(ខេត្តបន្ទាយមានជ័យ)៖ បុរសពិការជើងទាំងសងខាង ម្នាក់បានដាក់ស្លាកអង្គុយលក់ទឹកលើចញ្ចើមផ្លូវ ១ដបតម្លៃ១០០០រៀល ដើម្បីចិញ្ចឹមគ្រួសារដែលមានជីវភាពខ្វះខាតជាខ្លាំង និងមានកូន៦នាក់នៅក្នុងបន្ទុក។
បុរសជនពិការលោក ម៉ៅ រ៉ូ រស់នៅក្នុងភូមិម៉ក់ហ៊ឺន ឃុំទួលពង្រ ស្រុកម៉ាឡៃរៀបរាប់ថា ដោយសារក្រុមគ្រួសារមានជីវភាពខ្វះខាតបាននាំកូនប្រុសរបស់គាត់មកដាក់ស្លាកលក់ទឹក បារី ប្រេងក្រឡា ដែកកេះ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចំងាយពីផ្លូវចូលវត្តអូខាយដនប្រមាណជា៥០ម៉ែត្រ នៅក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលបានពី១០,០០០រៀល ទៅ២០,០០០រៀល គ្រាន់ដោះស្រាយជីវភាព។
លោកបញ្ជាក់ថា មូលហេតុដែលលោកពិការជើងទាំងសងខាងនេះ ដោយសារមានជំងឺបន្ទាប់ពីចាក់ថ្នាំក៏ស្វិតជើងតាំងពីកាលពីអាយុ៦ឆ្នាំមកម្លេះ សព្វថ្ងៃក្រុមគ្រួសាររបស់លោកមានជីវភាពខ្វះខាតយ៉ាងណាក៏លោកសម្រេចចិត្តមិនលាតដៃសុំប្រាក់គេនោះទេ ដោយសារលោកធ្លាប់មានប្រវត្តឈឺចាប់ នៅពេលដែលលោកបានចំណាកស្រុកសុំប្រាក់គេនៅប្រទេសថៃ កាលពី៦ទៅ៧ឆ្នាំមុន ត្រូវបានជនជាតិថៃជេរប្រមាថ ហើយប្តឹងសមត្ថកិច្ចឲ្យចាប់ដាក់ពន្ធនាគារយៈពេល៦ខែ។ ម្យ៉ាងវិញទៀតកូនរបស់លោកកាន់តែធំៗដឹកក្តីខ្លះៗហើយ ខ្លាចពួកគាត់ខ្មាស់គេ និងដើម្បីធ្វើជាគំរូល្អដល់កូនៗ និងចង់បង្រៀនកូនឲ្យចេះតស៊ូក្នុងជីវិតឆាក់ជីវិត្តទើបសម្រេចចិត្តប្រកបមុខរបរវិញមិនសុំលុយគេឡើយ។
ដោយប្រាក់ចំណូលបន្តិចបន្តួចបានមកពីការលក់ទឹកមិនគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់ក្រុមគ្រួសារ នៅថ្ងៃខាងមុខ លោក ម៉ៅ រ៉ូ ចង់ប្រកបរបរកសិកម្មមួយជាលក្ខណៈគ្រួសារ គឺចិញ្ចឹមត្រី និងមាន់ នៅផ្ទះរបស់ខ្លួន លើផ្ទៃដី១៥ម៉ែត្រ គុណ៦០ម៉ែត្រ ដែលអាជ្ញាធរបានចែកអោយលោករស់នៅបច្ចុប្បន្ននេះ។ លោកបានអំពាវនាវ ដល់អាជ្ញាធរ រួមទាំងសប្បុរសជនក្នុងនិងក្រៅប្រទេសជួយផ្តល់ជាសម្ភារកសិកម្ម ពូជត្រី និងមាន់ ឬជាប្រាក់កស់ធ្វើជាដើមទុន ដើម្បីផ្គត់ផ្គង់ដល់គ្រួសារ៕វណ្ណា