ចាប់ខ្លួនមេកន្ទុយលេខម្នាក់នៅស្រុកកោះធំបញ្ជូនទៅតុលាការ

ចែករំលែក៖

ខេត្តកណ្តាល៖ បុរសជាមេកន្ទុយលេខម្នាក់ប្រចាំឃុំសំពៅពូន ស្រុកកោះធំ ត្រូវបានសមត្ថកិច្ចនគរ​បាល​ចាប់ខ្លួនរួមជាមួយវត្ថុតាងជាក់ស្តែង បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ។

ជនសង្ស័យជាមេកន្ទុយលេខត្រូវបានចាប់ខ្លួន កាលពីវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចុងខ្សាច់  ឃុំឈើខ្មៅ ស្រុកកោះធំ ខណៈដែលកំពុងជិះម៉ូតូដើរប្រមូលលេខឆ្នោតពីកូនស៊ីវ(កូនកញ្ច្រែង) ។

លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះមានឈ្មោះ សាម  វណ្ណា ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិខ្ពប ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

លោកអធិការបានបន្តថា ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យរូបនេះសមត្ថកិច្ចបានធ្វើការដកហូតបានវត្ថុតាងពាក់ព័ន្ធមួយចំនួនរួមមាន ក្រដាសកត់កន្ទុយលេខចំនួន ០៦សន្លឹក ,ទូរ​ស័ព្ទដៃចំនួន០១គ្រឿង ,ប្រាក់រៀលចំនួន៤៩៦.៤០០រៀល ,ប្រាក់វៀតណាម​ចំនួន៤៩៨.​០០​០​ដុង និងម៉ូតូមួយគ្រឿងម៉ាកហុងដាPCX ពណ៌ស គ្មានស្លាកលេខ ។

លោកវរសេនីយ៍ត្រី ឈឿន ប៊ុនឆន បានបន្តថា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលទទួលបានព័ត៌មាន​ថា ជនសង្ស័យជាមេកន្ទុយលេខរូបនេះជិះម៉ូតូម៉ាកហុងដាPCX ទៅដើរប្រមូលលេខឆ្នោតពីកូនស៊ីវនៅក្នុងភូមិ​សាស្ត្រឃុំឈើខ្មៅ ។ បន្ទាប់ពី​ទទួល​បានព័ត៌មាន លោកក៏បានដឹកនាំកម្លាំងចុះទៅធ្វើការបង្ក្រាប រហូតឈានឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាង​ជាក់ស្តែង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ជនសង្ស័យឈ្មោះ សាម  វណ្ណា បានសារភាពថា លេខឆ្នោតដែលគេប្រមូលពីកូនស៊ីវ គឺគេមិនបានយកទៅឲ្យអ្នកណាឡើយដោយទុកស៊ីសងខ្លួនឯង ៕

IMG-20160221-WA0026

IMG-20160222-WA0002

IMG-20160222-WA0001

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print