​អ្នកកាសែត​ចិន​ម្នាក់ ក្រោយផ្សព្វផ្សាយ​យ៉ាង​លម្អិត​ពី​ការផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នៅ​ក្រុង​វូ​ហាន ពេលនេះត្រូវតុលាការកាត់ទោសឲ្យ​ជាប់គុក​៤​ឆ្នាំ​

ចែករំលែក៖

អន្តរជាតិ៖ ​​អ្នកកាសែតពលរដ្ឋចិនម្នាក់ បន្ទាប់ពីរូបគាត់កាលពីកន្លងទៅបានផ្សព្វផ្សាយយ៉ាងលម្អិតពីការផ្ទុះជំងឺកូវីដ​-១៩ នៅក្រុងវូហាន និងការរិះគន់ក្នុងបណ្តាញសង្គមចំពោះវិធានការរបស់អាជ្ញាធរចិនក្នុងការទប់ស្កាត់ការឆ្លងជំងឺមួយនេះ។ ស្រាប់តែនៅថ្ងៃទី២៨ ខែធ្នូ តុលាការក្រុងសៀងហៃ បានកាត់ទោសដាក់គុកចំនួន ឆ្នាំ

លោកស្រី Zhang Zhan ជាមេធាវីប្រែខ្លួនទៅជាអ្នកសារព័ត៌មាន បានរាយការណ៍យ៉ាងលម្អិតពីស្ថានភាពដំណាក់កាលដំបូងនៃការឆ្លងជំងឺកូវីដ​-19 នៅក្នុងទីក្រុងវូហាន ហើយលោកស្រី ត្រូវបានអាជ្ញាធរឃាត់ខ្លួនខែឧសភាកន្លងទៅ។

បើតាមទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយថា តុលាការមួយនៅក្រុងសៀងហៃ នៅក្នុងសវនាការថ្ងៃទី២៨ ខែធ្នូ បានផ្តន្ទាទោសលោកស្រីZhang ឲ្យជាប់គុកឆ្នាំ ក្រោយរកឃើញថាលោកស្រីមានទោសក្នុងការបង្កឲ្យមានការឈ្លោះប្រកែក និងបង្កបញ្ហា ខណៈលោក Zhang Keke ដែលជាមេធាវីរបស់លោកស្រី Zhang និយាយបែបនេះនៅក្រៅតុលាការ លោកមេធាវី បន្តថា តុលាការចាត់ទុកការចុះផ្សាយរបស់លោកស្រី ជារឿងក្លែងក្លាយ

ជាក់ស្តែងក្នុងសេចក្ដីរាយការណ៍របស់ខ្លួន លោកស្រីបានផ្សព្វផ្សាយបទយកការណ៍ទាក់ទងស្ថានភាពនៅវូហាន និងមានសំណេររិះគន់អាជ្ញាធរចិន ការផ្សព្វផ្សាយរបស់លោកស្រីត្រូវបានចែករំលែកយ៉ាងសុះសាយក្នុងបណ្តាញសង្គមចិន ដែលឈានទៅដល់ការចាប់ខ្លួនលោកស្រី ក្នុងសំណេររបស់ខ្លួន លោកស្រី Zhang រិះគន់អាជ្ញាធរចិនយ៉ាងចាស់ដៃក្នុងខែកុម្ភៈ និងចោទថា រដ្ឋាភិបាលពុំបានផ្តល់ព័ត៌មានគ្រប់គ្រាន់ដល់ពលរដ្ឋ ហើយសម្រេចបិទទីក្រុងទាំងមូលតែម្តង ដែលជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ក្រោយចាប់ខ្លួនលោកស្រី Zhang ចាប់ផ្តើមបង្អត់អាហារនៅខែមិថុនា បើយោងតាមមេធាវី លោកស្រីត្រូវបានបង្ខំឲ្យទទួលយកអាហារដោយបញ្ចូលតាមច្រមុះ បន្ថែមពីនេះ មុនពេលកាត់ក្តី លោកស្រីលើកឡើងថា បើសិនជាតុលាការកាត់ក្តីឲ្យជាប់ទោសធ្ងន់ធ្ងរ នោះលោកស្រីនឹងអត់អាហារដល់ទីបញ្ចប់ ការបង្អត់អាហារនៅពេលជាប់ឃុំ ជាវិធីសាស្ត្រចុងក្រោយបង្អស់របស់អ្នកទោស ដើម្បីប្រឆាំងរដ្ឋាភិបាលចិន

សូមជម្រាបថា ក្នុងអំឡុងពេលសវនាការ រដ្ឋអាជ្ញា បានសុំឲ្យចៅក្រមដាក់ពន្ធនាគារអ្នកកាសែតពលរដ្ឋ វ័យ៣៧ឆ្នាំរូបនេះពីបួនទៅប្រាំឆ្នាំប៉ុន្តែ លោកស្រីនៅតែអះអាងថា លោកស្រីពុំបានធ្វើខុសអ្វីឡើយ លោកស្រី Zhang មិនមែនជាមនុស្សដំបូងដែលអាជ្ញធរចិនខ្ទប់មាត់ឡើយ អាជ្ញាធចិន ធ្លាប់បានដាក់ទណ្ឌកម្មដល់មនុស្សប្រាំបីរូបរួចមកហើយ ដែលទម្លាយព័ត៌មានស្តីពីការផ្ទុះជំងឺឆ្លង និងរិះគន់វិធានការទប់ស្កាត់របស់រដ្ឋាភិបាលចិន

ជុំវិញបញ្ហានេះដែរ លោក​Leo Lan អ្នកស្រាវជ្រាវនៅអង្គការការពារសិទ្ធិមនុស្សចិនក៏បានលើកឡើងថា៖«​អាជ្ញាធរចង់យកករណីរបស់លោកស្រី Zhang ធ្វើជាឧទាហរណ៍ដើម្បីគំរាមអ្នកប្រឆាំងដទៃដែលហ៊ានចោទសួររដ្ឋាភិបាលពីស្ថានការណ៍នៃជំងឺឆ្លងនៅក្រុងវូហាន​»​

គួររម្លឹកថា ចំពោះការកាត់ក្តីអ្នកកាសែតនេះ ធ្វើឡើងប៉ុន្មានសប្តាហ៍មុនក្រុមបេសកកម្មអន្តរជាតិរបស់អង្គការសុខភាពពិភពលោក (WHO) ធ្វើដំណើរទៅចិនដើម្បីស្វែងរកពីប្រភពកូវីដ​-១៩ តុលាការចិន ត្រូវបានសង្កេតឃើញថា កាត់ទោសអ្នកប្រឆាំងអំឡុងពេលបុណ្យគ្រីស្ទម៉ាស់ និងចូលឆ្នាំថ្មី ដើម្បីចៀសវាងការរិះគន់ពីបស្ចិមប្រទេសដែលកំពុងសម្រាកចុងឆ្នាំ ការកាត់ទោសលោកស្រី Zhang ជាករណីដំបូងក្នុងចំណោមការកាត់ទោសអ្នកកាសែតពលរដ្ឋអ្នកផ្សេងទៀត ដែលត្រូវបានអាជ្ញាធរចិនឃុំខ្លួនកាលពីដើមឆ្នាំ

គួរនញ្ជាក់ថា នៅក្រៅបរិវេណតុលាការសៀងហៃ អ្នកគាំទ្រ ក៏ដូចជា៖អ្នកការទូត បានមកជួបជុំបង្ហាញសណ្តានចិត្ត ប៉ុន្តែក្រោយពេលជនជាប់ចោទ និងមេធាវីមកដល់ ប៉ូលីសបានបំបែកការជួបជុំ ដោយថែមទាំងហាមអ្នកកាសែត និងអ្នកសង្កេតការមិនឲ្យចូលទៅជិតផងដែរ៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print