នៅក្នុងមហាសន្និបាតបក្ស មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច៥ឆ្នាំកន្លងមកមិនបានសម្រេចគោលដៅដូចការគ្រោងទុកនោះឡើយ ។
នៅក្នុងមហាសន្និបាតនាថ្ងៃទី ៥ ខែមករា ឆ្នាំ២០២១ មេដឹកនាំ គីមជុងអ៊ុន បានដឹកនាំមហាសន្និបាត ដោយលោកបានលើកឡើងថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច៥ឆ្នាំកន្លងមក មិនសម្រេចតាមគោលដៅដែលបក្សបានដាក់ចេញនោះទេ។ នៅពេលនេះលោកបានសម្រេចស្វែងរកចក្ខុវិស័យថ្មី ដើម្បីឲ្យវិស័យសេដ្ឋកិច្ចជាតិលោតផ្លោះ ។
តាមសារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានពីសារព័ត៌មានកូរ៉េខាងជើង(KCNA) ដែលបានផ្សាយថា នៅក្នុងមហាសន្និបាតបក្ស លោកគីម ជុងអ៊ុន បានលើកឡើងពីគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច៥ឆ្នាំកន្លងមក គឺនៅឆ្នាំ២០១៦-២០២០ នៅគ្រប់វិស័យ ។ លោក គីម បានបញ្ជាក់ទៀតថា ឧបសគ្គពីខាងក្រៅបានបង្កផលលំបាកដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច។
មេដឹកនាំកូរ៉េខាងជើងនឹងស្វែងរក ផ្លូវដើរថ្មី ដើម្បីនាំសេដ្ឋកិច្ចប្រទេសជាតិលោតផ្លោះក្នុងដំណាក់កាលថ្មី ។ សារព័ត៌មានកូរ៉េខាងជើងមិនបានផ្សាយពី ចក្ខុវិស័យថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ដែលមេដឹកនាំគីម ជុងអ៊ុន លើកឡើងដើម្បីបង្កើនកម្រិតជីវភាពរស់នៅរបស់ពលរដ្ឋ។
ចូលរួមក្នុងមហាសន្និបាតបក្សពលករកូរ៉េខាងជើង មានសមាជិក៥០០០នាក់ចូលរួម ពីបណ្តាខេត្តក្រុងនានា។ មហាសន្និបាតបក្សកើតឡើងក្នុងពេលដែលសេដ្ឋកិច្ចកូរ៉េខាងជើងធ្លាក់ចុះ ហើយអាមេរិកផ្លាស់ប្តូរមេដឹកនាំថ្មី ។
ក្រៅពីការដាក់ដាក់ទណ្ឌកម្មរបស់អាមេរិក សេដ្ឋកិច្ចកូរ៉េខាងជើង នៅរងផលប៉ះពាល់ពីគ្រោះធម្មជាតិ និងការបិទព្រំដែន ដោយសារតែការឆ្លងរាលដាលនៃវីរុសកូវីដ-១៩៕
រូបភាព៖ KCNA/Reuters