នៅថ្ងៃទី៤ខែមករាអង្គការសិទ្ធិមនុស្សស៊ិរី (SOHR) បានឲ្យដឹងថា មានមនុស្ស១៥នាក់ស្លាប់ភាគច្រើនជាទាហានរដ្ឋាភិបាលស៊ីរី ដោយរងការវាយប្រហារពីក្រុមប្រដាប់អាវុធសំដៅទៅលើរថយន្តដឹកទាហាន ។
ការវាយប្រហារកើតឡើងនៅយប់ថ្ងៃទី៣ខែមករា នៅតំបន់ Wadi al-Azib ស្ថិតនៅក្នុងខេត្តHama ប្រទេសស៊ីរី ។ ក្រៅពីអ្នកស្លាប់មានមនុស្ស១៥នាក់ផ្សេងទៀតរងរបួស។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។
កន្លងមកក្រុមភេរវកម្ម IS បានទទួលស្គាល់ថានៅពីក្រោយការវាយប្រហារទៅលើរថយន្តក្រុងក្នុងខេត្ត Deir Ezzor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរីកាលពីថ្ងៃទី ៣០ខែធ្នូឆ្នាំ២០២០សម្លាប់ទាហានរដ្ឋាភិបាល៣៧នាក់។
ក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ត្រូវបានកម្លាំងទាហានបរទេសបណ្តេញចេញពីប្រទេសនេះនៅខែមីនាឆ្នាំ២០១៩ ។ ប៉ុន្តែក្រុមភេរវកម្មបានលាក់ខ្លួនបន្លំជាមួយពលរដ្ឋបង្កើនគម្រោងវាយប្រហារ ទៅលើគោលដៅក្នុងប្រទេសស៊ីរី និងព្រំដែនប្រទេសអុីរ៉ាក់។
តាមការប្រកាសរបស់អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា សង្គ្រាមនៅក្នុងប្រទេសស៊ីរីផ្ទុះឡើងតាំងពីឆ្នាំ២០១១ បណ្តាលឲ្យមនុស្ស387.000 នាក់ស្លាប់ និងពលរដ្ឋរាប់លាននាក់បាត់បង់ផ្ទះសម្បែង និងភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕