មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យ ប្រជុំដាក់ផែនការដល់កម្លាំងអន្តរាគមន៍ សហការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមព្រំដែនខេត្តបន្ទាយមានជ័យ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានអញ្ជើញប្រជុំផ្សព្វផ្សាយផែនការដល់មេបញ្ជាការកម្លាំងអន្តរាគមន៍តាមបណ្តាលគោលដៅ របស់កងពលសហការជាមួយកម្លាំងចម្រុះ និងអាជ្ញាធរមូលដ្ឋានដែលកំពុងឈរជើង និងល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងគ្រប់បណ្តាគោលដៅ ត្រូវយកចិត្ដទុកដាក់ ល្បាតត្រួតពិនិត្យ២៤ម៉ោងលើ២៤ម៉ោង មិនឲ្យមានប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ដាច់ខាតនៅគ្រប់បណ្តាគោលដៅដែលបានកំណត់។

សូមបញ្ជាក់ថា ទោះបីមានការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះពលករខែ្មរ ដែលវិលត្រប់មកពីប្រទេសថៃ តាមច្រកព្រំដែន ដែលបានកំណត់យ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋមួយចំនួន នៅតែបន្តលួចឆ្លងដោយខុសច្បាប់ ចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ គិតមកដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ កម្លាំងងន្តរាគមន៍របស់កងពលតូចថ្មើរជើងលេខ៥១ សហការជាមួយកម្លាំងចម្រុះ  បានឃាត់ខ្លួនប្រជាពលរដ្ឋប្រុសស្រីសរុបបានចំនួន៧៦នាក់ និងបានបញ្ជូនពួកគាត់ទៅមន្រ្តីជំនាញ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើចត្តាឡីស័ក។

លោកមេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ សូមអរគុណចំពោះថ្នាក់ដឹកនាំ អាជីវករ និងប្រជាពលរដ្ឋ នៅជិតព្រំដែនដែលតែងតែយកចិត្តទុកដាក់និងលើកទឹកចិត្ត ដល់កងកម្លាំង បាននាំយកនូវគ្រឿងឧបភោកបរិភោគ ម៉ាស់ អាល់កុល និងជេលសម្រាប់កងកម្លាំងកំពុងប្រតិបត្តិការ ដើម្បីការពារប្រជាជន និងជាតិមាតុភូមិ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print