ផ្ទះ ២ខ្នងទៀត​ និងអណ្តូងទឹក​ស្អាតចំនួន២ ជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចម៉ែ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានប្រគល់ជូនប្រជារាស្ត្ររស់នៅខេត្តកំពង់ស្ពឺ​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃអង្គារ​ ទី​ ២៩​ ខែធ្នូ​ ឆ្នាំ២០២០នេះ​ កាកបាទក្រហមកម្ពុជា​ បានធ្វេីពិធីប្រគល់-ទទួល​ ផ្ទះថ្មថ្មី​ចំនួន​ ២ខ្នង​ ជូនប្រជារាស្ត្រ​ ២គ្រួសារ​ និងអណ្តូង​ទឹកស្អាតចំនួន​២​ សម្រាប់ប្រជារាស្ត្រ​ ៧២គ្រួសារ​ រស់នៅស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ​ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​។​

ផ្ទះទាំង២ខ្នងនេះ​ ប្រេីពេលសាងសង់រយៈពេល ២ខែ ដែលផ្ទះនីមួយៗចំណាយថវិកា ៥.៥០០ដុល្លារ (ប្រាំពាន់ប្រាំរយដុល្លារអាមេរិក) មានទំហំ ៦ម៉ែត្រ x ៧ម៉ែត្រ ក្រាលការ៉ូ ដំបូលប្រក់ហ្វីប្រូ មានបន្ទប់ទឹកមួយក្នុងផ្ទះ និងរៀបឥដ្ឋចាក់ខឿនជុំវិញផ្ទះមួយម៉ែត្រ។ ផ្ទះទី១​ បានប្រគល់ជូនលោកតា​ មាស​ ឌឹម​ អាយុ​ ៧១ឆ្នាំ​ ជាជនជាតិខ្មែរភាគតិចសួយ​ និងលោកយាយ​ ពែក​ ណុប​ រស់នៅភូមិថ្មី​ ឃុំតាសាល​។ ផ្ទះទី២ បានប្រគល់ជូនលោកយាយ សេង ណែម​ អាយុ ៧៣ឆ្នាំ​ ចិញ្ចឹមចៅកំព្រា៣នាក់​ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី។ ដោយឡែក​ អណ្តូងទឹកស្អាតចំនួន​ ២​ សម្រាប់ប្រជារាស្ត្រ​ ៧២គ្រួសារនោះ​ ស្ថិតនៅភូមិព្រៃធំ​ ឃុំរស្មីសាមគ្គី។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះប្រជារាស្ត្រទាំងអស់។ ទន្ទឹមនឹងនេះ​ លលោកស្រី បានពាំនាំព្រះរាជបណ្តាំ និងប្រសាសន៍ផ្ដាំផ្ញើជូនប្រជារាស្ត្រទាំងអស់​ ត្រូវ​យកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ និងផឹកទឹកឆ្អិនដាំពុះជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ ជាពិសេសត្រូវអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល​ «រស់នៅធម្មតាតាមបែបគន្លងថ្មី»​ ដេីម្បីជៀសផុតពីជំងឺកូវីដ-១៩​ និងសូមថែទាំផ្ទះថ្មីនេះឱ្យបានល្អ ជាទ្រព្យសម្បត្តិតរៀងទៅ​ ក្រោមម្លប់នៃសុខសន្តិភាព។

ដេីម្បីជួយសម្រាលដល់ជីវភាពរស់នៅ​ កាកបាទក្រហមកម្ពុជា​ បានផ្តល់ជូនអំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី​​​៥​កេស,​ ត្រីខ​​​ ៥០កំប៉ុង,​ ឃីត​ (សារុង ក្រមា​ មុង ភួយ អាវយឺត)​ ១ឃីត,​ ស្បែកជើង​,​ សម្លៀកបំពាក់​,​ ភេសជ្ជៈទឹកឃ្មុំ​១ឡូ,​ ទឹកត្រី​​​ ១២ដប,​ ទឹកស៊ីអ៊ីវ​​ ១២ដប,​ ប្រេងឆា​​ ២ដប,​ អំបិល​ ​​​៥គីឡូ,​ ស្ករស​​​៥គីឡូ,​ កន្ទេល​​៣,​ កាបូប៣,​ ឈុតគ្រឿងចានឆ្នាំង​ និងថវិកា ​​​១លានរៀល។ ដោយឡែក លោកយាយលោកតាចាស់ៗ ដែលរស់នៅជិតខាងចំនួន ១៥គ្រួសារ ក្នុងម្នាក់ៗទទួលបាន អង្ករ​ មី​​​ ត្រីខ​​​ សារុង ក្រមា​ មុង ភួយ អាវយឺត​ និងថវិកា​មួយចំនួនផងដែរ៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print