ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ នៅរសៀលនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ បានផ្ដល់អំណោយមនុស្សធម៌ជាអង្ករជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ដោយក្នុង១ខណ្ឌទទួលបានអង្ករ១០តោន សម្រាប់ទុកចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួន ដែលពិធីនេះបានប្រព្រឹត្ដទៅនៅសាខាកាកបាទក្រហមរាជធានីភ្នំពេញ។
ថ្លែងក្នុងពិធីសំណេះសំណាល និងប្រគល់អំណោយមនុស្សធម៌ជាអង្ករជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤នេះ លោក ឃួង ស្រេង បានបញ្ជាក់ថា អង្ករទាំងនេះគឺជាអំណោយមនុស្សធម៌ដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ដោយក្នុង មួយអនុសាខាទទួលបានអង្ករចំនួន ១០តោន។
លោកបានបន្តថា អង្ករដែលបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ក្នុងឱកាសនេះ គឺសម្រាប់ទុកចែកជូនលោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋមាន ជីវភាពខ្វះខាតរួមមាន ជនពិការ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍ ទុរគតជននៅតាមសហគមន៍ និងជាពិសេសជូនប្រជាពលរដ្ឋដែលជួបផលប៉ះពាល់ក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ នៅតាមបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។
លោកអភិបាលរាជធានីបានណែនាំដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌទាំង១៤ ត្រូវផ្តល់អំណោយដ៏ថ្លៃថ្លានេះឱ្យដល់ដៃប្រជាពលរដ្ឋតាមរយៈការចុះសួរសុខទុក្ខតាមខ្នងផ្ទះ ដោយជៀសវាងការជួបជុំក្នុងទ្រង់ទ្រាយធំ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
លោកបានបន្តថា កម្ពុជា ក្រោមការចង្អុលបង្ហាញជាប្រចាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបការចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះ និងជន ងាយរងគ្រោះ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា គ្រោះអគ្គិភ័យ ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត បាក់ច្រាំងទន្លេ គ្រោះថ្នាក់ចរាចរណ៍ និងប្រជាពលរដ្ឋដែលជួបការលំបាកខ្លាំងក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ជាដើមស្របតាមទិសស្លោកទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ៕ សំរិត