ឥណ្ឌូណេស៊ី៖ ជើងហោះហើរលេខ SJ182 របស់ក្រុមហ៊ុនអាកាសចរណ៍Sriwijaya បានបាត់ខ្លួនចេញពីប្រព័ន្ធរាដាបញ្ជាការហោះហើរ ក្រោយរយៈពេល៤នាទី ហោះចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងចាការតា នៅល្ងាចថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១។
តាមទិន្នន័យហោះហើរ FlightRadar24 បានឲ្យដឹងថា យន្តហោះដែលបាត់ខ្លួនប្រភេទ Boeing 737-500 ។ នៅពេលនេះក្រុមហ៊ុនSriwijaya មិនទាន់លើកឡើងពីបញ្ហាខាងលើនៅឡើយទេ។ តាមទិន្នន័យរបស់ FlightRadar24 អាកាសយានិកបានទម្លាក់កម្ពស់ ជាង ៣០០០ម៉ែត្រក្នុងរយៈពេលតែ១នាទីប៉ុណ្ណោះ។ ហេតុការណ៍កើតឡើងក្រោយចាកចេញពីអាកាសយានដ្ឋានSoekarno-Hatta ក្នុងទីក្រុងចាការតា៤នាទីប៉ុណ្ណោះ ឆ្ពោះទៅកាន់ទីក្រុងPontianak ។
តាមសារព័ត៌មានSouth China Morning Post បានផ្សាយថាយន្តហោះដឹកអ្នកដំណើរ៥៦ នាក់ និងក្រុមអាកាសយានិក ៦នាក់។ តាមទិន្នន័យ FlightRadar24 ការទម្លាក់កម្ពស់ បានបញ្ចប់ទៅនៅតំបន់សមុទ្រភាគខាងជើង ទីក្រុងចាការតា។
ក្រុមជួយសង្គ្រោះបានខិតខំស្វែងរកនៅទីតាំងដែលយន្តហោះបាត់សញ្ញាទំនាក់ទំនង។ តាមសារព័ត៌មានCNNអ្នកនេសាទនៅតំបន់សមុទ្រ បានឮស៊ូសំឡេងយ៉ាងខ្លាំងដូចផ្ទុះគ្រាប់បែក។
មេបញ្ជាការនាវាយាមល្បាត លោក EKo Surya Hadi បានឲ្យដឹងថា បានរកឃើញសាកសពនិងបំណែកយន្តហោះដែលបានបាត់ខ្លួន។ ក្រុមជួយសង្គ្រោះក៏បានរកឃើញបំណែកផងដែរ ប៉ុន្តែមិនទាន់បញ្ជាក់ថា ជារបស់យន្តហោះដែលបាត់ខ្លួនឬយ៉ាងណានោះទេ៕ ដោយ៖ធីរីណា
រូបភាព៖Airlive/Twitter.