អាជ្ញាធរ​ឥណ្ឌូណេស៊ី បញ្ជាក់ថា៖ ខ្លួន​កំណត់​បាន​ទីតាំង​ប្រអប់​ខ្មៅ​របស់​យន្តហោះ​ដែល​ធ្លាក់​ក្នុង​សមុទ្រ​ហេីយ

ចែករំលែក៖

អន្តរជាតិ៖ បេីតាមការអះអាងពីអាជ្ញាធរឥណ្ឌូណេស៊ី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះបានបញ្ជាក់ថា ខ្លួនកំណត់បានទីតាំងប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់ទៅក្នុងសមុទ្រមិនឆ្ងាយប៉ុន្មានពីទីក្រុងហ្សាការតា ខណៈក្រុមអ្នកស្រាវជ្រាវ និងអាជ្ញាធរអាកាសចរណ៍ក៏ប៉ាន់ប្រមាណថា យន្តហោះដែលផ្ទុកមនុស្សចំនួន៦២នាក់នេះ បាក់ជាបំណែកៗនៅពេលធ្លាក់បុកទៅក្នុងផ្ទៃទឹក

អាជ្ញាធរបន្ថែមទៀតថា ខ្លួនកំណត់បានទីតាំងប្រអប់ខ្មៅរបស់យន្តហោះ ព្រោះប្រអប់ខ្មៅគឺជាឧបករណ៍ដែលរក្សាទុកទិន្ន័យនៃការហោះហើរ (FDR) និងសំឡេងនៅកន្លែងបើកបរ (CVR)​ ហេីយការស្រង់បានឧបករណ៍នេះ នឹងជួយឲ្យដឹងពីមូលហេតុនៃការធ្លាក់យន្តហោះក្នុងប្រតិបត្តិការស្វែងរកបំណែយន្តហោះ និងអ្នកដែលអាចនៅមានជីវិត ក្រុមរុករកប្រទះឃើញបំណែកសាកសពសម្លៀកបំពាក់ អាវពោង ក៏ដូចជាបំណែកកន្ទុយយន្តហោះដែលធ្លាក់របស់អាកាសចរណ៍ Sriwijaya

បេីតាមលោក Soerjanto Tjahjanto ប្រធានភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូនឥណ្ឌូណេស៊ីបានបញ្ជាក់ដែរថា៖​«​យើងកំណត់បានទីតាំងប្រអប់ខ្មៅទាំងពីរ​»​​ លោកប្រធានភ្នាក់ងារបន្ថែមថា ក្រុមមុជទឹកដែលបំពាក់ជាមួយឧបករណ៍ស្វែងរកត្រូវបានបញ្ជូនទៅទីតាំងដែលបានកំណត់នោះ ហើយថា ពួកគេអាចនឹងរកឃើញឧបករណ៍ទាំងពីរដោយសារតែទីកន្លែងដែលធ្លាក់មានជម្រៅប្រមាណ២៣ម៉ែត្រ និងមានពន្លឺគ្រប់គ្រាន់ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters​

ជាក់ស្តែងកាលពីថ្ងៃទី១០ មករាម្សិលមិញនេះ ក្រុមសង្គ្រោះរកឃើញសាកសពចំនួនប្រាំស្របពេលជាមួយគ្នានេះ ប៉ូលីសក៏បានស្នើសុំព័ត៌មានស្តីពីសុខភាពធ្មេញ និងសំណាក DNA ពីគ្រួសារអ្នកនៅលើយន្តហោះ ដើម្បីអាចកំណត់អត្តសញ្ញាណសាកសពដែលរកឃើញ

ដោយឡែកអ្នកវិភាគអាកាសចរណ៍ដែលមានទីតាំងនៅឥណ្ឌូណេស៊ី លោក Gerry Soejatman ក៏បានអះអាងថា​ ​អាកាសធាតុមិនល្អកំហុសអាកាសយានិក បញ្ហាបច្ចេកទេសអាចជាមូលហេតុនៃការធ្លាក់យន្តហោះ ប៉ុន្តែលោកះអាងថា វាជារឿងលឿនពេកក្នុងការសន្និដ្ឋានដោយគ្មានប្រអប់ខ្មៅ ចំណែកលោក​Soerjanto លើកឡើងថា យន្តហោះនេះមិនផ្ទុះនៅកណ្តាលអាកាសឡើយ បើសិនជាយន្តហោះនេះផ្ទុះនៅលើមេឃ នោះបំណែកនឹងសាយភាយលើផ្ទៃទឹកធំជាងនេះ

សូមជម្រាបថាយន្តហោះ​Boeing 737-500 នៃក្រុមហ៊ុនអាកាសចរណ៍ Sriwijaya ជើងហោះហើរ SJ 182 ផ្ទុកមនុស្សចំនួន៦២នាក់ ដែលក្នុងនោះមានក្រុមការងារ១២នាក់ និងកុមារចំនួន១០នាក់ បាត់ខ្លួនពីរាដា ក្រោយពេលហោះចេញពីអាកាសយានដ្ឋានហ្សាការតារយៈពេលនាទីទៅកាន់តំបន់ Pontianak ភាគខាងលិចកោះកាលីម៉ាន់តាន់ យន្តហោះនេះហោះឡើងទៅដល់រយៈកម្ពស់៣៣២២ម៉ែត្រក្នុងរយៈពេលនាទី បន្ទាប់មកយន្តហោះចាប់ផ្តើមដាំក្បាលចុះ និងឈប់បញ្ជូនទិន្ន័យហោះហើរនៅរយៈពេល២១វិនាទីបន្ទាប់ ហើយហោះចេញពីគន្លងដែលបានកំណត់ទុក

គួរបញ្ជាក់ថា​ ​ឥណ្ឌូណេស៊ី ចំពោះវិស័យអាកាសចរណ៍ពុំសូវមានកំណត់ត្រាសុវត្ថិភាពល្អប៉ុន្មានឡើយ ខណៈក្រុមហ៊ុនអាកាសចរណ៍ប្រទេសនេះ ត្រូវបានហាមមិនឲ្យហោះហើរក្នុងដែនអាកាសអឺរ៉ុប និងអាមេរិកពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៨ ក្នុងរបាយការណ៍ស៊ើបអង្កេតឥណ្ឌូណេស៊ី មូលហេតុចម្បងនៃការធ្លាក់យន្តហោះក្នុងប្រទេសនេះ បណ្តាលមកពីបញ្ហាក្នុងការបញ្ជាទិសដៅយន្តហោះ ការថែទាំមិនបានល្អនិងការឆ្លើយតបមិនបានទាន់ពេល និងគ្រប់គ្រាន់របស់អ្នកបើកបរ៕ដោយ៖សតារា

រូបភាព៖EPA

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print