នៅថ្ងៃទី២ខែមករាឆ្នាំ២០២១ មន្ត្រីរដ្ឋាភិបាលនៅទីក្រុងតូក្យូ និងខេត្តចំនួន៣ផ្សេងទៀតគឺ Saitama, Chiba និង Kanagawa បានជំរុញឲ្យរដ្ឋាភិបាលប្រកាសអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ខណៈចំនួនអ្នកឆ្លងកូវីដកើនឡើងខ្ពស់ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយនេះ។
រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Suga Yoshihide ប្រឈមនឹងគំនាបយ៉ាងខ្លាំងឱ្យប្រកាសអាសន្នទប់ស្កាត់កូវីដ-១៩ ដូចដែលធ្លាប់បានធ្វើកាលពិខែមេសាឆ្នាំ២០២០ ។ បច្ចុប្បន្ន រដ្ឋាភិបាលបានអនុវត្តវិធានការរិឹតបន្តឹងតែប៉ុណ្ណោះ ដោយបិទទ្វារទីតាំងងាយឆ្លងកូវីដ-១៩ ។ កន្លងមក នាយករដ្ឋមន្រ្តីជប៉ុនធ្លាប់បានប្រឆាំងនឹងការស្នើសុំឲ្យប្រកាសអាសន្ន។
កាលពីថ្ងៃសុក្រ ទី៣១ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ ទីក្រុងតូក្យូបានកត់ត្រានូវករណីឆ្លង COVID-19 ថ្មីៗចំនួន ១,៣៣៧ នាក់ ជាហេតុជំរុញឲ្យរដ្ឋបាលទីក្រុងស្នើសុំឲ្យប្រកាសអាសន្នថ្មីនេះ។ បើយោងតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសជប៉ុនបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៣៤,៣៩៥ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៤៦០នាក់ និងជាសះស្បើយវិញ ១៩៣,៧១៤នាក់។
ជប៉ុនបានព្រមព្រៀងទិញវ៉ាក់សាំងពីបណ្តាក្រុមហ៊ុនធំៗ ដើម្បីចាក់ជូនពលរដ្ឋ១២៦លាននាក់ ។ តាមកិច្ចព្រមព្រៀង ជប៉ុនបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុនPfizer សម្រាប់ចាក់ជូនពលរដ្ឋ៦០លាននាក់ និងទិញពីក្រុមហ៊ុន មូឌែរណាសម្រាប់ចាក់ជូនពលរដ្ឋ២៥លាននាក់។ ក្រៅពីនេះជប៉ុនក៏បានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ចំនួន១២០លានដូសផងដែរ៕
រូបភាព៖ TTXVN