ភ្នំពេញ៖ ដើមឈើធំៗចំនួន៣ដើមក្នុង ចំណោមដើមឈើប្រមាណ៥០ដើមនៅលើសួនច្បារកាណាឌីយ៉ា មុខមន្ទីរពេទ្យអង្គឌួងស្ថិតនៅក្នុងខណ្ឌដូនពេញ ដែលអាជ្ញាធររាជធានីភ្នំពេញ ក្រោមការឯកភាពពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានសម្រេចឱ្យកាប់យកចេញហើយដាំថ្មីជំនួសនោះ មកដល់ពេលនេះ ត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចថាមិនឲ្យកាប់យកចេញនោះទេ មានតែការដាំថ្មីបន្ថែមទៀត ។
ការសម្រេចបែបនេះបានធ្វើឡើងខណៈ ដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែងនាព្រឹកថ្ងៃទី១២ ខែមករាឆ្នាំ២០២១នេះ ។
ក្នុងដំណើរនៃការចុះពិនិត្យដើមឈើនេះ លោកឃួង ស្រេង បានមានប្រសាសន៍
បញ្ជាក់ថា ដើមឈើទាំងបីដើមនេះមិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន ។ លោកបាន បញ្ជាឲ្យមន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសហការគ្នាមើលថែ ដោយធ្វើបានត្រឹមតែលះមែកឬកាត់មែកដែលស្អុយចេញបាន ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
លោកឃួង ស្រេងបានបញ្ជាក់យ៉ាងច្បាស់ថា នៅរាជធានីភ្នំពេញគ្មានការកាប់ដើមឈើយកចេញទេ មានតែការដាំថ្មីបន្ថែម ដើម្បីឱ្យទីក្រុងក្លាយជាទីក្រុង
មានពណ៌បៃតង មានបរិស្ថានល្អ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងកាលពីថ្ងៃទី៨ ខែមករាកន្លងទៅនេះថា ដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខមន្ទីរពេទ្យព្រះអង្គឌួងមានចំនួនប្រមាណ៥០ដើម ហើយក្នុងចំនួនដើមឈើធំៗទាំងនេះ អាជ្ញាធររាជធានីភ្នំពេញ ដោយមានការឯកភាពពីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានសម្រេចកាប់យកចេញ និងដាំដើមឈើថ្មីជំនួសវិញ ដោយសារតែដើមឈើទាំង៣ដើមនេះ ពុកគល់ ប្រហោងក្នុង ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកដំណើរជាយថាហេតុ។ តែមកដល់ថ្ងៃទី១២ខែមករាឆ្នាំ២០២១នេះ ខណៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដឹកនាំមន្ត្រីជំនាញនិងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើមនេះជាក់ស្តែង លោកបានសម្រេចជាថ្មីថា មិនអនុញ្ញាតឲ្យកាប់យកចេញចំពោះដើមឈើទាំងបីដើមនេះជាដាច់ខាត មានតែការដាំថ្មីបន្ថែមទៀត ប៉ុណ្ណោះ៕
សំរិត