អន្តរជាតិ៖ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ និងជួយសង្គ្រោះប្រព័ន្ធសុខាភិបាលនៃចក្រភពអង់គ្លេស ដែលកំពុងមានសម្ពាធខ្លាំង លោក បូរីស ចនសុន នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស នៅថ្ងៃទី៤ ខែមករា បានចេញប្រកាសបិទប្រទេសសារជាថ្មី។ ខណៈការប្រកាសបិទតំបន់នេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអង់គ្លេសបានចាប់ផ្តើមចាក់វ៉ាក់សាំងរបស់សកលវិទ្យាល័យ Oxford ដែលសហការជាមួយក្រុមហ៊ុនឱសថ AstraZeneca។
ជាក់ស្តែងបើទោះបីជារដ្ឋាភិបាលចាត់វិធានការតឹងរ៉ឹង ការកំណត់ចំនួនមនុស្សក្នុងការជួបជុំ ការបិទទីកន្លែងសាធារណៈមួយចំនួនក៏ដោយ ប៉ុន្តែស្ថានការណ៍កូវីដ-១៩ របស់ចក្រភពអង់គ្លេស មិនបានថមថយឡើយ ។ បន្ទាប់ពីអង់គ្លេស នៅថ្ងៃទី៤ ខែមករា ម្សិលមិញនេះ បានប្រកាសថា ករណីឆ្លងថ្មីមានចំនួន ៥៨៧៨៤ករណី និងអ្នកស្លាប់ ៤០៧នាក់។ ការហក់ឡើងនៃករណីឆ្លងប្រចាំថ្ងៃនេះ បណ្តាលមកពីកូរ៉ូណាវីរុសដែលវិវឌ្ឍទៅជាទម្រង់ថ្មី VUI–202012/01 ដែលត្រូវបានរកឃើញកន្លងទៅ។
ជាមួយការកើនឡើងករណីឆ្លង ស្របពេលមន្ទីរពេទ្យនៅអង់គ្លេសកំពុងមានអ្នកជំងឺកូវីដ-១៩ ច្រើន ទេីបនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស បូរីស ចនសុន បានប្រកាសបិទតំបន់អង់គ្លេសទាំងមូល។
លោកនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះក្នុងសុន្ទរកថាទៅកាន់ប្រជាជនថា៖«ដូចនេះ យើងត្រូវតែបិទអង់គ្លេសដែលជាវិធានការរឹតត្បិតបំផុតដើម្បីទប់ស្កាត់ទម្រង់ថ្មីនៃកូរ៉ូណាវីរុសនេះ»។ លោក ចនសុន បានបន្ថែមថា បើសិនបើស្ថានការណ៍កូវីដ-១៩អាចធូរស្រាល អង់គ្លេសអាចនឹងដើរចេញពីការបិទតំបន់នេះនៅពាក់កណ្តាលខែកុម្ភៈខាងមុខ។ លោកពន្យល់ថា ការបិទតំបន់ ជាជម្រើសល្អបំផុត ស្របពេលប្រទេសកំពុងមានសម្ពាធខ្ពស់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដោយឡែកសម្រាប់ការបិទប្រទេសជាថ្មីនេះ អង់គ្លេស បានបិទហាងទំនិញ និងមុខជំនួញមិនចាំបាច់មួយចំនួន។ សាលារៀនទាំងអស់ ត្រូវបិទប៉ុន្តែក្មេងៗ ដែលមានឪពុកម្តាយមានការងារសំខាន់ អាចបញ្ជូនទៅសាលារៀនបាន។ ចំណែកការប្រលងផ្សេងៗ មិនអាចធ្វើឡើងបានឡើយ។ ចន្លោះពីខែមេសា ដល់ខែមិថុនា អង់គ្លេស បានខូចខាតសេដ្ឋកិច្ចរបស់ខ្លួនប្រមាណ២០ភាគរយ ដោយសារការបិទតំបន់ ស្របពេលក្រុមហ៊ុនមួយចំនួនត្រូវក្ស័យធន។
សូមជម្រាបដែរថា ក្រៅពីអង់គ្លេស ទឹកដីចក្រភពអង់គ្លេសឯទៀតដូចជា៖ ស្កុតឡែន វែល និងអៀរឡង់ខាងជើង មិនសូវមានវិធានការតឹងរ៉ឺងឡើយ។ នៅស្កុតឡែន រដ្ឋមន្ត្រីទីមួយ លោកស្រី Nicola Sturgeon ប្រកាសដាក់រដ្ឋក្រោមការរឹតបន្តឹងដែលមានសុពលភាពចាប់តាំងពីពាក់កណ្តាលយប់ ថ្ងៃទី៤ ខែមករាតទៅ។ ចំណែកវែល និងអៀរឡង់ មិនបានបិទតំបន់ដូចគេឡើយ ប៉ុន្តែស្ថិតនៅក្នុងវិធានការរឹតត្បិតមួយចំនួនដែលតម្រូវឲ្យបិទសាលារៀន និងហាមការជួបប្រជុំ។
បេីតាមលោកតា Brian Pinker ដែលមានវ័យ ៨២ឆ្នាំ និងជាអ្នកជំងឺត្រូវលាងឈាមនោះ បានទទួលការចាក់វ៉ាក់សាំងរបស់សកលវិទ្យាល័យOxford ដំបូងគេ។ បើតាមការអះអាងរបស់អ្នកគ្រប់គ្រងលើការថែទាំចូលនិវត្តន៍រូបនេះ លោកពិតជាសប្បាយចិត្តណាស់ ដែលទទួលបានវ៉ាក់សាំងអភិវឌ្ឍដោយសកលវិទ្យាល័យ Oxford។
បច្ចុប្បន្ន អង់គ្លេស គិតត្រឹមថ្ងៃទី៤ ខែមករា មានករណីឆ្លងសរុបចំនួនជាង ២,៧លានករណី និងអ្នកស្លាប់មានចំនួនជាង ៧,៥ម៉ឺននាក់។
គួរបញ្ជាក់ថា ការប្រកាសបិទប្រទេសនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអង់គ្លេស បានប្រកាសឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលសហការជាមួយសកលវិទ្យាល័យ Oxford។ យុទ្ធនាការចាក់វ៉ាក់សាំងទីពីរ ដែលអនុម័តឲ្យប្រើប្រាស់នៅចក្រភពអង់គ្លេសនេះ ត្រូវបានរដ្ឋាភិបាលសាទរយ៉ាងខ្លាំង ព្រោះវាជាចំណែកមួយ ទប់ស្កាត់ការរាតត្បាតកូរ៉ូណាវីរុស ក៏ដូចជាទម្រង់ថ្មីនៃកូរ៉ូណាវីរុស ដែលដែលកំពុងអុកឡុកផងដែរ៕ដោយ៖ស តារា