យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អ្នកចាំទី Alex McCarthy របស់ក្រុម Southampton បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ–១៩ ហើយបានខកខានការប្រកួតកាលពីថ្ងៃចន្ទ ក្នុងការទទួលស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ។
កីឡាករ McCarthy ដែលបានលេងឲ្យក្រុម Southamptonនៅក្នុងការប្រកួតស្មើដោយជាមួយក្រុម West Ham United កាលពីថ្ងៃទី២៩ ខែធ្នូនោះ ពេលនេះកំពុងស្ថិតនៅដាច់ដោយឡែកពីគេ។
អ្នកចាត់ការក្លិប Southampton លោក Ralph Hasenhuettl បាននិយាយថា អ្នកចាំទីរូបនេះក៏អាចខកខានការប្រកួត FA Cup ជុំទី៣ របស់ក្រុមទល់នឹងក្រុម Shrewsbury Town ដែលស្ថិតក្នុងលីកលំដាប់ទី ៣នៅថ្ងៃថ្ងៃសៅរ៍ខាងមុខ។
លោក Hasenhuettl បានបន្ថែមថា “បន្ទាប់ពីការធ្វើតេស្តជុំចុងក្រោយយើងមានករណីវិជ្ជមានមួយ ដោយអ្នកចាំទី Alex McCarthy។ ដូច្នេះគាត់មិនបានចូលរួមការប្រកួតនៅថ្ងៃចន្ទទេ ហើយប្រហែលជាការប្រកួតជាមួយក្រុម Shrewsbury ក៏អាចនឹងត្រូវអវត្តមានផងដែរ ព្រោះគាត់ត្រូវតែនៅដាច់ដោយឡែកពីគេមួយរយៈ” ។
សូមបញ្ជាក់ថា ក្រោយប្រកួតឈ្នះ១ទល់០ ជាមួយក្រុមហង្សក្រហម Liverpool ក្រុម Southampton ឈរនៅចំណាត់ថ្នាក់លេខ៦ ក្នុងតារាងលីកមាន២៩ពិន្ទុបន្ទាប់ពី១៧ប្រកួតនៅលីកកំពូលអង់គ្លេស ៕ដោយ៖ភារៈ