អន្តរជាតិ៖ បេីតាមការអះអាងពីអាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ បានបញ្ជាក់ថា ខ្លួនកំណត់បានទីតាំងប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់ទៅក្នុងសមុទ្រមិនឆ្ងាយប៉ុន្មានពីទីក្រុងហ្សាការតា។ ខណៈក្រុមអ្នកស្រាវជ្រាវ និងអាជ្ញាធរអាកាសចរណ៍ក៏ប៉ាន់ប្រមាណថា យន្តហោះដែលផ្ទុកមនុស្សចំនួន៦២នាក់នេះ បាក់ជាបំណែកៗនៅពេលធ្លាក់បុកទៅក្នុងផ្ទៃទឹក ។
អាជ្ញាធរ បន្ថែមទៀតថា ខ្លួនកំណត់បានទីតាំងប្រអប់ខ្មៅរបស់យន្តហោះ។ ព្រោះប្រអប់ខ្មៅ គឺជាឧបករណ៍ដែលរក្សាទុកទិន្ន័យនៃការហោះហើរ (FDR) និងសំឡេងនៅកន្លែងបើកបរ (CVR)។ ហេីយការស្រង់បានឧបករណ៍នេះ នឹងជួយឲ្យដឹងពីមូលហេតុនៃការធ្លាក់យន្តហោះ។ ក្នុងប្រតិបត្តិការស្វែងរកបំណែកយន្តហោះ និងអ្នកដែលអាចនៅមានជីវិត ក្រុមរុករកប្រទះឃើញបំណែកសាកសពសម្លៀកបំពាក់ អាវពោង ក៏ដូចជាបំណែកកន្ទុយយន្តហោះដែលធ្លាក់របស់អាកាសចរណ៍ Sriwijaya ។
បេីតាមលោក Soerjanto Tjahjanto ប្រធានភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ី បានបញ្ជាក់ដែរថា៖«យើងកំណត់បានទីតាំងប្រអប់ខ្មៅទាំងពីរ»។ លោកប្រធានភ្នាក់ងារ បន្ថែមថា ក្រុមមុជទឹកដែលបំពាក់ជាមួយឧបករណ៍ស្វែងរកត្រូវបានបញ្ជូនទៅទីតាំងដែលបានកំណត់នោះ ហើយថា ពួកគេអាចនឹងរកឃើញឧបករណ៍ទាំងពីរដោយសារតែទីកន្លែងដែលធ្លាក់មានជម្រៅប្រមាណ២៣ម៉ែត្រ និងមានពន្លឺគ្រប់គ្រាន់។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
ជាក់ស្តែងកាលពីថ្ងៃទី១០ មករាម្សិលមិញនេះ ក្រុមសង្គ្រោះរកឃើញសាកសពចំនួនប្រាំ។ ស្របពេលជាមួយគ្នានេះ ប៉ូលីសក៏បានស្នើសុំព័ត៌មានស្តីពីសុខភាពធ្មេញ និងសំណាក DNA ពីគ្រួសារអ្នកនៅលើយន្តហោះ ដើម្បីអាចកំណត់អត្តសញ្ញាណសាកសពដែលរកឃើញ។
ដោយឡែកអ្នកវិភាគអាកាសចរណ៍ ដែលមានទីតាំងនៅឥណ្ឌូណេស៊ី លោក Gerry Soejatman ក៏បានអះអាងថា អាកាសធាតុមិនល្អកំហុសអាកាសយានិក ឬបញ្ហាបច្ចេកទេសអាចជាមូលហេតុនៃការធ្លាក់យន្តហោះ។ ប៉ុន្តែលោកះអាងថា វាជារឿងលឿនពេកក្នុងការសន្និដ្ឋានដោយគ្មានប្រអប់ខ្មៅ។ ចំណែកលោកSoerjanto លើកឡើងថា យន្តហោះនេះមិនផ្ទុះនៅកណ្តាលអាកាសឡើយ បើសិនជាយន្តហោះនេះផ្ទុះនៅលើមេឃ នោះបំណែកនឹងសាយភាយលើផ្ទៃទឹកធំជាងនេះ។
សូមជម្រាបថា យន្តហោះBoeing 737-500 នៃក្រុមហ៊ុនអាកាសចរណ៍ Sriwijaya ជើងហោះហើរ SJ 182 ផ្ទុកមនុស្សចំនួន៦២នាក់ ដែលក្នុងនោះមានក្រុមការងារ១២នាក់ និងកុមារចំនួន១០នាក់ បាត់ខ្លួនពីរាដា ក្រោយពេលហោះចេញពីអាកាសយានដ្ឋានហ្សាការតារយៈពេល៤នាទីទៅកាន់តំបន់ Pontianak ភាគខាងលិចកោះកាលីម៉ាន់តាន់។ យន្តហោះនេះហោះឡើងទៅដល់រយៈកម្ពស់៣៣២២ម៉ែត្រក្នុងរយៈពេល៤នាទី បន្ទាប់មកយន្តហោះចាប់ផ្តើមដាំក្បាលចុះ និងឈប់បញ្ជូនទិន្ន័យហោះហើរនៅរយៈពេល២១វិនាទីបន្ទាប់ ហើយហោះចេញពីគន្លងដែលបានកំណត់ទុក។
គួរបញ្ជាក់ថា ឥណ្ឌូណេស៊ី ចំពោះវិស័យអាកាសចរណ៍ ពុំសូវមានកំណត់ត្រាសុវត្ថិភាពល្អប៉ុន្មានឡើយ។ ខណៈក្រុមហ៊ុនអាកាសចរណ៍ប្រទេសនេះ ត្រូវបានហាមមិនឲ្យហោះហើរក្នុងដែនអាកាសអឺរ៉ុប និងអាមេរិកពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨។ ក្នុងរបាយការណ៍ស៊ើបអង្កេតឥណ្ឌូណេស៊ី មូលហេតុចម្បងនៃការធ្លាក់យន្តហោះក្នុងប្រទេសនេះ បណ្តាលមកពីបញ្ហាក្នុងការបញ្ជាទិសដៅយន្តហោះ ការថែទាំមិនបានល្អនិងការឆ្លើយតបមិនបានទាន់ពេល និងគ្រប់គ្រាន់របស់អ្នកបើកបរ៕ដោយ៖ស តារា
រូបភាព៖EPA