ខេត្តស្វាយរៀង៖ មានការស្រែកទ្រហោយំគួរឲ្យសោកសង្រេងបំផុតពីសំណាក់ម្ដាយ បន្ទាប់ពីមកលេងផ្ទះអ៊ំហើយកូនប្រុសស្រី២ នាក់បានរត់លេងនៅខាងក្រោយវិទ្យាល័យចេក
បណ្ដាលឱ្យលង់ទឹកស្រះបង្កការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍គួរឲ្យរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី២៧ ធ្នូ ២០២០ស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា ក្មេងដែលលង់ស្លាប់មានឈ្មោះ សិរី រាជ ភេទប្រុស អាយុ៣ឆ្នាំនិង៦ខែ និងឈ្មោះ ចាន់ ណាណង ភេទស្រីអាយុ២ ឆ្នាំ មានទីលំនៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
តាមស្ត្រីជាម្ដាយបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់បានយកកូនប្រុសស្រីទាំងពីរនាក់ទៅលេងផ្ទះអ៊ំនៅភូមិថ្នល់ សង្កាត់ចេក ក្រុងស្វាយរៀង ហើយបានរត់លេងធម្មតាតាមរបៀបក្មេងៗ។
ប្រភពបន្តថា ក្រោយមកកូនទាំង២បាននាំគ្នារត់ដេញគ្នាលេងខាងក្រោយផ្ទះដែលនៅខាងក្រោយវិទ្យាល័យចេកមួយសន្ទុះក្រោយមកស្រាប់តែមិនឃើញកូនគាត់ក៏ដើររកនិងស្រែកហៅមិនឆ្លើយតបស្រាប់តែប្រទះឃើញលង់ទឹកស្រះទើបបង្កការភ្ញាក់ផ្អើលនាំគ្នាប្រញាប់ប្រញាល់លើកស្រង់ដាក់មកលើគោក និងធ្វើចលនាដៃជើងអកុសលហួសពេលទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់សពក្មេងទាំងពីរឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងសោកសង្រេងបំផុត៕
ដោយ៖ យឹម សុថាន