ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ថែមទៀត ដែលជាពលករខ្មែរ ទើបធ្វើដំណើរត្រឡប់មកពីប្រទេសថៃ និងព្យាបាល ជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន០៣នាក់ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សូមជម្រាបថា គិតមកត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ១៩ សរុបចំនួន ៣៨៧នាក់ ក្នុងនោះ៣៦៥នាក់បានជាសះស្បើយ និងអ្នកជំងឺចំនួន២២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
ក្រសួងសុខាភិបាលបានប្រកាសថា, អ្នកឆ្លងជំងឺកូវីដ១៩ថ្មីនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គល់បុរី ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបាន ដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ដោយឡែកចំពោះអ្នកជាសះស្បើយទាំង៣នាក់រួមមាន៖
ទី១-ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ទី២- ស្រ្តីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ អនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ទី៣- ស្ត្រីជនជាតិខ្មែរ-អាមេរិកាំង អាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) មកដល់កម្ពុជានៅថ្ងៃទី០១ មករា ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន៕
ដោយ, សិលា