ពលរដ្ឋប៉ាគីស្ថានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាច រងការវាយប្រហារភេរវកម្ម ខណៈ ដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស។
សារព័ត៌មានSputnik បានផ្សាយថា មានករណីដាច់ចរន្តអគ្គិសនីជាតិ នៅយប់ថ្ងៃទី ៩ខែមករាឆ្នាំ២០២១ ធ្វើឲ្យប្រទេសទាំងមូលស្ថិតនៅក្នុងភាពងងឹត។ ហេតុការណ៍ខាងលើធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅ របស់ពលរដ្ឋ។ ការដាច់ចរន្តអគ្គិសនី បង្កក្តីបារម្ភពីការវាយប្រហារភេរវកម្មកើតឡើង។ តំបន់ដែលរងគ្រោះដោយដាច់ចរន្តអគ្គិសនី មាន រដ្ឋធានី Islamabad និងខេត្តក្រុងជាច្រើន ដូចជា Karachi, Lahore, Multan, Rawalpindi, Sialkot, Sahiwal, Gujranwala, Peshawar និង Bahawalpur រងផលប៉ះពាល់ដោយដាក់ភ្លើង។ មូលហេតុនៃការដាច់ភ្លើងគឺដោយសារតែបណ្តាញ បញ្ជូនថាមពលជួបបញ្ហា ធ្វើឲ្យ ក្រិតថាមពលអគ្គិសនីថយចុះយ៉ាងខ្លាំង។
តាមការប្រកាសរបស់ក្រសួងថាមពល ប៉ាគីស្ថានលោក Omar Ayub Khan បានទៅត្រួតពិនិត្យដោយផ្ទាល់ នៅស្ថានភាពដាច់ភ្លើង។ ក្រុមជំនាញបានបញ្ជូនទៅកាន់រោងចក្រអគ្គិសនី ដើម្បីជួសជុល ហើយលោកក៏បានអំពាវនាវដល់ពលរដ្ឋ រក្សាការអត់ធ្មត់ កុំអន្ទះសារ។
លោកAbib Qaiyum Suleri ទីប្រឹក្សាសេដ្ឋកិច្ចរបស់នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា នាយករដ្ឋមន្ត្រី Imran Khan បានលើកឡើងថា ខ្សែភ្លើង មានថាមពល ៥០០ គីឡូវ៉ាត់បានដាច់។ ចរន្តអគ្គិសនីត្រូវបានតភ្ជាប់វិញ នៅវេលាម៉ោង២ព្រឹក៕
ដោយ៖ធី រីណា