តាមសារព័ត៌មាន BBC news បានផ្សាយថា វីរុសទម្រង់ថ្មីដែលមានប្រភពដើមរកឃើញក្នុងប្រទេសអង់គ្លេសនោះ ពេលនេះត្រូវបានគេរកឃើញនៅក្នុងប្រទែសវៀតណាម។ ជាកស្តែងស្ត្រីម្នាក់មកពីអង់គ្លេសត្រូវបានគេរកឃើញថាមានផ្ទុកវីរុសកូវីដ-១៩ទម្រង់ថ្មី ក្រោយវិលត្រឡប់មកពីប្រទេសអង់គ្លេសវិញ។
ចំណែកសារព័ត៌មាន Channel news Asia នៅថ្ងៃទី២ខែមករាបានផ្សាយថា ក្រសួងសុខាភិបាលវៀតណាម នៅថ្ងៃនេះបានប្រកាសរកឃើញករណីឆ្លងដំបូងនៃវីរុស COVID-19 ទម្រង់ថ្មី ដែលមានប្រភពដើមពីចក្រភពអង់គ្លេស ។ បច្បុប្បន្ន ចំនួនអ្នកឆ្លងកូវីដ-១៩ សរុបនៅវៀតណាមកើនដល់ ១,៤៧៤ករណី ក្នុងនោះស្លាប់ ៣៥នាក់ និងជាសះស្បើយ ១,៤០៦នាក់ផងដែរ។
តាមសេចក្តីប្រកាសពីក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ករណីឆ្លងវីរុសកូវីដ-១៩ ទម្រង់ថ្មីខាងលើនេះ បានកើតមានឡើងទៅលើស្ត្រីម្នាក់អាយុ ៤៤ឆ្នាំ ដែលបានធ្វើដំណើរពីចក្រភពអង់គ្លេស ត្រលប់មកប្រទេសវៀតណាមវិញ ហើយក្រុមជំនាញបានធ្វើតេស្តរកឃើញវីរុសទម្រង់ថ្មីនេះ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។ អ្នកឆ្លងវីរុស COVID-19 ទម្រង់ថ្មីជាច្រើនករណីរួចទៅហើយ ត្រូវបានរកឃើញនៅបណ្តាប្រទេសអាស៊ីមួយចំនួនទៀត ក្នុងនោះមានដូចជា ចិន កូរ៉េខាងត្បូង សិង្ហបុរី និងឥណ្ឌាជាដើម ដែលករណីទាំងនោះសុទ្ធសឹងតែនាំចូលមកពីចក្រភពអង់គ្លេស។
វីរុស COVID-19 ទម្រង់ថ្មី ត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស និងត្រូវបានក្រុមជំនាញអង់គ្លេសអះអាងថា មានសមត្ថភាពចម្លងលើសពីវីរុសទម្រង់ដើមរហូតដល់ទៅ ៤០-៧០%។ ខណៈដែលប្រទេសជាង៥០ទៅហើយបានផ្អាកជើងហោះហើរ ជាបណ្តោះអាសន្នជាមួយចក្រភពអង់គ្លេស ប្រទេសវៀតណាមវិញមិនទាន់ធ្វើដូច្នេះឡើយ ដោយសារតែជនជាតិខ្លួនជាច្រើនកំពុងជាប់គាំងនៅអង់គ្លេសនៅឡើយ។
វៀតណាម គឺជាប្រទេសដែលទប់ស្កាត់ការឆ្លងកូវីដ-១៩បានយ៉ាងល្អបំផុត ដែលសហគមន៍អន្តរជាតិទទួលស្គាល់។ សម្រាប់ប្រទេសក្នុងតំបន់អាស៊ាន ដែលមានប្រជាជនច្រើន ប៉ុន្តែវៀតណាមបានទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ល្អបំផុត៕
រូបភាព៖ BBC