អន្តរជាតិ៖ បើតាមការបញ្ជាក់របស់មន្ត្រីទទួលវ៉ាក់សាំងរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ បានអះអាងថា៖ ក្រុមប្រទេសក្រីក្របំផុត អាចរំពឹងទទួលបានវ៉ាក់សាំងជំងឺកូវីដ-១៩ នៅចន្លោះចុងខែមករា និងពាក់កណ្ដាលខែកុម្ភៈខាងមុខ។ ខណៈវ៉ាក់សាំងជាច្រើន កំពុងស្ថិតក្រោមការអភិវឌ្ឍនៅតាមដំណាក់កាលផ្សេងៗ WHO ក៏ប្រកាសដែរថា អាចនឹងផ្ដល់ការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅពេលបន្តបន្ទាប់ទៀត។
បេីតាមប្រធានផ្នែកវ៉ាក់សាំងរបស់ WHO លោកស្រី Kate O’Brien បាននិយាយថា ការផ្ដល់វ៉ាក់សាំងដំបូងទៅកាន់ប្រទេសក្រីក្រ អាចនឹងចាប់ផ្ដើមនៅប៉ុន្មានសប្ដាហ៍ទៀត។ ជាក់ស្តែងនៅក្នុងសន្និសីទអនឡាញនៅថ្ងៃទី៧ ខែមករាម្សិលមិញនេះ លោកស្រី O’Brien បញ្ជាក់កាលបរិច្ឆេទទទួលវ៉ាក់សាំងថា WHO នឹងបញ្ចេញវ៉ាក់សាំងទាំងជាង២ពាន់លានដូស ប្រហែលនៅចុងខែមករា ឬចាប់ពីពាក់កណ្ដាលខែកុម្ភៈដល់ចុងខែកុម្ភៈ។
ប្រធានផ្នែកវ៉ាក់សាំងរបស់ WHO រូបនេះ បញ្ជាក់បន្ថែមថា៖«នេះជារបៀបដែលប្រទេសនៅអាហ្វ្រិក និងអាស៊ីខាងត្បូង និងប្រទេសឯទៀតនៅជុំវិញពិភពលោកទាំង៩២ ដែលពិបាកទទួលបានវ៉ាក់សាំង អាចទទួលបានវ៉ាក់សាំង»។
លោកស្រី O’Brien អះអាងទៀតថា ជាមួយនឹងវ៉ាក់សាំងច្រើន WHO កំពុងសកម្មក្នុងការត្រួតពិនិត្យទិន្នន័យរបស់វ៉ាក់សាំងទាំងនោះ ហើយរំពឹងថា នឹងបញ្ចូលក្នុងវ៉ាក់សាំងនោះក្នុងបញ្ជីប្រើប្រាស់បន្ទាន់នៅពេលសប្ដាហ៍ខាងមុខ និងខែខាងមុខៗ។
សូមជម្រាបថា មជ្ឈមណ្ឌល COVAX ដែលបង្កើតនៅខែមេសា ឆ្នាំ២០២០ ជាយន្តការដ៏សំខាន់របស់អង្គការសុខភាពពិភពលោកក្នុងការទិញនិងការធានាការចែកចាយវ៉ាក់សាំងកូវីដ-១៩ ។ បន្ទាប់ពី COVAX បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនឱសថនានាដើម្បីទិញវ៉ាក់សាំង២ពាន់លានដូស ដើម្បីចែកឲ្យប្រទេសក្រីក្រ និងមានចំណូលទានចំនួន៩២ នៅទូទាំងប្រទេស ដោយប្រទេសនីមួយៗអាចទទួលបានវ៉ាក់សាំង២០ភាគរយនៃចំនួនប្រជាជនសរុប។
គួររម្លឹកដែរថា WHO កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅ ក៏បានផ្ដល់ការទទួលស្គាល់បន្ទាន់លើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer ដែលសហការជាមួយក្រុមហ៊ុនអាល្លឺម៉ង់ BioNTech ។ ការទទួលស្គាល់នេះ បើកផ្លូវឲ្យប្រទេសក្រីក្រដែលមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវាយតម្លៃលើគុណភាពវ៉ាក់សាំង អាចពន្លឿននីតិវិធីក្នុងស្រុករៀងៗខ្លួនដើម្បីអាចប្រើប្រើប្រាស់វ៉ាក់សាំងបានរហ័ស។
ដោយឡែងបេីយោងតាមរបាយការណ៍ WHO វ៉ាក់សាំង៦៣ហើយ បានសាកល្បងលើមនុស្ស ហើយ២១ទៀត ស្ថិតក្នុងការសាកល្បងទ្រង់ទ្រាយធំ។ វ៉ាក់សាំង១៧២ទៀត ស្ថិតក្នុងការអភិវឌ្ឍក្នុងមន្ទីរពិសោធ ហើយដែលអាចឈានដល់ការសាកល្បងលើមនុស្ស៕ដោយ៖ស តារា