កូរ៉េខាងត្បូង៖ រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងព្យាយាមបញ្ចប់ការចរចាទិញយកវ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្ស១០លាននាក់បន្ថែមទៀត ពីក្រុមហ៊ុនផលិតវ៉ាក់សាំងមួយផ្សេងទៀត នេះបើតាមព័ត៌មានរាយការណ៍ក្នុងសារព័ត៌មាន Yonhap News ហើយចេញផ្សាយដោយគេហទំព័រ (ខ្មែរនៅកូរ៉េ News)។
តាមរយៈគេហទំព័រ (ខ្មែរនៅកូរ៉េ News) បានបញ្ជាក់ថា, បើតាមប្រភពព័ត៌មានរាយការណ៍តាមសារព័ត៌មាន Yonhap News បានឱ្យដឹងថារដ្ឋាភិបាលកូរ៉េកំពុងធ្វើការចរចាជាមួយក្រុមហ៊ុនអាម៉េរិក Novavax ដើម្បីទិញយកវ៉ាក់សាំងកូវីដ-១៩ អាចយកមកប្រើប្រាស់បាននៅក្នុងអំឡុងត្រីមាសទីពីរនៃឆ្នាំ២០២១នេះ សម្រាប់មនុស្សដល់ទៅ១០លាននាក់។
កន្លងមកប្រទេសកូរ៉េខាងត្បូងបានធ្វើការបញ្ជាទិញរួចរាល់វ៉ាក់សាំងកូវីដ-១៩ សម្រាប់មនុស្សដល់ទៅ៥៦លាននាក់ ពីក្រុមហ៊ុនវេជ្ជាសាស្រ្ត៤ធំៗមានក្រុមហ៊ុន Pfizer ក្រុមហ៊ុន Moderna ចំនួន២០លានដូស ក្រុមហ៊ុន Johnson & Johnson’s Janssen របស់សហរដ្ឋអាម៉េរិក ចំនួន៦លានដូស និងក្រុមហ៊ុន AstroZeneca របស់អង់គ្លេស ចំនួន២០លានដូសដែរ ហើយនិងពីគម្រោងចែកចាយវ៉ាក់សាំងកូវីដរបស់អង្គការសុខភាពពិភពលោកឈ្មោះថា COVAX។
វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Novavax នេះអាចធ្វើការដឹកជញ្ជូន និងរក្សាទុកនៅសីតុណ្ហភាពត្រជាក់ស្តង់ដារធម្មតា ដែលមានលក្ខណៈស្រួលក្នុងការគ្រប់គ្រងជាងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ដែលត្រូវដាក់រក្សាទុកនៅសីតុណ្ហភាពត្រជាក់ខ្លាំង ដែលត្រូវជាឧបសគ្គនៃបញ្ហារៀបចំទីតាំងសម្រាប់ផ្ទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវផងដែរ។
បើទោះបីជាចំនួនវ៉ាក់សាំងបានបញ្ជាទិញរួចរាល់ដល់ទៅសម្រាប់មនុស្ស៥៦លាននាក់ ដែលគ្រប់គ្រាន់សម្រាប់ប្រជាជនកូរ៉េខាងត្បូង ៥២លាននាក់ហើយក៏ដោយ អជ្ញាធរសុខាភិបាលកូរ៉េនៅតែបន្តធ្វើការចរចាទិញយកវ៉ាក់សាំងមកបន្ថែមមួយចំនួនទៀត ដើម្បីត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហានានាដែលអាចកើតមានឡើងមើលមិនឃើញ ចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង។
សូមបញ្ជាក់ថា លោកប្រធានាធិបតី មូន ជេអ៊ីន បានបញ្ជាក់យ៉ាងច្បាស់ចំពោះប្រជាជនកូរ៉េទូទាំងប្រទេស ថាកម្មវិធីចាក់វ៉ាក់សាំងនេះនឹងត្រូវផ្តល់ជូនប្រជាជនកូរ៉េខាងត្បូងគ្រប់ៗរូបដោយមិនគិតថ្លៃ ហើយនឹងត្រូវផ្តល់ទៅតាមដំណាក់កាល និងតាមគោលដៅអាទិភាព។ យ៉ាងណាមិញ ការទទួលចាក់វ៉ាក់សាំង ឬអត់ជាជម្រើសការស្ម័គ្រចិត្តផ្ទាល់ខ្លួន៕ដោយ, សិលា