ប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte បានប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យក្រុមសន្តិសុខការពារប្រធានាធិបតីត្រូវប្រឈមនិឹងការស្រាវជ្រាវពីការប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ដែលមិនទាន់ទទួលបានការអនុញ្ញាតនោះទេ។ ជាមួយគ្នានោះប្រធានាធិបតីបានព្រមានទៅកាន់ក្រុមតំណាងរាស្ត្រពីវិបត្តិប្រសិនបើតំណាងរាស្ត្រទាំងនោះជំរុញបើកការស្រាវជ្រាវនោះ។
មានប្រសាសន៍តាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី ៤ខែមករា ប្រធានាធិបតីDuterte បានបញ្ជាក់ថា ផ្ទាល់ខ្លួនលោក បានស្នើដល់កម្លាំងការពារមិនចាំបាច់ទៅចូលរួមតាមការកោះហៅរបស់សភានោះឡើយ។ លោកបានបញ្ជាក់ថា កម្លាំងទាហានការពារដែលបានចាក់វ៉ាក់សាំងគឺក្នុងគោលដៅការពារប្រធានាធិបតិបតីនិងផ្ទាល់ខ្លួនរបស់ពួកគេព្រមទាំងក្រុមគ្រួសារ។
ប្រធានាធិបតីហ្វីលីពីនបានប្តេជ្ញាថា «នឹងមានវិវាទកើតឡើង ហើយខ្ញុំនឹងចេញមុខការពារទាហានរបស់ខ្ញុំ ខ្ញុំមិនអនុញ្ញាតឲ្យទាហានរងគំនាបឬត្រូវកោះហៅទៅសាកសួរពាក់ព័ន្ធករណីចាក់វ៉ាក់សាំងឡើយ»។
កន្លងមក រដ្ឋមន្ត្រីក្រសួងសុខាភិបាលហ្វីលីពីនលោក Francisco Duque បានប្រកាសថា នឹងបើកការស្រាវជ្រាវថាហេតុអ្វីបានជាវ៉ាក់សាំងមិនទាន់ទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ ផលិតដោយក្រុមហ៊ុនSinopharm របស់ចិនបានចាក់ជូនកម្លាំងទាហានការពារវិមានប្រធានាធិបតី ។
ប្រធានាធិបតីDuterte បានប្រកាសថា នាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ (FDA) បានសហការជាមួយនាយកដ្ឋានពន្ធគយ ដើម្បីស្រាវជ្រាវវ៉ាក់សាំងនាំចូលខុសច្បាប់។
ប្រធានាធិបតីហ្វីលីពីនបានទទួលស្គាល់ថា ទាហានការពារវិមានប្រធានាធិបតីបានចាក់វ៉ាក់សាំងកូវីដ-១៩ ។ លោកបានបញ្ជាក់ថា ច្បាប់មិនបានហាមប្រាមវ៉ាក់សាំងដែលមិនទាន់ចុះបញ្ជី ឬទទួលបានការអនុញ្ញាតចាក់ជូនទាហាននោះឡើយ។ ការចែកចាយលក់នៅលើទីផ្សារទើបជារឿងខុសច្បាប់៕