ចិន​ខឹងសម្បារនឹង អាមេរិក ក្រោយអនុម័ត​ច្បាប់គាំទ្រជ្រើសរើស​អ្នក​ស្នង​តំណែង​ពីស​ម្តេច​សង្ឃ​ដា​ឡៃ ឡា​ម៉ា

ចែករំលែក៖

អន្តរជាតិ៖ ប្រធានរដ្ឋបាលកណ្តាលទីបេ លោក Lobsang Sangya ដែលជារដ្ឋាភិបាលទីបេនិរទេសនៅឥណ្ឌា នៅថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះបាននិយាយថា ការអនុម័តច្បាប់គោលនយោបាយ និងគាំទ្រទីបេ (TPSA)​ ដោយសភាតំណាង និងព្រឹទ្ធសភាអាមេរិក ជារឿងប្រវត្តិសាស្ត្រ ខណៈច្បាប់នេះតម្រូវឲ្យអាមេរិក បង្កើតស្ថានកុងស៊ុលនៅទីក្រុងឡាសា នៃតំបន់ទីបេ ក៏ដូចជាគាំទ្រសិទ្ធិរបស់ជនជាតិទីបេក្នុងការជ្រើសរើសអ្នកបន្តវេនពីសម្តេចសង្ឃដាឡៃ ឡាម៉ា ការជំរុញឲ្យមានសន្ទនារវាងរដ្ឋាភិបាលចិន និងសម្តេចសង្ឃទីបេផងប៉ុន្តែការអនុម័តច្បាប់របស់អាមេរិកនេះ បានធ្វើឲ្យចិនខឹងសម្បារ ដោយសារតែរដ្ឋាភិបាលចិនអះអាងថា មានតែរដ្ឋាភិបាលខ្លួនទេដែលមានសិទ្ធិក្នុងការជ្រើសរើសអ្នកបន្តវេននេះ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា មេដឹកនាំទីបេដែលនិរទេសខ្លួនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «​ជាមួយនឹងការអនុម័តច្បាប់នេះ សភាអាមេរិកបានបង្ហាញសារថា ទីបេ បន្តជាអាទិភាពរបស់អាមេរិក ហើយអាមេរិកនឹងបន្តការគាំទ្រចំពោះសម្តេចសង្ឃដាឡៃ ឡាម៉ា និងរដ្ឋបាលកណ្តាលទីបេ​»​ បន្ថែមពីនេះ លោក​Sangay បានបញ្ជាក់ទៀតថា នេះជាជ័យជម្នះសម្រាប់សេរីភាពជនជាតិទីបេ

ជាក់ស្តែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានស្នើប្រធានាធិបតីអាមេរិកកុំចុះហត្ថលេខាលើច្បាប់នេះការលើកឡើងបែបនេះ ខណៈការអនុម័តច្បាប់ដោយសភាអាមេរិកក្នុងការគាំទ្រសិទ្ធិជនជាតិទីបេក្នុងការជ្រើសរើសអ្នកស្នងតំណែ ធ្វើឲ្យចិនប្រតិកម្ម និងចោទអាមេរិកពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង តាំងពីដើមមកចាត់ទុកសម្តេចសង្ឃដាឡៃ ឡាម៉ា បច្ចុប្បន្ន ជាអ្នកបះបោរដ៏គ្រោះថ្នាក់ក្នុងការផ្តាច់តំបន់ទីបេពីចិន

អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា «​យើងទទូចឲ្យភាគីអាមេរិក ឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងចិន និងចៀសវាងការចុះហត្ថលេខាអនុម័តច្បាប់នេះ ដើម្បីបញ្ចៀសការប៉ះពាល់លើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី​»​

សូមរម្លឹកថា រដ្ឋាភិបាលចិននៅឆ្នាំ១៩៥០ បានបញ្ជូនកងទ័ពទៅកាន់កាប់ទីបេ ដោយអះអាងថា ជាការរំដោះដោយសន្តិភាព ចាប់ពីពេលនោះមក ទីបេក្លាយជាតំបន់ដែលមានការរឹតត្បិតជាងគេ និងរសើបបំផុតក្នុងប្រទេសចិន ចំណែកសម្តេចសង្ឃដាឡៃ ឡាម៉ា បាននិរទេសចេញពីទីបេក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរប្រឆាំងរដ្ឋាភិបាលចិន

ដោយឡែកចំពោះការជ្រើសរើសសម្ដេចង្ឃដាឡៃ ឡាម៉ា ថ្មីនេះដែរ គឺជារឿងចម្រូងចម្រាសមួយផងដែរ។ ព្រោះកន្លងទៅចិន ធ្លាប់បានអះអាងថា រដ្ឋាភិបាលរបស់ខ្លួនមានសិទ្ធិក្នុងការយល់ព្រមលើសំណើក្នុងការតែងតាំងអ្នកស្នងតំណែងពីសម្តេចសង្ឃដាឡៃ ឡាម៉ា ដែលស្នើដោយសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា

សូមជម្រាបដែរថា សម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ជាបុគ្គលិកមានឥទ្ធិពលទីពីរនៅទីបេ និងជាអ្នកកំណត់បេក្ខភាពសម្ដេចសង្ឃដាឡៃ ឡាម៉ាថ្មីដែរ ប៉ុន្តែសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ពិតប្រាកដត្រូវឃុំខ្លួនដោយអាជ្ញាធរចិន ហើយក៏តែងតាំងអ្នកថ្មី ដែលបច្ចុប្បន្នជាសមាជិកជាន់ខ្ពស់បក្សកុម្មុយនីស្តចិនផង

គួរបញ្ជាក់ថា ប្រជាជនទីបេ ពិសេសអ្នកនិរទេសខ្លួន មិនទទួលស្គាល់​​សម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ដែលតែងតាំងដោយរដ្ឋាភិបាលចិនឡើយ ហើយទាមទារឲ្យចិនដោះលែង​​សម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ពិតប្រាកដវិញ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print