈ ដោយឧកញ៉ារូបនេះក៏បានគេចទៅលាក់ខ្លួនពួនអាត្មានៅឯប្រទេសវៀតណាមមួយរយៈផងដែរ រហូតដល់សភាពការស្ងប់ស្ងាត់ ទើបត្រឡប់មករស់នៅក្រុងភ្នំពេញវិញ ដោយមិនប្រកបមុខរបរអ្វីឲ្យស្របតាមច្បាប់នោះទេ គឺនូវតែរកស៉ីខុសច្បាប់បន្តធ្វើជាមេបើកបនល្បែងស៉ីសងខុសច្បាប់ដូចជា៖ មេកន្ទុយលេខ(ឆ្នោតវៀតណាមយីហោ P9) និងឆ្នោតឡូតូ៦លេខ(keno) ដែលទទួលបានអាជ្ញាប័ណ្ណពីរាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យធ្វើអាជីវកម្មឆ្នោតឡូតូធម្មតា ប៉ុន្តែលោកឧកញ៉ារូបនេះបាននិងកំពុងបម្លែងឆ្នោតឡូតូមួយនេះ ទៅជាល្បែងស៊ីសងតាមអនឡាញ ពង្វក់ប្រជាពលរដ្ឋស្ទើទូទាំងប្រទេសដោយគ្មានខ្លាចសមត្ថកិច្ចអ្វីទាំងអស់ ដោយក្រុមហ៊ុនបានដាក់តាំងទូរទស្សន៍តាមហាងនានាជាសាធារណៈ យ៉ាងអនាធិបតេយ្យ មកអង្គុយលេងឆ្នោតឡូតូនេះ២៤ម៉ោងលើ២៤ម៉ោង ខណៈពលរដ្ឋភាគច្រើនពេលចាញ់អស់លុយ បានទៅផ្ទះលួចយកទ្រព្យសម្បត្តិ ឬបានប្រព្រឹត្តិបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ជាដើម។

សូមជម្រាបដែរថា កាលពីវេលាម៉ោង ១៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបផ្ទះលក់កាហ្វេមួយកន្លែងដែលបង្កប់ល្បែងស៊ីសងខុសច្បាប់( ឆ្នោតឡូតូ) នៅតាមបណ្តោយផ្លូវលេខ២៧១ កែងនឹងផ្លូវលេខ២០០៤(ស្តុបណូគា) ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាក់ស្ដែងឃាត់ខ្លួនមនុស្សស្រី៣នាក់ ព្រមទាំងចាប់យកវត្ថុតាងមួយចំនួន។មិនតែប៉ុណ្ណោះទីតាំងមួយនេះ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះលួចបង្ហើបប្រាប់ថា មេក្លោងគឺជាលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ដែលជាអតីតឈ្មួញរកស៉ីឈើដ៏ល្បីឈ្មោះនេះដែរ។

គួរបញ្ចាក់ថា ជុំវិញករណីខាងលើ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ បានបញ្ជាឱ្យមានការស៊ើបអង្កេតជាបន្ទាន់ និងបង្ក្រាបជាដាច់ខាតនូវល្បែងសុីសងតាមអនឡាញឆ្នោតឡូតូ(keno) រួមទាំងល្បែងសុីសងដទៃៗទៀតដែរ។

ចំណែកលោកឧត្តមសេនីយ៍ឯក ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃអាទិត្យទី២០ ខែធ្នូឆ្នាំ២០២០នេះ អង្គភាពកាសែតនគរវត្ត និងនគរដ្រេហ្គន បានទូរស័ព្ទដើម្បីសាកសួរជុំវិញករណីខាងលើនេះ តែទូរស័ព្ទមិនមានការឆ្លើយតប។

ដោយឡែកនៅរសៀលថ្ងៃអាទិត្យនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ទាក់ទិននឹងបញ្ហាខាងលើ អង្គភាពយើង បានឆាតសួរលោកតាមប្រព័ន្ធតេឡេក្រោម ប៉ុន្តែមិនមានការឆ្លើយតប។ រីឯលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា អង្គភាពយើងបានទំនាក់ទំនងតាមទូរស័ព្ទ ចូលតែគ្មានអ្នកលើក។

គួររម្លឹកដែរថា រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា គឺជា ឈ្មួញដ៏ល្បីល្បាញ នៅក្នុងខេត្តកំពង់ចាម និង ខេត្តត្បូងឃ្មុំ ជុំវិញសកម្មភាពដឹកជញ្ជូនឈើប្រណីតទៅលក់នៅប្រទេសវៀតណាម តាមច្រកព្រំដែនមួយចំនួន នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាងនេះទៅទៀត នៅពេលទទួលបានអាជ្ញាប័ណ្ណ ក្នុងការសំអាតផ្ទៃអាងទំនប់វារីអគ្គសនីសេសានក្រោម២ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង គឺឧកញ៉ា លឹម ប៊ុណ្ណា ហៅ ខ្នា បានបំពានកាប់ឈើ ប្រណីតក្នុងព្រៃសហគមន៍ ក្រៅបរិវេណ បាតអាងដឹកជញ្ជូន ធ្វើអាជីវកម្មខុសច្បាប់ ស្រេចតែអំពើចិត្តគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print