ភ្នំពេញ៖ នៅក្នុងសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឺងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ជ្រាបថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែធ្នូ ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែវិច្ឆិកា និងខែមុនៗ កន្លងមកក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។ ដើម្បីចៀសវាងការអនុវត្តនូវវិធានការផ្សេងៗបន្តបន្ទាប់ទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តារួសរាន់បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឱ្យបាន ទាន់ពេលវេលាកំណត់នៅត្រឹមខែមករា ឆ្នាំ២០២១នេះ។
ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ អតិថិជនមានអាយឌី ID (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ហាទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, True MONEY, លីហួរវេរលុយ និងPiPay។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុកផ្លូវការរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ ឬតាម លេខទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥ ៕ សំរិត