ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោកស្រី ដឹកនាំក្រុមការងារ និងក្រុមកីឡាករក្លិបបាល់ទាត់វិសាខា បំពេញទស្សនកិច្ច ដើម្បីសិក្សាឈ្វេងយល់អំពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធនៅបណ្ឌិត្យសភានគរបាលកម្ពុជា នៃក្រសួងមហាផ្ទៃ ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកមានប្រសាសន៍ថា, ក្នុងឱកាសនោះ ក៏មានការប្រកួតកីឡាបាល់ទាត់មិត្តភាព រវាងក្រុមកីឡាករបាល់ទាត់បណ្ឌិត្យសភានគរបាលកម្ពុជា ជាមួយក្រុមកីឡាករក្លិបវិសាខា ប្រកបដោយបរិយាកាសសប្បាយរីករាយ នាទីលានបាល់ទាត់បណ្ឌិត្យសភានគរបាលកម្ពុជា ផងដែរ។
បន្ទាប់ពីបញ្ចប់ការប្រកួតកីឡាបាល់ទាត់មិត្តភាព ក្រុមការងារ និងក្រុមកីឡាករក្លិបវិសាខា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា បានទទួលទានអាហារសាមគ្គីថ្ងៃត្រង់ យ៉ាងឈ្ងុយឆ្ងាញ់ ប្រកបដោយបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង ។
លោកបន្តថា, តាងនាមឲ្យក្រុមការងារ និងក្រុមកីឡាករក្លិបវិសាខា សូមថ្លែងអំណរគុណចំពោះ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានអនុញ្ញាត និងរៀបចំកម្មវិធីយ៉ាងល្អ និងសូមគោរពជូនពរដល់ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រធាន អនុប្រធាន និងមន្ត្រីនៃបណ្ឌិត្យសភានគរបាលកម្ពុជា ទាំងអស់ ជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ, សិលា