វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់ក្រុមហ៊ុន​ឱសថ​ចិន Sinopharm​ ត្រូវរដ្ឋាភិបាលឡាវ​ ​ចាក់​លើ​ក្រុមគ្រូពេទ្យនិង​បុគ្គលិក​សុខាភិបាល

ចែករំលែក៖

អន្តរជាតិ៖​ បើតាម​ការចុះផ្សាយ​របស់​កាសែត Vientiane Times​ បាននិយាយថា​ រដ្ឋាភិបាលឡាវ​ បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន​ឱសថ​ចិន Sinopharm លើ​ក្រុមគ្រូពេទ្យ​មួយចំនួន ដែល​ព្យាបាល និង​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​។នេះ​បើតាម​ការអះអាង​របស់ រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ លោក Bounkong Syhavong នៅ​ថ្ងៃទី​៣១ ខែធ្នូ កន្លងទៅ​។​

រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ លោក Bounkong Syhavong បាន​អះអាង​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយថា ឡាវ​បានទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ចំនួន​២​ពាន់​ដូ​ស​ពី​ក្រុមហ៊ុន​ឱសថ Sinopharm ។ ​លោក​រដ្ឋមន្ត្រី បន្ថែមថា​ វ៉ាក់សាំង​ខ្លះ ត្រូវបាន​ចាក់​លើ​ក្រុមគ្រូពេទ្យ និង​បុគ្គលិក​សុខាភិបាល ដែល​ថែទាំ​អ្នកជំងឺ​កូ​វីដ​-១៩​។​។

លោក Bounkong បាន​បញ្ជាក់ទៀតថា៖«​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ទទួលបាន​លទ្ធផល​ល្អ និង​មិនមាន​ផលប៉ះពាល់​អវិជ្ជមាន បាន​លេចឡើង​ឡើយ​»​។ ជាមួយគ្នានោះ​ លោក បន្តថា៖ វ៉ាក់សាំង​ទាំងនោះ ត្រូវបាន​ប្រើប្រាស់​ក្នុង​ស្ថានការណ៍​បន្ទាន់​តែប៉ុណ្ណោះ និង​ដោយ​ផ្អែកលើ​ការស្ម័គ្រចិត្ត​។ ការចាក់​វ៉ាក់សាំង​លើកដំបូង ធ្វើ​លើ​ក្រុមគ្រូពេទ្យ​ប្រមាណ ២០០​នាក់​។​

​សូមជម្រាបថា​ មកទល់ពេលនេះ ប្រទេសឡាវ មិនទាន់​អនុម័ត​ឲ្យ​ប្រើប្រាស់​វ៉ាក់សាំង​ណាមួយ​ជា​ផ្លូវការ​នៅឡើយ​ទេ​។ ទំនងជា​ចង់​ការពារនិង​បង្ការ​ការរិះគន់​ពី​មជ្ឈដ្ឋាន​មួយចំនួន លោក​រដ្ឋមន្ត្រី​សុខាភិបាល បាន​អះអាងថា វ៉ាក់សាំង Sinopharm ជា​វ៉ាក់សាំង​មួយ​ក្នុងចំណោម​វ៉ាក់សាំង​ផ្សេងទៀត ដែល​កំពុងស្ថិត​ក្រោម​កា​រ​ត្រួតពិនិត្យ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO)​។ ទន្ទឹមនេះ លោក Bounkong បាន​បន្តថា ចិន ក៏បាន​ចាក់​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Sinopharm លើ​ប្រជាជន​ខ្លួន​ជាច្រើន​លាន​នាក់​ផងដែរ​។

​ជាក់ស្ដែងក្រុមហ៊ុន Sinopharm នាពេលថ្មីៗ​នេះ​ បាន​អះអាងថា វ៉ាក់សាំង​របស់ខ្លួន​មាន​ប្រសិទ្ធភាព​រហូតដល់ ៧៩,៣៤ ភាគរយ ក្នុងការ​ប្រយុទ្ធប្រឆាំង​កូ​រ៉ូ​ណាវី​រុស​។ ព្រោះវ៉ាក់សាំង​ប្រភេទ​នេះ ទាមទារ​ឲ្យ​ចាក់​លើ​មនុស្ស​ចំនួន ២​ដូ​ស និង​អាច​ស្តុក​ទុក​ក្នុង​សី​តុ​ណ្ណ​ភាព​ពី ២ ទៅ​៨អង្សា​សេ​ប៉ុណ្ណោះ​។

​ក្រៅពី​ក្រុមហ៊ុន Sinopharm ឡាវ ក៏បាន​ទទួល​វ៉ាក់សាំង​របស់​រុស្ស៊ី Sputnik V ចំនួន​៥០០​ដូ​ស​ផងដែរ​។ លើសពីនេះ ឡាវ ត្រៀម​ទទួល​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ពី​គម្រោង COVAX ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អង្គការ WHO ដែល​អាច​ចាក់​លើ​ប្រជាជន​ឡាវ ១,៤​លាន​នាក់ឬ​២០​ភាគរយ នៃ​ប្រជាជន​សរុប​។

គួរបញ្ជាក់ថាគម្រោង​នេះ អាច​នឹង​ចាប់ផ្តើម​នៅក្នុង​ខែមេសា ខាង​មុននេះ​។ ខណៈប្រមុខ​រដ្ឋាភិបាល​ឡាវ លោក ថង​លួ​ន ស៊ី​សូលី​ត កន្លងមក​ បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ត្រៀមខ្លួន​ឲ្យ​រួចរាល់ ដើម្បី​ចាក់​វ៉ាក់សាំង​លើ​ប្រជាជន​របស់ខ្លួន​។ ម្យ៉ាងវិញទៀត រដ្ឋាភិបាល​ឡាវ ក៏បាន​ត្រៀម​ថវិកាបម្រុង​មួយចំនួន សម្រាប់​ទិញ​វ៉ាក់សាំង​ដែរ​។

​បច្ចុប្បន្នប្រទេសឡាវ​ គិត​ត្រឹម​ថ្ងៃទី​៣ ខែមករា​ ឆ្នាំ២០២១ នៅតែ​ជា​ប្រទេស ដែលមាន​ករណី​ឆ្លង​សរុប​តិចជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ដោយមាន​ចំនួន ៤១​ករណី និង​គ្មាន​ករណី​ស្លាប់​។ ចំណែក​អ្នកជា​សះស្បើយ​មាន​ចំនួន ៤០​នាក់​៕ដោយ៖ស​ តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print