អន្តរជាតិ៖ ប្រធានរដ្ឋបាលកណ្តាលទីបេ លោក Lobsang Sangya ដែលជារដ្ឋាភិបាលទីបេនិរទេសនៅឥណ្ឌា នៅថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះបាននិយាយថា ការអនុម័តច្បាប់គោលនយោបាយ និងគាំទ្រទីបេ (TPSA) ដោយសភាតំណាង និងព្រឹទ្ធសភាអាមេរិក ជារឿងប្រវត្តិសាស្ត្រ។ ខណៈច្បាប់នេះ តម្រូវឲ្យអាមេរិក បង្កើតស្ថានកុងស៊ុលនៅទីក្រុងឡាសា នៃតំបន់ទីបេ ក៏ដូចជាគាំទ្រសិទ្ធិរបស់ជនជាតិទីបេក្នុងការជ្រើសរើសអ្នកបន្តវេនពីសម្តេចសង្ឃដាឡៃ ឡាម៉ា ការជំរុញឲ្យមានសន្ទនារវាងរដ្ឋាភិបាលចិន និងសម្តេចសង្ឃទីបេផង។ ប៉ុន្តែការអនុម័តច្បាប់របស់អាមេរិកនេះ បានធ្វើឲ្យចិនខឹងសម្បារ ដោយសារតែរដ្ឋាភិបាលចិន អះអាងថា មានតែរដ្ឋាភិបាលខ្លួនទេដែលមានសិទ្ធិក្នុងការជ្រើសរើសអ្នកបន្តវេននេះ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា មេដឹកនាំទីបេ ដែលនិរទេសខ្លួនរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយនឹងការអនុម័តច្បាប់នេះ សភាអាមេរិកបានបង្ហាញសារថា ទីបេ បន្តជាអាទិភាពរបស់អាមេរិក ហើយអាមេរិកនឹងបន្តការគាំទ្រចំពោះសម្តេចសង្ឃដាឡៃ ឡាម៉ា និងរដ្ឋបាលកណ្តាលទីបេ»។ បន្ថែមពីនេះ លោកSangay បានបញ្ជាក់ទៀតថា នេះជាជ័យជម្នះសម្រាប់សេរីភាពជនជាតិទីបេ។
ជាក់ស្តែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២២ ខែធ្នូ ថ្មីៗនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានស្នើប្រធានាធិបតីអាមេរិកកុំចុះហត្ថលេខាលើច្បាប់នេះ។ ការលើកឡើងបែបនេះ ខណៈការអនុម័តច្បាប់ដោយសភាអាមេរិកក្នុងការគាំទ្រសិទ្ធិជនជាតិទីបេក្នុងការជ្រើសរើសអ្នកស្នងតំណែ ធ្វើឲ្យចិនប្រតិកម្ម និងចោទអាមេរិកពីការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង។ តាំងពីដើមមកចាត់ទុកសម្តេចសង្ឃដាឡៃ ឡាម៉ា បច្ចុប្បន្ន ជាអ្នកបះបោរដ៏គ្រោះថ្នាក់ក្នុងការផ្តាច់តំបន់ទីបេពីចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ថា «យើងទទូចឲ្យភាគីអាមេរិក ឈប់លូកលាន់ចូលកិច្ចការផ្ទៃក្នុងចិន និងចៀសវាងការចុះហត្ថលេខាអនុម័តច្បាប់នេះ ដើម្បីបញ្ចៀសការប៉ះពាល់លើកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី»។
សូមរម្លឹកថា រដ្ឋាភិបាលចិន នៅឆ្នាំ១៩៥០ បានបញ្ជូនកងទ័ពទៅកាន់កាប់ទីបេ ដោយអះអាងថា ជាការរំដោះដោយសន្តិភាព។ ចាប់ពីពេលនោះមក ទីបេក្លាយជាតំបន់ដែលមានការរឹតត្បិតជាងគេ និងរសើបបំផុតក្នុងប្រទេសចិន។ ចំណែកសម្តេចសង្ឃដាឡៃ ឡាម៉ា បាននិរទេសចេញពីទីបេក្នុងឆ្នាំ១៩៥៩ ក្រោយបរាជ័យក្នុងការបះបោរប្រឆាំងរដ្ឋាភិបាលចិន។
ដោយឡែកចំពោះការជ្រើសរើសសម្ដេចសង្ឃដាឡៃ ឡាម៉ា ថ្មីនេះដែរ គឺជារឿងចម្រូងចម្រាសមួយផងដែរ។ ព្រោះកន្លងទៅចិន ធ្លាប់បានអះអាងថា រដ្ឋាភិបាលរបស់ខ្លួនមានសិទ្ធិក្នុងការយល់ព្រមលើសំណើក្នុងការតែងតាំងអ្នកស្នងតំណែងពីសម្តេចសង្ឃដាឡៃ ឡាម៉ា ដែលស្នើដោយសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ។
សូមជម្រាបដែរថា សម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ជាបុគ្គលិកមានឥទ្ធិពលទីពីរនៅទីបេ និងជាអ្នកកំណត់បេក្ខភាពសម្ដេចសង្ឃដាឡៃ ឡាម៉ាថ្មីដែរ។ ប៉ុន្តែសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ពិតប្រាកដត្រូវឃុំខ្លួនដោយអាជ្ញាធរចិន ហើយក៏តែងតាំងអ្នកថ្មី ដែលបច្ចុប្បន្នជាសមាជិកជាន់ខ្ពស់បក្សកុម្មុយនីស្តចិនផង។
គួរបញ្ជាក់ថា ប្រជាជនទីបេ ពិសេសអ្នកនិរទេសខ្លួន មិនទទួលស្គាល់សម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ដែលតែងតាំងដោយរដ្ឋាភិបាលចិនឡើយ ហើយទាមទារឲ្យចិនដោះលែងសម្ដេចសង្ឃ ប៉ានឈិន ឡាម៉ា ពិតប្រាកដវិញ៕ដោយ៖ស តារា