ដីព្រៃឈើរបស់រដ្ឋរាប់រយហិកតានៅតាមបណ្ដោយជួរភ្នំដងរែក​កំពុងត្រូវបានបំផ្លាញដោយគ្រឿងចក្រ​គាស់កាយទន្ទ្រានយកដីធ្វើកម្មសិទ្ធិឯកជន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ ដីព្រៃឈើរបស់រដ្ឋគ្របដណ្ដប់ដោយព្រៃឈើស្រោងរាប់រយហិកតានៅតាមបណ្ដោយជួរភ្នំដងរែក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ កំពុងត្រូវបានបំផ្លាញដោយគ្រឿងចក្រអេស្កាវ៉ាទ័រ ឈូសឆាយទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិឯកជន។

សេចក្ដីរាយការណ៍​ពីប្រជាពលរដ្ឋរស់នៅភូមិ​ឃុំខាងលើបានឱ្យដឹង​នៅព្រឹកថ្ងៃទី០៨ ខែមករា​ ឆ្នាំ២០២១នេះ​ថា សកម្មភាពគ្រឿងចក្រ​បានឈូសឆាយព្រៃជាច្រើនខែមកហើយ មិនដែលឃើញមានសមត្ថជំនាញ​ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធណាម្នាក់ ខ្វាយខ្វល់ពីការបាត់បង់ធនធានធម្មជាតិ ជាសម្បត្តិរដ្ឋ​រាប់រយហិកតានោះឡើយ។

សេចក្ដីរាយការណ៍​បានបន្តថា​ ដីព្រៃឈើរបស់រដ្ឋខាងលើ​ ត្រូវបានក្រុមអ្នកមានអំណាចមួយក្ដាប់តូច​គុបគិតគ្នាឈូសឆាយយកដីធ្វើជាកម្មសិទ្ធិ​ចែកគ្នាចំនួន​ ៥០០ហិកតា ឬអាចលើសពីនេះទៀត។

លោក​ ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា​ ដីខាងលេី​ ជាដីរបស់លោក​ ទេព​ ឃុនណាល់ ដែលបានស្នើសុំវិយោគដីសម្បទានសេដ្ឋកិច្ច​ ចំនួន​១.៥០០ហិកតា ប៉ុន្តែដោយសារមិនបានធ្វើការអភិវឌ្ឍក៏បានប្រគល់ជូនរដ្ឋវិញចំនួន ១០០០ហិកតា ដោយឡែកដី​ ៥០០ហិកតា​កំពុងធ្វើការឈូសឆាយ គឺខាងខេត្តប្រគល់ឱ្យដោយសារលោក​ ទេព​ ឃុនណាល់​គាត់មានឯកសារលក់ទិញពីប្រជាពលរដ្ឋ។

លោក​ សូត្រ​ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មខេត្តឧត្ដរមានជ័យ ក៏បានលើកឡើងដូចលោកអភិបាលស្រុកផងដែរ​ តែលោកបានបញ្ជាក់ថា​ ចំពោះច្បាប់ឈូសឆាយ លោកមិនបានដឹងទេ ៕​ ដោយ​ ៖​ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print