ខេត្តឧត្ដរមានជ័យ ៖ ដីព្រៃឈើរបស់រដ្ឋគ្របដណ្ដប់ដោយព្រៃឈើស្រោងរាប់រយហិកតានៅតាមបណ្ដោយជួរភ្នំដងរែក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានបំផ្លាញដោយគ្រឿងចក្រអេស្កាវ៉ាទ័រ ឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានឱ្យដឹងនៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះថា សកម្មភាពគ្រឿងចក្របានឈូសឆាយព្រៃជាច្រើនខែមកហើយ មិនដែលឃើញមានសមត្ថជំនាញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធណាម្នាក់ ខ្វាយខ្វល់ពីការបាត់បង់ធនធានធម្មជាតិ ជាសម្បត្តិរដ្ឋរាប់រយហិកតានោះឡើយ។
សេចក្ដីរាយការណ៍បានបន្តថា ដីព្រៃឈើរបស់រដ្ឋខាងលើ ត្រូវបានក្រុមអ្នកមានអំណាចមួយក្ដាប់តូចគុបគិតគ្នាឈូសឆាយយកដីធ្វើជាកម្មសិទ្ធិចែកគ្នាចំនួន ៥០០ហិកតា ឬអាចលើសពីនេះទៀត។
លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ដីខាងលេី ជាដីរបស់លោក ទេព ឃុនណាល់ ដែលបានស្នើសុំវិយោគដីសម្បទានសេដ្ឋកិច្ច ចំនួន១.៥០០ហិកតា ប៉ុន្តែដោយសារមិនបានធ្វើការអភិវឌ្ឍក៏បានប្រគល់ជូនរដ្ឋវិញចំនួន ១០០០ហិកតា ដោយឡែកដី ៥០០ហិកតាកំពុងធ្វើការឈូសឆាយ គឺខាងខេត្តប្រគល់ឱ្យដោយសារលោក ទេព ឃុនណាល់គាត់មានឯកសារលក់ទិញពីប្រជាពលរដ្ឋ។
លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ក៏បានលើកឡើងដូចលោកអភិបាលស្រុកផងដែរ តែលោកបានបញ្ជាក់ថា ចំពោះច្បាប់ឈូសឆាយ លោកមិនបានដឹងទេ ៕ ដោយ ៖ ប៉ែន នួន