រថយន្តក្រុងដឹកទាហានស៊ីរី​រងការវាយប្រហារ ស្លាប់​១៥នាក់

ចែករំលែក៖

នៅថ្ងៃទី​៤ខែមករា​អង្គការសិទ្ធិមនុស្សស៊ិរី (SOHR) បានឲ្យដឹងថា មានមនុស្ស១៥នាក់​ស្លាប់​​ភាគច្រើនជាទាហានរដ្ឋាភិបាលស៊ីរី​ ដោយរងការវាយប្រហារពីក្រុមប្រដាប់អាវុធ​សំដៅទៅលើរថយន្តដឹកទាហាន ។
ការវាយប្រហារកើតឡើងនៅយប់ថ្ងៃទី៣ខែមករា នៅតំបន់ Wadi al-Azib ស្ថិតនៅក្នុងខេត្តHama ប្រទេសស៊ីរី​ ។ ក្រៅពីអ្នកស្លាប់មានមនុស្ស១៥នាក់ផ្សេងទៀតរងរបួស។ មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពរបស់ខ្លួននៅឡើយទេ។
កន្លងមកក្រុមភេរវកម្ម​ IS ​បានទទួលស្គាល់ថា​នៅពីក្រោយ​ការវាយប្រហារ​ទៅលើរថយន្តក្រុង​ក្នុងខេត្ត Deir Ezzor ស្ថិតនៅភាគខាងកើតប្រទេសស៊ីរី​កាលពីថ្ងៃទី ៣០ខែធ្នូឆ្នាំ​២០២០​សម្លាប់ទាហានរដ្ឋាភិបាល​៣៧នាក់។
ក្រុមភេរវកម្ម​ IS ​នៅក្នុងប្រទេសស៊ីរី ត្រូវបានកម្លាំងទាហានបរទេស​បណ្តេញចេញពីប្រទេសនេះនៅខែមីនាឆ្នាំ​២០១៩ ។ ប៉ុន្តែក្រុមភេរវកម្ម​បានលាក់ខ្លួនបន្លំជាមួយពលរដ្ឋ​បង្កើនគម្រោងវាយប្រហារ ទៅលើគោលដៅ​ក្នុងប្រទេសស៊ីរី និងព្រំដែនប្រទេសអុីរ៉ាក់​។
តាមការប្រកាសរបស់​អង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា សង្គ្រាមនៅក្នុងប្រទេសស៊ីរីផ្ទុះឡើងតាំងពីឆ្នាំ​២០១១​ បណ្តាលឲ្យមនុស្ស387.000 នាក់ស្លាប់ និងពលរដ្ឋរាប់លាននាក់បាត់បង់ផ្ទះសម្បែង​ និងភៀសខ្លួនទៅកាន់ប្រទេសជិតខាង៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print