រាជអាជ្ញា​ជប៉ុន សាកសួរអតីត​នាយករដ្ឋមន្ត្រី​ជប៉ុន អា​បេ រឿងលេខាលោកចាយលុយ​រដ្ឋ​ដើម្បី​រៀបចំ​កម្មវិធី​ជួបជុំ​សម្រាប់​អ្នកគាំទ្រ​

ចែករំលែក៖

អន្តរជាតិ៖ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ជប៉ុន​NHK នៅថ្ងៃទី ២២ ខែធ្នូឆ្នាំ២០២០ថា រាជអាជ្ញាជប៉ុន បានសាកសួរអតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ិនហ្សូ ជុំវិញការចោទប្រកាន់ថា ការិយាល័យនយោបាយលោក បានចាយលុយរដ្ឋដើម្បីរៀបចំកម្មវិធីជួបជុំសម្រាប់អ្នកគាំទ្រ

ទូរទស្សន៍ NHK បន្តថា កាលពីថ្ងៃទី២១ ខែធ្នូថ្មីៗនេះក្រុមរាជអាជ្ញាជប៉ុន ដែលសាកសួរលោក អាបេ ស៊ិនហ្សូ បានកសាងសំណុំរឿងរួចរាល់ហើយ ដើម្បីប្ដឹងប្រឆាំងលេខារបស់លោក អាបេ ដែលអត់កត់ត្រាចំណូលនិងចំណាយនានាពាក់ព័ន្ធនឹងកម្មវិធីជួបជុំអ្នកគាំទ្រ ដោយក្រុមរាជអាជ្ញាជប៉ុន អះអាងថា ចំណូលនិងចំណាយសរុបនេះ ដែលពុំបានប្រកាសក្នុងរបាយការណ៍មូលនិធិនយោបាយ ប្រហែលមានចំនួនលើស៣៨,ម៉ឺនដុល្លារ

បន្ថែមពីនេះទូរទស្សន៍ NHK ថា៖ លោក អាបេ ទំនងជាបដិសេធការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ យ៉ាងណាមិញ រឿងអាស្រូវនេះ អាចធ្វើឲ្យកេរ្តិ៍នយោបាយរបស់លោក ខូចខាត ហើយក៏ជះឥទ្ធិពលមិនល្អដល់អ្នកស្នងតំណែងបន្តពីលោក គឺនាយករដ្ឋមន្ត្រីជប៉ុនថ្មីលោក ស៊ូហ្កាយូស៊ីហ៊ីដេ ផងដែរ ព្រោះលោក ស៊ូហ្កា ធ្លាប់ជាប្រធានលេខាធិការគណៈរដ្ឋមន្ត្រីរស់លោក អាបេ ហើយក៏ធ្លាប់ទាំងចេញមុខការពារលោក អាបេ ក្នុងរឿងអាស្រូវនេះអំឡុងសន្និសីទព័ត៌មាន និងក្នុងសភាផងដែរ

ចំណែកលេខារបស់លោកអាបេ ជាប្រធានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់លោកអតីតនាយករដ្ឋមន្ត្រីចន្លោះឆ្នាំ២០១៣ និង២០១៩ ចំពោះការចំណាយលើព្រឹត្តិការណ៍ដែលបានរៀបចំឡើងនៅសណ្ឋាគារប្រណីតក្នុងទីក្រុង តូក្យូ ត្រូវបានប៉ាន់ស្មានថាអស់សរុបជាង២២ម៉ឺនដុល្លារ ដោយលុយចំណាយនេះ គឺច្រើនជាងលុយដែលប្រមូលបានពីអ្នកចូលរួម

ដោយឡែកឆ្លើយតបនឹងការទាមទារពីបក្សប្រឆាំង បក្សកាន់អំណាចជប៉ុនប្រជាធិបតេយ្យសេរី (LDP) ដែលលោក អាបេ បានដឹកនាំមកដល់ខែកញ្ញា មានផែនការកោះហៅលោក អាបេ ចូលមកបំភ្លឺនៅមុខសភាពាក់ព័ន្ធការចោទប្រកាន់នេះ ជាក់ស្តែងកាលពីថ្ងៃសុក្រសប្ដាហ៍មុន អតីតនាយករដ្ឋមន្ត្រី អាបេ ក៏បានបញ្ជាក់ថា លោកនឹងឆ្លើយសំណួរដោយស្មោះត្រង់ ក្រោយរាជអាជ្ញាបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ

សូមជម្រាបថា ទាក់ទិននឹងកង្វល់ពាក់ព័ន្ធឥទ្ធិពលអវិជ្ជមាននៃរឿងអាស្រូវមួយនេះ​ ​រដ្ឋបាលលោក ស៊ូហ្កា កំពុងកើនឡើងក្នុងផ្ទៃក្នុងបក្សកាន់អំណាចជប៉ុន តួយ៉ាង អគ្គលេខាធិការបក្ស LDP លោក Toshihiro Nikai ទទួលស្គាល់ថា រឿងអាស្រូវនេះ នឹងប៉ះពាល់ដល់រដ្ឋបាលជប៉ុនបច្ចុប្បន្ន ក្នុងសន្និសីទព័ត៌មានមួយ លោកនិយាយដូច្នេះថា«​ខ្ញុំនឹងមិននិយាយថា វានឹងមិនមានឥទ្ធិពលអវិជ្ជមានឡើយ​»​

ជាមួយគ្នានេះ លោក ស៊ូហ្កា ត្រូវបានមើលឃើញប្រជាប្រិយភាពរបស់លោកបានថមថយ ដោយសារវិធានការបស់រដ្ឋាភិបាលប្រឆាំងជំងឺកូវីដ​-១៩ ដែរ ខណៈលោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះ កាលពីថ្មីៗនេះ បានរការរិះគន់ចាស់ដៃក្រោយបានចូលរួមកម្មវិធីជួបជុំដំណាច់ឆ្នាំមួយទោះបីជាបានប្រាប់ឲ្យពលរដ្ឋជប៉ុនកុំឲ្យជួបជុំ ក្នុងពេលដែលករណីឆ្លងកូវីដ​-១៩ក្នុងប្រទេសហក់ឡើងខ្ពស់ក្ដី

គួរបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ិនហ្សូ ដែលក្លាយជានាយករដ្ឋមន្ត្រីកាន់អំណាចយូរជាងគេរបស់ជប៉ុន ហើយលោកបានលាលែងតំណែងក្នុងខែកញ្ញាឆ្នាំ២០២០ ដោយមូលហេតុសុខភាព បានបន្តច្រានចោលការប្រព្រឹត្តខុសរបស់លោកផងដែរចាប់តាំងពីរឿងអាស្រូវនេះបានបែកធ្លាយកាលពីខែវិច្ឆិកា ឆ្នាំមុន៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print